ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឌូតឺតេ​ត្រៀម​តតាំង​ក្ដី​នៅ​ ICC ពាក់​ព័ន្ធ​នឹង​ការ​ស.ម្លា.ប់​មនុស្ស​នៅ​អំឡុង​​សង្គ្រាម​ប្រឆាំង​គ្រឿ.ង​ញៀ.ន

1 ម៉ោង មុន

ទី​ក្រុង​ឡា​អេ៖ អតីត​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ឌូតឺតេ​ ត្រៀម​ឡើង​រង្វង់​ក្រចក​សេះ​នៅ​តុលាការ​ទី​ក្រុង​ឡា​អេ​ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាល​ពី​អំឡុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​​។ ការ​បើក​សវនា​ការ​ជំនុំ​ជម្រះ​ទោស​លោក​ឌូតឺតេ​លើក​នេះ​ជា​ចំណុច​ចេញ​ដំណើរ​ដ៏​សំខាន់​មួយ​សម្រាប់​តុលាការ​ព្រហ្ម​ទណ្ឌ​​អន្តរ​ជាតិ​ដែល​មាន​អាយុ​កាល​២៤​ឆ្នាំ​ ហើយ​វា​នឹង​ក្លាយ​ជា​វិញ្ញា​សា​សាក​ល្បង​សមត្ថ​ភាព​របស់​តុលាការ​​ដើម្បី​ចង់​ដឹង​ថា​តើ​ស្ថាប័ន​យុត្តា​ធិការ​មួយ​នេះ​អាច​កាត់​ទោស​អតីត​​មេ​ដឹក​នាំ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​នានា​ដែល​ប្រព្រឹត្ត​ឡើង​កាល​ពី​ពេល​ពួក​គេនៅ​កាន់​អំណាច​​បាន​ដែរ​ឬ​ទេ​ ឬ​ក៏​ថា​កាត់​ទោស​បាន​ល្អ​កម្រិត​ណា​។

តុលាការ​ក៏​កំពុង​ទទួល​រង​សម្ពាធ​សម្បើម​ណាស់​ដែរ​ ទាំង​ថវិកា និង​សន្តិ​សុខ​។ ដូច​ជា​ករណី​លោក​ត្រាំ​ផ្ដាច់​ជំនួយ​ ខណៈ​ដែល​រុស្ស៊ី​ព្រមាន​បាញ់​មីស៊ីល​ដាក់​ទី​ស្នាក់ការ​របស់​តុលាការ​បើ​ហ៊ាន​កាត់​ទោស​លោក​ពូទីន​​​។ ចំណុច​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ការ​ចេញ​និវេទន៍​ក្រហម​របស់​តុលាការ​នេះ​ដើម្បី​ចាប់​ខ្លួន​លោក​ពូទីន និង​លោក​ណឺតាន់​យ៉ាហ៊ូ​យក​ទៅ​កាត់​ទោស​។ ដោយ​ឡែក​ ងាក​មក​សំណុំ​រឿង​ឌូតឺតេ​វិញ​ម្ដង​ ក្រុម​មេធាវី​របស់​លោក​បាន​លើក​ទឡ្ហីករណ៍​ថា​សំណុំ​រឿង​​រាប់​សិប​ករណី​ដែល​តុលាការ​ចោទ​ប្រកាន់​ទៅ​លើ​កូន​ក្ដី​របស់​ខ្លួន​មិន​អាច​រាប់​បញ្ចូល​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទេ​។

ក្រុម​មេធាវី​អះ​អាង​ថា​កូន​ក្ដី​របស់​ខ្លួន​ដែល​សព្វ​ថ្ងៃ​មាន​វ័យ​កាន់​តែ​ចាស់​ជរាណាស់​ទៅ​ហើយ​ (៨១​ឆ្នាំ) មិន​មាន​សុខ​ភាព​ល្អ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​​​សវនា​ការ​ឱ្យ​បាន​ពេញ​លេញ​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី សម្រាប់​សាច់​ញាតិ និង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ដោយ​សារ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​នៅ​ហ្វ៊ី​លី​ពីន​​ចាត់​ទុក​ថា​នេះ​ជា​ឱកាស​​ស្វែង​រក​យុត្តិ​ធម៌​ជូន​អ្នក​ទាំង​នោះ​។ សូម​រំលឹក​ថា​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សមត្ថ​កិច្ច​បាញ់​សម្លាប់​ពី​បទ​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​នោះ ក្រុម​សិទ្ធិ​មនុស្ស​អះ​អាងថា​អ្នក​ខ្លះ​ត្រូ​វគេ​បាញ់​សម្លាប់​ទាំង​គ្មាន​កំហុស​ទេ​។

ពោល​គឺ​អ្នក​ខ្លះ​មិន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ទាល់​តែ​សោះ។ ពួក​គេ​គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ ឬ​ធ្វើ​សកម្ម​ភាព​គួរ​ឱ្យ​សង្ស័យ​ ដូច​ជា​ធ្វើ​ដំណើរ​នៅ​ពេល​យប់​អធ្រាត្រ​ជា​ដើម​ ​ក៏​រង​ការ​បាញ់​សម្លាប់​តែ​ម្ដង​។ ​អ្នក​ស្រី​ល័រ​រ៉េ​ ប៉ាស់​ស្កូ (Llore Pasco) វ័យ​៧២​ឆ្នាំ​ ជា​ម្ដាយ​របស់​អ្នក​ដែល​ត្រូវ​សមត្ថ​កិច្ច​បាញ់​សម្លាប់​។ គាត់​ប្រាប់​ថា​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​ឌូតឺតេ​បាន​ឆក់​យក​ជីវិត​កូន​ប្រុស​របស់​គាត់​២​នាក់​។

អ្នក​ស្រី​កំពុង​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ម៉ានីឡា​ទៅ​ទី​ក្រុង​ឡាអេ​ដើម្បី​ចូល​រួម​​សវនា​ការ​។ អ្នក​ស្រី​អះ​អា​ង​​ថា​យុគ​ខ្មៅ​ងងឹត​នៃ​ឆាក​ជីវិត​របស់​អ្នក​ស្រី​ចាប់​ផ្ដើម​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ អ្នក​ស្រី​ទទួល​ស្គាល់​ថា​កូន​ប្រុស​ទាំង​២​នាក់​នោះ​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ពិត​មែន​។ ប៉ុន្តែ​ពួក​គេ​​កែ​ខ្លួន​តាំង​ពី​យូរ​មក​ហើយ។ នៅ​សុខ​ៗ ពួក​គេ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទី​ក្រុង​កេ​ហ្សន (Quezon) កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧​។ ការ​បាញ់​សម្លាប់​នោះ​កើត​ឡើង​ជា​ច្រើន​ខែ​ក្រោយ​ពេល​អាជ្ញា​ធរ​ទៅ​គោះ​ទ្វារ​ផ្ទះ​របស់​ពួក​គេ​ និង​សួរ​នាំ​អំពី​ប្រវត្តិ​ប្រើ​គ្រឿង​ញៀន​របស់​ពួក​គេ​។​

អ្នក​ស្រី​ចាត់​ទុក​ថា​លោក​ឌូតឺតេ​មាន​សំណាង​ហើយ​ដែល​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​​ក្ដី​ទៅ​តាម​ផ្លូវ​ច្បាប់​ ខុស​ពី​គ្រួសារ​របស់​អ្នក​ស្រី​ដែល​គ្មាន​ការ​ជំនុំ​ជម្រះ​អ្វី​ទាំង​អស់​ គឺបាញ់​សម្លាប់​ឆៅ​ៗ​តែ​ម្ដង​។ គួរ​កត់​សម្គាល់​ថា​​ ICC ​​បើក​សវនា​ការ​កាត់​ទោស​លោក​ឌូតឺតេ​​លើក​នេះ​ធ្វើ​ឡើង​​ក្រោម​​បរិយាកាស​​ដ៏​អាប់​អួរ​​ព្រោះ​​​រដ្ឋ​បាល​រប់ស​លោក​ត្រាំ​ដាក់​ទណ្ឌ​កម្ម​បុគ្គលិកមួយ​ចំនួន​របស់​តុលាការ ហើយ​ឈាន​ទៅ​ដល់​ការ​ដាក់​ទណ្ឌ​កម្ម​ស្ថាប័ន​នេះ​ទាំង​មូល​តែ​ម្ដង​តាម​យុទ្ធ​សាស្ត្រ​ហែក​ជា​ចម្រៀក​ៗ​ដើម្បី​កម្ទេច​ម្ដង​មួយ​ៗ​​ឱ្យ​ទាល់​តែ​ដល់​ឫស​គល់​​៕ ប្រភព៖ AP