អ្នកប្រើប្រាស់អគ្គិសនីនៅក្រុងកំពង់ចាម នាំគ្នារអ៊ូ ព្រោះភ្លើងខ្សោយ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ពីមុនមកមានម៉ាស៊ីនភ្លើងសម្រាប់បញ្ឆេះនៅក្នុងអង្គភាពអគ្គិសនីកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ សម្រាប់បំភ្លឺតាមលំនៅដ្ឋានរបស់ពលរដ្ឋទាំង៤សង្កាត់ និងតំបន់ខាងក្រៅរាប់ម៉ឺនផ្ទះឯណោះ តែមកដល់សព្វថ្ងៃ ត្រូវបានប្រើប្រាស់ភ្លើងវារីអគ្គិសនីជំនួសវិញ តែចៃដន្យអីនៅម៉ោងប្រហែល ៤ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដាច់ លុះពេលភ្លើងភ្លឺវិញ បែរជាមិនគ្រប់វ៉ុល ធ្វើឲ្យអំពូលម៉ែត្រភ្លឺឡើងក្រហម និងកង្ហារវិលមួយៗ។
ប្រភពពីប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងអគ្គិសនីកំពង់ចាមបានលើកហេតុផលថា ពួកគាត់បានប្រើប្រាស់ភ្លើងអគ្គិសនីចូលតាមផ្ទះនីមួយៗដោយបានប្រើជាយូរមកហើយ តាំងតែពីពេលដែលមានម៉ាស៊ីនភ្លើងនៅក្នុងសង្កាត់កំពង់ចាម ហើយក្រោយមកម៉ាស៊ីនភ្លើងត្រូវបានផ្លាស់ប្ដូរទីកន្លែងទៅដាក់នៅសង្កាត់បឹងកុកវិញ។ ការប្រើប្រាស់ចរន្តអគ្គិសនីពេលដែលភ្លើងដាច់មួយសន្ធុះបានភ្លឺឡើងវិញធ្វើឲ្យឧបករណ៍ប្រើប្រាស់ ក្នុងនោះមាន ទូទឹកកក ម៉ាស៊ីនត្រជាក់ កង្ហារ ព្រមទាំងរបស់ប្រើប្រាស់មួយចំនួនទៀតគឺបើកមិនបានដោយសារភ្លើងមិនគ្រប់វ៉ុល។
ពលរដ្ឋបានលើកឡើងទៀតថា ស្រាប់តែនៅវេលាម៉ោងប្រមាណ៤យប់ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៦ ភ្លើងអគ្គិសនីក៏បានដាច់បន្តិចក្រោយមកភ្លឺឡើងវិញ តែរបស់ប្រើប្រាស់មានអំពូលម៉ែត្របើកទៅភ្លឺឡើងក្រហម និងកង្ហារបើកទៅវិលយឺតមួយៗ មានន័យថាភ្លើងដែលមកវិញ គឺមិនគ្រប់២២០វ៉ុលនោះទេ។ ដោយខ្លាចខូចឧបករណ៍មានទូទឹកកក រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ ពួកគាត់បានបិទជាបណ្ដោះអាសន្នរហូតមកដល់វេលាម៉ោងប្រហែលជាង ៧ព្រឹក ទើបភ្លើងឡើងមកគ្រប់វ៉ុលឡើងវិញ។ ពលរដ្ឋជាច្រើនបានលើកហេតុផលថាមិនត្រឹមតែនៅសង្កាត់វាលវង់ទេដែលដាច់នៅផ្លូវថ្មីក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមក៏ដាច់ដែរ។
នេះជាហេតុការណ៍កម្រមួយដែលមិនធ្លាប់ជួបកាលពីមុនមកនោះទេ។
ចំណែកលោកចេង សុផល ប្រធានអង្គភាពអគ្គិសនីកំពង់ចាម បានប្រាប់តាមទូរសព្ទឱ្យដឹងនារសៀលថ្ងៃទី២៩ វិច្ឆិកាថា ចំពោះមូលហេតុនៃការដាច់ចរន្តអគ្គិសនីនេះ គឺអាចមកពីដាច់ខ្សែភ្លើងមេធំបីខ្សែណាមួយនៅតាមបង្គោលខ្ពស់ៗ ដែលមានភ្ជាប់ដោយដុំហ្វ្រង់កូ ហេតុនេះហើយទើបអាចធ្វើឲ្យភ្លើងរត់មិនគ្រប់ក្នុងករណី បើមានដាច់តាមខ្នងផ្ទះណាមួយអាចទាក់ទងក្រុមហតឡាញព្រោះមានគេប្រចាំការ២៤ម៉ោង ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ