វៀតណាម កំពុងតែបង្កើនការរកស៊ីជាមួយកម្ពុជា
- ភ្នំពេញ
សកម្មភាពសេដ្ឋកិច្ចវៀតណាមនៅកម្ពុជា កាន់តែមានឧត្តមភាព ដោយវៀតណាមកំពុងសម្រុកបង្កើនទាំងពាណិជ្ជកម្ម និង វិនិយោគ ។
តាមការចុះផ្សាយរបស់កាសែត Vietnam News កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ទុនវិនិយោគដែលវៀតណាមបោះមកក្នុងទីផ្សារវិនិយោគកម្ពុជា គឺមានទំហំរង្វង់៣,៤ ពាន់លានដុល្លារ ហើយពាណិជ្ជកម្មវិញ កាលពីឆ្នាំ២០២៥ គឺមានទំហំ១១,៤ ពាន់លានដុល្លារ ។
ប្រភពដដែលបានអះអាងថា ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា បានកើនឡើងដល់ប្រមាណ១១,៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលជាកំណើនជាង១២ភាគរយ ហើយក្នុងរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំជិត៨,៧ពាន់លានដុល្លារ ។ បច្ចុប្បន្ននេះ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅក្នុងអាស៊ាន។
ក្រៅពីនោះវៀតណាម បានវិនិយោគទឹកប្រាក់ចំនួន៣,៤ ពាន់លានដុល្លារ ក្នុងគម្រោងវិនិយោគចំនួន ២២៣ នៅកម្ពុជា ដែលគ្របដណ្តប់លើវិស័យកសិកម្ម ទូរគមនាគមន៍ ហិរញ្ញវត្ថុ និងធនាគារ អាកាសចរណ៍ ការកែច្នៃចំណីអាហារ ពាណិជ្ជកម្ម និងសេវាកម្ម ។ ក្នុងពេលជាមួយគ្នានេះ ធុរជនកម្ពុជា ក៏បានវិនិយោគលើគម្រោងចំនួន៥០ នៅវៀតណាម ដោយមានទុនវិនិយោគសរុបចំនួន ៨១,៦ លានដុល្លារដែរ៕
ចែករំលែកព័តមាននេះ