រាជធានីភ្នំពេញ ៖ ឪពុកម្ដាយអាណាព្យាបាលសិស្ស នៃសាលាបឋមសិក្សាទួលកី បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព សុខភាពកូនៗរបស់ពួកគាត់ ខណៈនៅសាលាមួយនេះ មានសិស្សច្រើនលើសលុបរហូតធ្វើឲ្យគណៈនាយកសាលាសម្រេចចិត្តច្របាច់ថ្នាក់រៀនបញ្ចូលគ្នា២ថ្នាក់ ទៅជា១ថ្នាក់វិញ ព្រោះតែខ្វះគ្រូបង្រៀន។ ក្រោយពេលប្រើវិធីបែបនេះ បានធ្វើឲ្យសិស្សក្នុង១ថ្នាក់ កើនឡើងរហូតដល់ទៅ១៤០ ឬ១៥០នាក់ អង្គុយប្រជ្រៀតគ្នា ណែនក្ដន់។ បញ្ហាខ្វះគ្រូ រហូតច្របាច់ថ្នាក់រៀនបញ្ចូលគ្នានេះ ក៏បានផ្ដើមចេញពីគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់ បានលាឈប់ ព្រោះតែពួកគាត់បង្រៀន៣ឆ្នាំហើយ ពុំបានក្លាយជាគ្រូពេញសិទ្ធិ ឬជាគ្រូជាប់កិច្ចសន្យាឡើយ ជាពិសេស សូម្បីតែប្រាក់ឧបត្ថម្ភពីអាជ្ញាធរខណ្ឌ និងក្រសួង ឬមន្ទីរអប់រំ ក៏គ្មានផង ។
បន្ទាប់ពីមើលឃើញពីស្ថានភាពខាងលើ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឪពុកម្ដាយអាណាព្យាបាលសិស្ស ប្រមាណជាង២០០នាក់ ក៏បានលើកគ្នា ទៅកាន់សាលាបឋមសិក្សាទួលកី ខាងលើនោះ ដែលមានស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពួកគាត់បានស្នើសុំឲ្យលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ រំលែកថ្នាក់រៀន ដូចដើមវិញ ព្រោះតែមានការព្រួយបារម្ភ អំពីសុវត្ថិភាព និងសុខភាពកូនៗរបស់ពួកគាត់ ខ្លាចពួកគេខ្យលគ ឬជាន់គ្នាស្លា.ប់ជាដើម ហើយពួកគាត់ក៏បានស្នើសុំឲ្យអាជ្ញាធរ និងក្រសួង ឬមន្ទីរអប់រំ យុវជន និងកីឡា យកគ្រូស្ម័គ្រចិត្តមកបង្រៀនវិញ និងបញ្ចូលពួកគាត់ទៅជាគ្រូ ក្របខ័ណ្ឌរដ្ឋផង ។
បើតាមលោកគ្រូ អ្នកគ្រូ បានប្រាប់ថា សាលាបឋមសិក្សាទួលកីនេះ មានថ្នាក់រៀនចាប់តាំងពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ មានចំនួន១១ថ្នាក់ ហើយមានសិស្ស ទាំង២ភេទ មានសរុបចំនួន ៩២៨នាក់ ចំណែកលោកគ្រូ អ្នកគ្រូ មាន៨នាក់ លោកនាយក ១នាក់ លោកនាយករង ១នាក់ សរុប១០នាក់ ដោយមិនរាប់បញ្ចូលគ្រូបង្រៀនស្ម័គ្រចិត្ត ដែលបានឈប់ទៅ ២នាក់ឡើយ។ ហើយរៀន ចែកចេញជា ២វេន គឺពេលព្រឹក និងពេលថ្ងៃ។ កន្លងមក ដោយមានជំនួយពីគ្រូស្ម័គ្រចិត្ត ២នាក់ ជួយបង្រៀន បានធ្វើឲ្យសាលា បានដំណើរការទៅជាធម្មតា ថ្វីដ្បិត តែសិស្សក្នុងថ្នាក់នីមួយៗច្រើនបន្តិច ប៉ុន្តែគ្មានការព្រួយបារម្ភនោះទេ ប៉ុន្តែក្រោយពីគ្រូស្ម័គ្រចិត្ត ២នាក់ខាងលើ ឈប់ទៅ បានធ្វើឲ្យសាលាខ្វះគ្រូ រហូតឈានដល់ការច្របាច់ថ្នាក់រៀន បញ្ចូលគ្នាដោយយក ២ថ្នាក់ ធ្វើជា១ថ្នាក់ និងធ្វើឲ្យចំនួនសិស្សក្នុង១ថ្នាក់ៗ កើនដល់ទៅជាង១០០នាក់ អង្គុយរៀនប្រជ្រៀតគ្នា តែម្ដង ។
គ្រូបង្រៀនដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា គ្រូស្ម័គ្រចិត្តខាងលើ បានតស៊ូ ជួយបង្រៀនសិស្ស រយៈពេល៣ឆ្នាំមកហើយ ដោយនៅក្នុងឆ្នាំទី១ ខាងសាលាឧបត្ថម្ភឲ្យពួកគាត់ លុះដល់ឆ្នាំទី២ និងទី៣ គឺលោកគ្រូ អ្នកគ្រូ ក្នុងសាលាទាំងអស់ បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួន ម្នាក់បន្តិចៗ និងយកលុយដើរលេងប្រចាំឆ្នាំផង ជួយឧបត្ថម្ភបានម្នាក់៥០ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១ខែ ដើម្បីឲ្យពួកគាត់នៅបន្តជួយបង្រៀនសិស្ស។ ប៉ុន្តែដោយសារតែ ជីវភាពគ្រូស្ម័គ្រចិត្តក៏យ៉ាប់ ហើយយូរៗទៅគ្មានប្រាក់ឧបត្ថម្ភដល់ពួកគាត់ ហើយក៏ពុំបានក្លាយជាគ្រូពេញសិទ្ធិ ឬ ជាគ្រូជាប់កិច្ចសន្យា ដែលផ្ដល់ឲ្យពីអាជ្ញាធរខណ្ឌ និងក្រសួង ឬមន្ទីរអប់រំ ផងនោះ ទើបពួកគាត់គ្មានភាពកក់ក្ដៅ មិនអាចតស៊ូបង្រៀនតទៅទៀតបាន ហើយក៏បានលាឈប់ទៅ។ ដែលជាហេតុធ្វើឲ្យខ្វះគ្រូបង្រៀន ទើបមានការច្របាច់ថ្នាក់រៀនបញ្ចូលគ្នា បើមិនធ្វើបែបនេះទេគឺសិស្សមិនអាចរៀនកើតទេ មិនតែប៉ុណ្ណោះកន្លងមក ក៏មានការស្នើសុំទៅក្រសួង និងមន្ទីអប់រំ ដើម្បីបញ្ចូលគ្រូ២នាក់នោះ ជាគ្រូពេញសិទ្ធិដែរ ប៉ុន្តែស្ងាត់ឈឹង ដូចចោរលួចសេះ ។
ឪពុកម្ដាយអាណាព្យាបាលសិស្ស បាននិយាយថា ពួកគាត់លើកគ្នាទៅសាលា នាពេលនោះ គឺបន្ទាប់ពីបានដឹងថា សាលាខ្វះគ្រូបង្រៀន ហើយគ្រូស្ម័គ្រចិត្ត ដែលជួយបង្រៀនច្រើនឆ្នាំហើយ បែរជាឈប់ទៀត ធ្វើឲ្យសាលាច្របាច់ថ្នាក់រៀន បញ្ចូលគ្នា យក២ថ្នាក់ ធ្វើជា១ថ្នាក់ ជាហេតុធ្វើឲ្យសិស្សកើនឡើង ក្នុង១ថ្នាក់រហូតដល់ទៅ១៤០ទៅ១៥០នាក់ឯណោះ ។ ចំណែកកាលពីមុន ពេលគ្រូស្ម័គ្រចិត្ត មិនទាន់ឈប់ ក្នុង១ថ្នាក់មានសិស្សពីជាង៦០ ទៅជាង៧០នាក់ ដែលចំនួននេះ ក៏ច្រើនដែរ តែពួកគាត់អាចទ្រាំទទួលយកបាន ព្រោះយល់ថា ធ្វើម៉េចបើសាលា មានគ្រូតិច ប៉ុន្តែនៅក្នុងកាលៈទេសៈកំពុងខ្វះគ្រូ បែរជាគ្មានការគិតគូរពីអាជ្ញាធរមូលដ្ឋាន ឬក្រសួង និងមន្ទីរអប់រំ ដល់គ្រូស្ម័គ្រចិត្ត រហូតពួកគាត់សម្រេចចិត្ត ឈប់បែបនេះ ។
ប្រជាពលរដ្ឋខាងលើ បាននិយាយទៀតថា ពេលនេះ ពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាព និងសុខភាព កូនចៅពួកគាត់ខ្លាំងណាស់ អង្គុយរៀនប្រជ្រៀតគ្នាខ្លាំងពេក ខ្លាចកូនៗខ្យល់គ ឬជាន់គ្នាមានគ្រោះថ្នាក់ ទើបលើកគ្នា ទៅកាន់សាលា ដើម្បីស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ព្រមទាំងការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌកំបូល និងស្ថាប័នពាក់ព័ន្ធ ទទួលយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់នោះ ត្រលប់មកបង្រៀនសិស្សវិញ ហើយផ្ដល់ក្របខ័ណ្ឌគ្រូបង្រៀន ជូនដល់ពួកគាត់តែម្ដងទៅ ព្រោះសព្វថ្ងៃសាលានោះ មានគ្រូតិចសិស្សច្រើន ហើយពេលគ្រូស្ម័គ្រចិត្ត នៅជួយបង្រៀន គ្មានមន្ត្រីពាក់ព័ន្ធណាគិតគូរទេ ដល់ពេលពួកគាត់ឈប់ ទើបរត់ខ្វែងដៃ ខ្វែងជើង ។
ក្រោយពេលមានការជ្រួលច្របល់ពីអាណាព្យាបាលសិស្សបែបនេះ អាជ្ញាធរខណ្ឌកំបូល និងសង្កាត់ភ្លើងឆេះរទេះ បានចុះទៅកាន់ទីនោះអ្វើការសម្របសម្រួល ហើយអាជ្ញាធរបានប្រាប់ឲ្យប្រជាពលរដ្ឋរំសាយ និងសន្យាថា និងយកគ្រូបង្រៀនស្ម័គ្រចិត្ត២នាក់នោះ ត្រលប់មកបង្រៀនសិស្សវិញ ហើយសាលាខណ្ឌ ជាអ្នករ៉ាប់រងប្រាក់ខែជូន ទើបពេលនោះ ប្រជាពលរដ្ឋព្រមរំសាយ ទៅផ្ទះរៀងៗខ្លួន ។
បន្ទាប់មក នៅវេលាព្រឹកថ្ងៃដដែល ខាងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌកំបូល និងអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ព្រមទាំងលោកនាយក លោកនាយករង លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាទួលកី បានបើកអង្គប្រជុំពិភាក្សាមួយ ។ ជាលទ្ធផល បានឯកភាពគ្នា សម្រេចទទួលយកគ្រូបង្រៀនស្ម័គ្រចិត្តទាំង២នាក់នោះ ឲ្យត្រលប់មកបង្រៀនសិស្សជាធម្មតាឡើងវិញ ហើយខាងសាលារាជធានីភ្នំពេញ គឺជាអ្នកឧបត្ថម្ភថវិការប្រចាំខែ ដល់ពួកគាត់ រហូតដល់ពេលពួកគាត់ទទួលបានការបញ្ចូលទៅក្នុងក្របខ័ណ្ឌ និងទទួលបានប្រាក់ខែរដ្ឋពេញសិទ្ធិ នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ