ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅប៉ែកខាងលិច តាមបណ្ដោយដងទន្លេមេគង្គ តែងតែទន្ទឹងរង់ចាំការសង្គ្រោះខ្សែផ្លូវដែលរងការខូចខាតយ៉ាងដំណំពីជង្ហុកសំបុកមាន់ និងដីហុយបង្កហានិភ័យក្នុងការធ្វើដំណើរ និងបញ្ហាសុខភាពប្រចាំថ្ងៃ ពេលនេះកំពុងញញឹមញញែមក្នុងក្តីរីករាយ ។
កន្លងមក បើគិតពីបែកខាងលិចទន្លេមេគង្គ ចាប់ពីភូមិអូររីរហូតទៅដល់ស្ពានអូររុនឃុំកាំងចាមស្រុកថាឡាបរិវ៉ាត់ ចម្ងាយប្រមាណ២០គីឡូម៉ែត្របានរងការខូចខាតស្ទើរទាំងស្រុងដោយជង្ហុក ។
លោក ព្រំ ភឿន អាយុ៧២ឆ្នាំ រស់នៅភូមិពងទឹក ឃុំអូររី ស្រុកថាឡាបរិវ៉ាត់បានរៀបរាប់ថា ផ្លូវមួយខ្សែនេះបានរងការខូចខាតចាប់ពីវស្សាមុន ដោយសារតែរថយន្តធុនធំបើកបរឆ្លងកាត់ទៅដឹកដំឡូងនៅឃុំកាំងចាម ។
លោកបន្តថា ក្រោយពីបង្កឱ្យបាក់ស្ពានកន្លងមក រថយន្តធុនធំទាំងនោះមិនត្រូវអនុញ្ញាតឱ្យឆ្លងកាត់សេរីទៀតទេ ។ លោក តែន នឿន ជាអ្នកប្រើប្រាស់ផ្លូវខាងលើបានលើកឡើងថា ផ្លូវមួយខ្សែនេះវាពិតជាផ្ដល់ការលំបាកពិតប្រាកដមែន ដោយសារជង្ហុកស្ទើគ្រប់កន្លែងគេចសឹងមិនផុតថែមទាំងហុយដីយ៉ាងសំពោងទៀត តែក៏មានកន្លែងខ្លះម្ចាស់ផ្ទះនៅតាមដងផ្លូវចាញ់ទឹកគ្របដណ្តប់ការហុយដីនោះដែរ ។
ឯអ្នកភូមិរស់នៅឃុំកាំងចាមក៏បានលើកឡើងដែរថា ផ្លូវចម្ងាយប្រហែល២០គីឡូម៉ែត្រនេះ បានរងការខូចខាតយូហើយដែរ ហើយការធ្វើដំណើរតាមរថយន្តធុនតូចឬម៉ូតូត្រូវចំណាយពេលវេលាចាប់ពីជាង៤០នាទី។
ពេលទៅចូលរួមកម្មវិធីមង្គលការឬឡើងផ្ទះ នៅឯខេត្តពេលត្រឡប់មកវិញក៏ប្រឈមនឹងហានិភ័យច្រើនដែរ។ ម្យ៉ាងទៀត ពេលតុបតែងខ្លួនប្រាណទៅចូលរួមកម្មវិធីម្តងៗ រកស្លៀកពាក់ស្អាតបាតមិនឃើញទេ ដោយសារតែដីហុយ។ ប្រជាពលរដ្ឋទាំងនោះបានដង្ហើយ និងសំណូមពរទៅដល់អង្គភាពពាក់ព័ន្ធជួយជួសជុលផ្លូវនោះឆាប់ៗ ដើម្បីងាយស្រួលធ្វើដំណើរ និងបញ្ចៀសដីហុយដែលបង្កឲ្យប៉ះពាល់ដល់សុខភាព។
បច្ចុប្បន្នកុំថាឡើយដឹកកសិផលត្រូវចំណាយពេលយូសូម្បីធ្វើដំណើរធម្មតាក៏លំបាកណាស់ដែរ។អ្នកគ្រប់គ្រងភារកិច្ចដំណើរការគ្រឿងចក្របានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តមន្ទីរអភិវឌ្ឍន៍ជនបទក៏បាននាំចូលគ្រឿងចក្រ ដើម្បីជួសជុលផ្លូវដែលរងការខូចខាតនោះឡើងវិញក្នុងកាតព្វកិច្ចថែទាំ។
បន្ទាប់ពីបានឃើញគ្រឿងចក្រដំណើរការឈូសឆាយចាក់ដីកិនបង្ហាប់បាញ់ទឹក ។ ប្រជាពលរដ្ឋម្នាក់ៗបានរីករាយត្រេកអរសាទរចំពោះការយកចិត្តទុកដាក់អំពីថ្នាក់ដឹកនាំដែលមិនព្រងើយកន្តើយចំពោះកង្វល់របស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ