ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​កា.ត់​បំ.ផ្លា.ញ.​ដើមឈើ​ទាល​យក្ស​ធំ​ៗ ត្រូវតុលាការ​សម្រេច​ឃុំខ្លួន​ជនត្រូវចោទ​

8 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទ​សុ​គុ​ន្ធា អម​ដោយ​លោកស្រី ជា សុធា​រ៉ែ​ន ជា​ក្រឡាបញ្ជី…

ខេត្តស្ទឹងត្រែង ​៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង លោកស្រី នូ ច័ន្ទ​សុ​គុ​ន្ធា អម​ដោយ​លោកស្រី ជា សុធា​រ៉ែ​ន ជា​ក្រឡាបញ្ជី នៅ​ល្ងាច​ថ្ងៃ​ទី០៣​ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​សម្រេចបញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារតាម​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន​លេខ ០៩០/២៤ ចុះ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥​ ។

ជន​ត្រូវ​ចោទ​ឈ្មោះ លី សេន ភេទប្រុស អាយុ៤៥​ឆ្នាំ  ជនជាតិខ្មែរ​ឥស្លាម​ មាន​ទីកន្លែង​កំណើត​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន​ភូមិ រំដេង ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។  យោង​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជាដំបូង​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ឃើញមាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែនជម្រក​សត្វ ព្រៃ​ឡង់ ភូមិសាស្ត្រ​ភូមិ​ក្របី​១ (​ភូមិ​ទាល់​) ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។

គួរ​រំលឹក​ថា ​កាលពី​ថ្ងៃ​ទី​២៩ ​​មករា ឆ្នាំ​២០២៥​ គេ​ប្រទះ​ឃើញ​ដើមឈើ​ទាល​យក្ស​ធំ​ៗ​ជា​ច្រើន​ដើម​ត្រូវ​បាន​គេអា​រំលំរាបដល់​ដី​យ៉ាង​ និង​អា​រច្រៀក​​យ៉ាងអនាធិ​ប​តេ​យ្យ​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ។​ក្រោយ​មាន​សេចក្តីរាយការណ៍​បន្ទាប់​មួយ​ថ្ងៃ ​នៅ​ថ្ងៃ​ទី​៣០​ មករា លោក​អភិបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​ស្រាវជ្រាវ​ និង​រកមុខ​សញ្ញា​នៅ​ពីក្រោយ​ការ​កាប់​បំ​ផ្លាញ​ព្រៃឈើ​នេះ​ ។

​ជា​លទ្ធផល ​កម្លាំង​ចម្រុះ​បាន​ចុះ​ពិនិត្យ​ដល់​ចំណុច​កើតហេតុ​ និង​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ម្នាក់​បញ្ជូន​មក​មន្ទីរ​បរិស្ថាន​ខេត្ត​ ។ ​ក្រោយ​ការ​ឃាត់ខ្លួន​ និង​សាកសួរ​ជនសង្ស័យ​ខាងលើ​ចប់ ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹង​ត្រែង​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ។  

តុលាការ​បាន​ចោទ​ជន​ត្រូវ​ចោទឈ្មោះ លី​សេន ពី​បទ​កាប់​គាស់ ឬ​រុករាន​ដី​ព្រៃ ឬ​ឆ្ការ ដុត ឬ​ឈូស​ឆាយដីព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​សមគំនិត​ក្នុង​អំពើ​កាប់​ផ្ដួល រំលំ ឬ​បំផ្លាញ​ព្រៃឈើ និង​រុក្ខជាតិ​ព្រៃ ប្រព្រឹត្ត​នៅ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិវ៉ា​ត់ ចែង​និង​បញ្ញត្តិ​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​៨៥១ ចំណុច​ច នៃ​ក្រម​បរិ​ស្ថាន និង​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ​ ។

បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​បញ្ចប់​នីតិវិធី​ស៊ើបសួរ ​ក៏​បាន​សម្រេច​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សា​ធា​រណៈ​ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ ដោយអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​។

​រយៈពេល​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន គិត​រាប់​ពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និង​មិន​ឱ្យ​ហួស​ពី​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ លើកលែងតែ​មាន​ដីកា​បង្គាប់​ឱ្យ​ពន្យា​ពេល​ឃុំខ្លួន ឬ​ដីកា​បង្គាប់​ឱ្យ​រក្សា​ទុក​ជនជាប់ចោទ​ក្នុង​ឃុំ​រង់ចាំ​ការ​ជំនុំជម្រះ ​។ បច្ចុប្បន្ន ​ជន​ត្រូវ​ចោទ​ខាងលើ​កំពុងស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ