រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្ម ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋសង់តូបលក់ដូរ មិនខ្វល់ពីផលប៉ះពាល់សណ្ដាប់ធ្នាប់តាមដងផ្លូវឡើយ ហើយគាត់បានដើរប្រមូលលុយដាក់ខែពីអ្នកលក់ដូរដាក់ចូលហោប៉ៅរបស់ខ្លួន ។ ប៉ុន្តែរឿងរ៉ាវនេះត្រូវបានបែកការណ៍នៅពេលដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវខាងលើតម្រូវឲ្យរុះរើតូបចេញពីចិញ្ចើមផ្លូវ ស្រាប់តែអាជីវករនាំគ្នាតវ៉ាព្រាតថា គាត់បានបង់លុយឲ្យបុរសខាងលើក្នុង១ខែៗតូប១ចាប់ពី៤០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលជារៀងរាល់ខែហើយ ហេតុអីឲ្យពួកគាត់រុះរើទៀត? ។
ក្រោយពីឮអាជីវករតវ៉ាបែបនេះ អាជ្ញាធរបានធ្វើការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណបុរសនោះបាន ហើយនៅវេលាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏បានចុះទៅធ្វើការឃាត់ខ្លួនបុរសនោះ នៅចំណុចមុខរោងចក្រអាមេរិកកាំង ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលត្រូវឃាត់ខ្លួននោះឈ្មោះផល អាយុជាង៤០ឆ្នាំ មុខរបរជាសន្តិសុខរោងចក្រអាមេរិកកាំង ហើយអាជ្ញាធរបានប្រគល់គាត់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ហើយ ។
អាជ្ញាធរបានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវ៣០ម៉ែត្រនោះមានចិញ្ចើមនិងចំណីផ្លូវត្រឹមត្រូវដូចតែផ្លូវដ៏ទៃៗទៀតដែរ ប៉ុន្តែនៅត្រង់ចំណុចមុខរោងចក្រខាងលើនោះ ត្រូវបានគេនាំគ្នាសង់តូបលក់ដូររំលោភយកចើញ្ចើមអស់ហើយ ។ ដោយឡែកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌបានចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីបោសសម្អាតរាល់សំណង់ផ្សេងៗដែលសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈទាំងនោះចេញ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះក៏មានការតវ៉ាពីសំណាក់អាជីវករដែលកំពុងមានតូបលក់ដូរនៅលើចិញ្ចើមផ្លូវនោះ ដោយពួកគាត់បានអះអាងថា បានបង់លុយឲ្យឈ្មោះផល នោះក្នុង១ខែៗតូប១ចាប់ពី៤០ម៉ឺនទៅ៥០ម៉ឺនរៀលជាថ្នូរនិងការឲ្យលក់ដូរលើចិញ្ចើមផ្លូវនេះ ហេតុអីឲ្យពួកគាត់រុះរើទៀត? ។ អាជីវករបានស្រែកតវ៉ាខ្លាំងៗដែលពេលនោះបានធ្វើឲ្យអាជ្ញាស្រឡាំងកាំង ព្រោះតែពុំបានដឹងថាមានបុគ្គលហ៊ានយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មដោយមិនគិតពីផលប៉ះពាល់ និងមិនខ្លាចញញើតច្បាប់បែបនេះសោះ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីទទួលព័ត៌មាននោះហើយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតដល់កំណត់បានអត្តសញ្ញាបុរសឈ្មោះផល ដែលជាអ្នកយកលុយដាក់ខែពីអាជីវករខាងលើ ។ លុះដល់វេលាព្រឹកថ្ងៃទី៣ ខែកុម្ភៈ កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា ដដែលក៏បានចុះទៅកាន់ទីតាំងខាងលេីនោះទៀត ហើយក៏បានហៅបុរសឈ្មោះផល ទៅធ្វើការសួរនាំជុំវិញបញ្ហានេះ ។
ប្រភពមួយនេះបានបញ្ជាក់ទៀតថាខណៈនោះបុរសឈ្មោះផល ក្នុងឯកសណ្ឋានឈុតពណ៍ស្ករ ពាក់វ៉ែនតាខ្មៅ មានកាន់ទូរស័ព្ទនិងវិទ្យុទាក់ទងក្នុងដៃផងបានសារភាពថា ខ្លួនពិតជាបានដេីរយកលុយពីអាជីវករ ជាថ្នូរនិងការអនុញ្ញាតឲ្យសង់តូបលក់ដូរលើចិញ្ចើមផ្លូវពិតប្រាកដមែន ។ ព្រោះគាត់មិនបានដឹងថាទីនោះគឺជាចិញ្ចើមផ្លូវសាធារណៈនោះទេ ហើយគាត់បានសន្យាថា គាត់និងសម្អាតទីនោះឲ្យបានស្អាតដូចដើមឡើងវិញ មិនតែប៉ុណ្ណោះនៅចំពោះមុខលោកប៉ាង លីដា និងកងកម្លាំងទាំងអស់ បុរសនេះក៏បានលើកដៃសំពះសុំទោសដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ព្រមទាំងលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យផងដែរ ឲ្យលើកលែងទោសឲ្យគាត់ផងដែរ ។
ប៉ុន្តែការសុំទោសរបស់គាត់ខាងលើមិនត្រូវបានរួចខ្លួននោះឡើយ ទីបំផុតត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីឲ្យនគរបាលសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ