ខេត្តកំពត ៖ ក្រោយឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីអាជ្ញាធរស្រុកទឹកឈូ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះពិនិត្យករណីម្ចាស់អាហារដ្ឋានមួយកន្លែង ដែលបង្ហូរទឹកកខ្វក់ចូលក្នុងជ្រោះទឹកឈូ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ។
ជាលទ្ធផលសម្រាប់បេសកកម្មខាងលើ រដ្ឋបាលស្រុកទឹកឈូបានចេញសេចក្តីប្រកាសមានខ្លឹមសារថា ក្រុមការងាររដ្ឋបាលស្រុក-ឃុំសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា សំណល់រាវពិតជាបានហៀរចេញពីអាហារដ្ឋាន «ម៉ាក់ឈូឈូ » ដោយម្ចាស់អាហារដ្ឋាននេះបានលួចបង្ហូរចូលក្នុងជ្រោះទឹកឈូប្រាកដមែន ។
ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឲ្យម្ចាស់អាហារដ្ឋានបញ្ឈប់សកម្មភាពបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូជាបន្ទាន់ ។
ប្រសិនបើមានករណីបែបនេះបន្ត ម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចក្នុងដែនជំនាញនឹងបញ្ឈប់អាជីវកម្មតែម្តង ។
សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា ជាមួយនេះ ក្រុមការងារក៏បានចុះពិនិត្យគ្រប់ទីតាំងនៃរមណីយដ្ឋាននៅតំបន់ទឹកឈូទាំងអស់ តែក្រៅពីអាហារដ្ឋានខាងលើពុំឃើញកន្លែងផ្សេងទៀតបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូឡើយ ។
ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបចំអាងចម្រោះ ឬធុងស្តុកទឹកតាមលក្ខណៈបច្ចេកទេសឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសករណីហៀរចូលក្នុងជ្រោះដែលភ្ញៀវតែងនាំគ្នាហែលលេងកម្សាន្តនោះ ៕
ចែករំលែកព័តមាននេះ