ចូលខែកុម្ភៈភ្លាម! ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញចិន កាណាដា និងម៉ិកស៊ិក
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពី BBC និង Reuters បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់…
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពី BBC និង Reuters បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់…
សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពី BBC និង Reuters បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រកាសអំពីការដំឡើងពន្ធលើទំនិញទាំងអស់ ដែលនាំចូលពីដៃគូពាណិជ្ជកម្មធំទាំងបីរបស់សហរដ្ឋអាមេរិក គឺ ចិន ម៉ិកស៊ិក និងកាណាដា។
ប្រធានាធិបតីអាមេរិកទី៤៧ វ័យ៧៨ឆ្នាំរូបនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដាក់ពន្ធថ្មី ដែលចូលជាធរមាន នៅថ្ងៃទី៤ ខែកុម្ភៈ តទៅ ដោយ ២៥% លើប្រទេសកាណាដា និងម៉ិកស៊ិក និង ១០% លើប្រទេសចិន។ តាមពិតទៅ លោក ត្រាំ បានគំរាមដំឡើងពន្ធនេះយូរមកហើយ ប្រសិនបើប្រទេសទាំងបីមិនដោះស្រាយកង្វល់របស់លោកអំពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរសារធាតុប្រើប្រាស់ផ្សំផលិតគ្រឿងញៀន។ ទាំងកាណាដា និងម៉ិកស៊ិក បានប្រកាសថា ពួកគេកំពុងតែរៀបចំពន្ធសងសឹកផងដែរ។ ស្របពេលលោក ត្រាំ បានអះអាងថា លោកត្រៀមខ្លួនរួចរាល់ក្នុងការដំឡើងពន្ធបន្ថែមទៀត ប្រសិនបើប្រទេសទាំងនេះ ប្រកាសពីការដាក់ពន្ធសងសឹក។
ប្រទេសចិន ម៉ិកស៊ិក និងកាណាដា មានចំណែកច្រើនជាង ៤០% នៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ ទោះយ៉ាងណាក្តី សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ថា «ការប្រកាសដំឡើងពន្ធ គឺចាំបាច់ដើម្បីឱ្យប្រទេសចិន ម៉ិកស៊ិក និងកាណាដា ទទួលខុសត្រូវចំពោះការសន្យារបស់ពួកគេក្នុងការបញ្ឈប់ការហូរចូលនៃសារធាតុ Fentanyl ដែលប្រើប្រាស់ជាធាតុផ្សំផលិតគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។
លោក ត្រាំ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់លោកថា ការប្រកាសដំឡើងពន្ធនេះ ដើរតាមរយៈច្បាប់ស្តីពីសិទ្ធិអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ដោយសារតែការគំរាមកំហែងដ៏ធំនៃជនបរទេសខុសច្បាប់ និងគ្រឿងញៀន ដែលសម្លាប់ប្រជាពលរដ្ឋរបស់យើង រួមទាំងសារធាតុ Fentanyl ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានណែនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចលោកស្រីឱ្យឆ្លើយតបជាមួយវិធានការពន្ធលើអាមេរិក ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងពន្ធសងសឹកចំនួន ២៥% លើទំនិញរបស់អាមេរិក។ ស្របពេលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក៏បានប្រកាសថា ប្រទេសកាដាណាក៏នឹងឆ្លើយតបទៅនឹងការប្រកាសដំឡើងពន្ធពីអាមេរិកផងដែរ។
លោកថ្លែងកាលពីថ្ងៃសៅរ៍ថា «យើងមិនចង់ឈានដល់ផ្លូវនេះទេ ប៉ុន្តែយើងនឹងមិនថយក្រោយក្នុងការក្រោកឈរឡើងសម្រាប់ជនជាតិកាណាដាឡើយ»។ រដ្ឋាភិបាលកាណាដាគ្រោងនឹងដាក់ពន្ធ ២៥% លើទំនិញអាមេរិកមានតម្លៃ ១៥៥ពាន់លានដុល្លារ ដោយក្នុងនោះ ៣០ពាន់លានដុល្លារនឹងចូលជាធរមាននៅថ្ងៃទី៤ ខែកុម្ភៈ និង ១២៥ពាន់លានដុល្លារផ្សេងទៀត នៅក្នុងរយៈពេល២១ថ្ងៃទៀត។
ជាមួយគ្នានោះ ប្រទេសចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដំឡើងពន្ធនេះ ហើយក៏ប្រកាសប្រឆាំងយ៉ាងមុតមាំផងដែរ។ ទោះជាមិនទាន់ប្រកាសអំពីការសងសឹកភ្លាមៗណាមួយ ក៏ពិតមែន ប៉ុន្តែទីក្រុងប៉េកាំងបានបន្ថែមថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហរដ្ឋអាមេរិកសម្រាប់ការអនុវត្តខុស ហើយនឹងចាត់វិធានការតបតវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ