ទីក្រុងវ៉ាស៊ីនតោន៖ ក្រោយហេតុការណ៍បុកគ្នារវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងអ៊ែឡាញជាមួយឧទ្ធម្ភាគចក្រយោធានៅប្រទេសអាមេរិកនោះ ក្រុមអ្នកស៊ើបអង្កេតអះអាងថាពួកគេមិនទាន់រកឃើញមូលហេតុពិតប្រាកដនៅពីក្រោយហេតុការណ៍នេះទេ។ ពួកគេទើបតែចាប់ផ្ដើមស្រាវជ្រាវជាបណ្ដើរៗ ហើយសង្ឃឹមថានឹងចេញរបាយការណ៍បឋមនារយៈពេល៣០ថ្ងៃខាងមុខនេះ។
របាយការណ៍ចុងក្រោយបង្ហាញថាមនុស្សសរុប៦៧នាក់ដែលស្ថិតជិះនៅក្នុងយន្តហោះ និងឧទ្ធម្ភាគចក្របានស្លាប់ទាំងអស់។ នៅក្នុងចំណោមនោះ ៦០នាក់ជាអ្នកដំណើរ, ៤នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ និង៣នាក់ជាទាហានដែលចូលរួមនៅក្នុងសមយុទ្ធយោធា។ ក្រុមគ្រួសារជនរងគ្រោះបានរៀបចំពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធដើម្បីឧទ្ទិសកុសលផលបុណ្យជូនពួកគេ។
ប្រភពខ្លះអះអាងថាមុនពេលកើតហេតុនោះ អ្នកត្រួតពិនិត្យមើលការហោះហើរប្រចាំអាកាសយានដ្ឋានជាតិរេហ្គឹន (Reagan) បានផ្ដល់សញ្ញាព្រមានទៅអ្នកបើកឧទ្ធម្ភាគចក្រយោធាដើម្បីប្រុងប្រយ័ត្នខ្ពស់ព្រោះនៅពេលនោះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងកំពុងព្យាយាមចុះចតនៅកៀកនឹងផ្លូវហោះហើររបស់ឧទ្ធម្ភាគចក្រ។ ប្រភពខ្លះឱ្យដឹងថាហេតុការណ៍នេះបើគេយកចិត្តទុកដាក់ឱ្យបានដិតដល់ជាងនេះប្រហែលជាអាចទប់ស្កាត់បាននូវឧបទ្ទវហេតុដ៏រន្ធត់នេះ។
ជាធម្មតា កិច្ចការគ្រប់គ្រងការហោះហើរនេះគួរណាស់មានបុគ្គលិក២នាក់ប្រចាំការ។ ប៉ុន្តែជាក់ស្ដែងនៅពេលកើតហេតុនោះ គេឃើញមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះដែលត្រូវរ៉ាប់រងធ្វើកិច្ចការជាច្រើន។ ម៉្លោះហើយអាចមានចំណុចខ្វះខាត។ ក្រុមអ្នកស៊ើបអង្កេតយល់ថាបរិយាកាសការងារនៅកន្លែងត្រួតពិនិត្យការហោះហើរនោះហាក់មានភាពមិនប្រក្រតីទាល់តែសោះ។
ប្រភពខ្លះទៀតអះអាងថាអ្នកបើកឧទ្ធម្ភាគចក្រយោធាទំនងជាបើកចាកឆ្ងាយពីគន្លងផ្លូវដែលខ្លួនត្រូវធ្វើដំណើរ។ ពោលគឺឧទ្ធម្ភាគចក្រនេះបានហោះហើរឡើងទៅលើអាកាសខ្ពស់ពេក ហើយហោះចាកឆ្ងាយពីផ្លូវរបស់ខ្លួនប្រហែលជាងកន្លះម៉ាយ។ ឥឡូវនេះ ប្រអប់ខ្មៅចំនួន២គ្រឿងដែលបំពាក់នៅក្នុងយន្តហោះដឹកអ្នកដំណើរនោះត្រូវគេរកឃើញហើយ ហើយកំពុងប្រមូលទិន្នន័យ៕
ចែករំលែកព័តមាននេះ