ទីក្រុងរ៉ង់ហ្គូន៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់គម្រប់ខួប៤ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីស៊ូជីពីតំណែងនៅប្រទេសភូមា ហើយឡើងគ្រប់គ្រងប្រទេសដោយរបបសឹករបស់លោកមីនអុងឡាំង។ ដូច្នេះ ឆ្លៀតនៅក្នុងឱកាសនេះ លោកបានប្រកាសបន្តសុពលភាពនៃការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន និងការប្រើប្រាស់ច្បាប់អាជ្ញាសឹករយៈពេលមួយឆ្នាំជាបន្តទៀត។ នេះជាអ្វីដែលរបបសឹកតែងតែធ្វើជារៀងរាល់ឆ្នាំមុនពេលច្បាប់អាជ្ញាសឹកផុតសុពលភាព។
ប៉ុន្តែឆ្នាំនេះខុសពីឆ្នាំមុនៗ។ ដូចអ្វីដែលលោកបានសន្យានៅចំពោះមុខសមាគមអាស៊ាន លោកមីនអុងឡាំងនឹងរៀបចំការបោះឆ្នោតមួយដែលលោកអះអាងថានឹងប្រកបដោយភាពសេរី និងយុត្តិធម៌ជាងការបោះឆ្នោតកាលពីចុងឆ្នាំ២០២០នោះទៅទៀត។ នៅក្នុងការប្រកាសដាក់ប្រទេសជាតិនៅក្នុងគ្រាអាសន្នជាបន្តទៀតនេះ បណ្ដាញទូរទស្សន៍អឹមអ័រធីវី (MRTV) ផ្សាយថាប្រទេសភូមាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធ្វើឱ្យការបោះឆ្នោតខាងមុខនេះទទួលបានជោគជ័យ។
ជាពិសេស បើចង់ឱ្យការបោះឆ្នោតប្រកបដោយភាពសេរី និងយុត្តិធម៌ទៅបានលុះត្រាតែប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយជាមុនសិន។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាតើគម្រោងរៀបចំការបោះឆ្នោតនោះនឹងធ្វើឡើងនៅពេលណាទេ។ ប៉ុន្តែរបបសឹកកំពុងប្រញឹកដៃដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតកើតឡើងដូចផែនការដែលបានកំណត់។
ទន្ទឹមនឹងនោះ របបសឹកក៏នៅតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ ជាពិសេសការទប់ទល់នឹងការវាយលុកពីគ្រប់មុខព្រួញនៃពួកឧទ្ទាមថ្មី-ចាស់ដែលប្រឆាំងនឹងរបបដឹកនាំនេះ។ ការប្រយុទ្ធគ្នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ខំឱ្យជនស៊ីវិលភូមារាប់លាននាក់ផ្លាស់ប្ដូរទីកន្លែងរស់នៅនៅក្នុងប្រទេសភូមាផង និងបានចាកចេញទៅប្រទេសជិតខាងផង។
រឹតតែធ្ងន់ធ្ងរជាងនេះ ជនភៀសខ្លួនដែលសង្ឃឹមថាទៅរស់នៅប្រទេសដទៃបានសេចក្ដីសុខហើយ ឥឡូវនេះកំពុងជួបទុក្ខធំ។ បន្ទាប់ពីលោកត្រាំប្រកាសផ្អាកផ្ដល់លុយសម្រាប់អង្គការនានាទូទាំងពិភពលោករយៈពេល៩០ថ្ងៃ ជំរំជនភៀសខ្លួនមួយកន្លែងនៅប្រទេសថៃដែលទទួលជនជាតិភូមាជាងមួយសែននាក់ឱ្យស្នាក់នៅនោះត្រូវអាជ្ញាធរថៃបញ្ជាឱ្យបិទទ្វារហើយ។
ឥឡូវនេះ របបសឹកមិនគិតច្រើនទេ ធ្វើម៉េចឱ្យការដឹកនាំរបស់ខ្លួនសមហេតុផល និងស្របច្បាប់ ទោះបីឆ្លុះបញ្ចាំង ឬមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនចាំគិតគ្នានៅពេលថ្ងៃក្រោយទៀត។ អ្វីដែលសំខាន់គឺត្រូវគិតអំពីការបោះឆ្នោតជាមុនសិន។ មិនទាន់បានអីផង ក្រុមដែលប្រឆាំងនឹងរបបសឹករបស់លោកមីនអុងឡាំងអំពាវនាវទៅសហគមន៍អន្តរជាតិ និងប្រទេសនានាទូទាំងពិភពលោកសូមកុំទទួលស្គាល់ការបោះឆ្នោតនេះឱ្យសោះ។ ចំណែករបបសឹកបន្តអំពាវនាវឱ្យអ្នកដែលមាននិន្នាការនយោបាយខុសៗគ្នាចូលរួមនៅក្នុងការបោះឆ្នោត៕
ចែករំលែកព័តមាននេះ