ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អូស្ត្រាលី បន្ត​ផ្ដល់​ជំនួយ ២​លាន​ដុល្លារ​អូស្ត្រាលី សម្រាប់​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន តាង​នាម​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន តាង​នាម​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថវិកា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី សម្រាប់​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤(CFR4)​។ កិច្ចព្រមព្រៀង ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូត​អូ​ស្រា្ត​លី​ប្រចាំ​នៅ​កម្ពុជា តំណាង​រដ្ឋាភិបាល​អូ​ស្រា្ត​លី និង​លោកស្រី Alissar Chaker តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា ។

ក្នុង​នោះ ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​បន្ថែម​របស់​ប្រទេស​អូស្ត្រាលី ចំនួន ២​លាន​ដុល្លារ​អូស្ត្រាលី ក្នុង​វិស័យ​សកម្មភាព​មីន ដែល​ពិតជា​បាន​ឆ្លើយ​តប​នឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​។ ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី នៅ​តែ​បន្ត​រក្សា​សន្ទុះ និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អនាគត​កម្ពុ​ជាមួយ ដែល​គ្មាន​មីន ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ និង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បន្ត​ទៀត​ថា ប្រទេស​អូស្ត្រាលី គឺជា​មិត្ត​ដ៏​យូរអង្វែង និង​រឹង​មាំ​របស់​កម្ពុជា​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្នុង​ការ​បង្កើត​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​។ ថវិកា​ជាង ១០០​ដុល្លារ​អូស្ត្រាលី តាម​រយៈ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ បាន​រួមចំណែក​ក្នុង​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ក្នុង​នោះ​ថវិកា​ជាង ៣៥​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង CFR ចាប់តាំងពី​ឆ្នាំ​២០០៦ ។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ UNDP ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​វិស័យ​សកម្មភាព​មីន​របស់​កម្ពុជា ព្រមទាំង​បាន​ចាត់​ទុក​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​មីន និង UNDP គឺជា​ដៃគូ​ដ៏​យូរអង្វែង និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​មីន​នៅ​កម្ពុជា តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ។

ឯកឧត្តម​បណ្ឌិត លី ធុ​ជ បាន​សង្កត់ធ្ងន់​ទៀត​ថា “​រាល់​ចម្ការ​មីន ដែល​យើង​បោសសម្អាត​រួច គឺជា​អំណោយ​ជីវិត​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា​។ ភាព​ជា​ដៃគូ​ដែល​យើង​បាន​ពង្រឹង នឹង​នាំ​ឱ្យ​យើង​កាន់តែ​ខិត​ជិត​ទៅ​នឹង​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​គ្មាន​មីន​។ យើង​មិន​ត្រឹមតែ​រួម​គ្នា​បោសសម្អាត​មីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​កំពុង​កសាង​ស្ពាន​នៃ​ក្តី​សង្ឃឹម ភាព​រុងរឿង និង​សន្តិភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​រួបរួម​គ្នា និង​បន្ត​ឈរ​យ៉ាង​រឹង​មាំ​ជាមួយ​គ្នា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន ស្រប​តាម សុភាសិត​ខ្មែរ​បុរាណ​បាន​ពោល​ថា “​ចង្កឹះ​មួយ​ដើម​គេ​កាច់​បាក់ ចង្កឹះ​មួយ​បាច់​គេ​មិន​អាច​កាច់​បាក់​បាន​ឡើយ​”​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បន្ត​ទៀត​ថា “​ជាក់ស្តែង​ក្នុង​ភាព​ជា​ដៃគូ​យ៉ាង​រឹង​មាំ​រវាង កម្ពុជា អូស្ត្រាលី និង UNDP បាន​ភ្ជាប់​នូវ​កម្លាំង ធនធាន និង​ការ​ប្តេជ្ញា​ចិត្ត​រួម ដើម្បី​បង្កើត​នូវ​ចំណង​ដែល​មិន​អាច​បំបែក​បាន​ក្នុង​ការ​បម្រើ​សុវត្ថិភាព វិបុលភាព​របស់​ប្រជាជន​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​សហគមន៍ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”​។

ឆ្លៀត​ក្នុង​ឱកាស​នោះ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត និង​បន្ត​ការ​គាំទ្រ​ប្រកបដោយ​សប្បុរស​របស់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ណូ​វែ​ល​ហ្សឺ​ឡង់ និង UNDP ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ដទៃ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សុវត្ថិភាព ។

សូម​បញ្ជាក់​ថា សមិទ្ធផល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល ក្រោម​ការ​សម្របសម្រួល​របស់ UNDP ចាប់តាំងពី​ឆ្នាំ​២០០៦ មក បាន​រំដោះ​ផ្ទៃដី​មាន​មីន​ចំនួន ៣៨៤ គីឡូម៉ែត្រ​ក្រឡា និង​មាន​អ្នក​ទទួលផល​ចំនួន​ជាង ១,២ លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ