ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ត្រៀម​បញ្ជូន​កង​ទ័ព​ថែ​ម​ទៀត​ទៅ​ជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស

2 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ ប្រភព​ពី​ភ្នាក់​ងារ​សម្ងាត់​កូរ៉េ​ខាង​ត្បូង​បង្ហាញថា​ទី​ក្រុង​ព្យុង​យ៉ាង​ត្រៀម​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​តំបន់​ខឺស​ ប្រទេស​រុស្ស៊ី​ ដើម្បី​ដាក់​ជំនួស​កង​ទ័ព​ដែល​បាន​ស្លាប់​ និង​របួស​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ជា​មួយ​អ៊ុយ​ក្រែន​។ កូរ៉េ​ខាង​ជើង​បាន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​ជា​ច្រើន​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​យល់​ថា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​តេស្ត​​​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ដែល​​ផលិត​ឡើង​ដើម្បី​បាញ់​ឱ្យ​ដល់​ប្រទេស​អាមេរិក​។ ​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ត្រូវ​ជាប់​គាំង​តាំង​​ពី​ជំនាន់​កូវីដ​១៩​ ឆ្លង​ចូល​ដល់​សក​រាជ​របស់​លោក​បៃដិន​ក៏​ស្ងាត់​ឈឹង​ទៀត​។…

ទី​ក្រុង​ព្យុង​យ៉ាង​៖ ប្រភព​ពី​ភ្នាក់​ងារ​សម្ងាត់​កូរ៉េ​ខាង​ត្បូង​បង្ហាញថា​ទី​ក្រុង​ព្យុង​យ៉ាង​ត្រៀម​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​តំបន់​ខឺស​ ប្រទេស​រុស្ស៊ី​ ដើម្បី​ដាក់​ជំនួស​កង​ទ័ព​ដែល​បាន​ស្លាប់​ និង​របួស​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ជា​មួយ​អ៊ុយ​ក្រែន​។ កូរ៉េ​ខាង​ជើង​បាន​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​ជា​ច្រើន​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​យល់​ថា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​តេស្ត​​​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ដែល​​ផលិត​ឡើង​ដើម្បី​បាញ់​ឱ្យ​ដល់​ប្រទេស​អាមេរិក​។

​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ត្រូវ​ជាប់​គាំង​តាំង​​ពី​ជំនាន់​កូវីដ​១៩​ ឆ្លង​ចូល​ដល់​សក​រាជ​របស់​លោក​បៃដិន​ក៏​ស្ងាត់​ឈឹង​ទៀត​។ ប៉ុន្តែ​នៅ​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច​ថ្មី​ៗ​នេះ​អាច​មាន​ពន្លឺ​ឡើង​វិញ​ហើយ​បន្ទាប់​ពី​​លោក​ត្រាំ​ទើប​តែ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រៀម​បញ្ជូន​​ក្រុម​ការ​ងារ​ដើម្បី​ទាក់​ទង​​ជាមួយ​​លោក​​គីម​ជុង​អ៊ុន​។ ​លោក​ទាំង​២​ធ្លាប់​ជួប​គ្នា​៣​ដង​នៅ​សិង្ហបុរី​ នៅ​វៀតណាម និង​នៅ​​តំបន់​ព្រំ​ដែន​កូរ៉េ​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្មី​ លោក​ម៉ារ៉ា​កូ រូប៊ីយ៉ូ ទទួល​ស្គាល់​ថា​​កិច្ច​ជំនួប​កាល​ពី​ពេល​កន្លង​មក​មិន​សូវ​ទទួល​បាន​លទ្ធ​ផល​ជា​ដុំកំភួន​ទេ​។ ប៉ុន្តែ​​​ក្រុម​អ្នក​វិភាគ​ព្យាករ​ទុក​ថា​លើក​នេះ​ខុស​ពី​លើក​មុន​។ ដោយ​សារ​របប​ក្រុង​​ព្យុង​យ៉ាង​បាន​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​កាន់​​តែ​ខ្លាំង​ក្លា គួប​ផ្សំ​នឹង​ការ​បញ្ជូន​កង​ទ័ព​ជាង​មួយ​ម៉ឺន​​នាក់​ទៅ​ជួយ​​ទៀត​នោះ​រុស្ស៊ី​​អាច​ធ្វើ​ឱ្យ​​កូ​រ៉េ​ខាង​ជើង​មាន​ឥទ្ធិ​ពល​ខ្លាំង​ជាង​មុន​​។ មាន​ន័យ​ថា​កូរ៉េ​ខាង​ជើង​មិន​មែន​ចរ​ចា​គ្នា​ដៃ​ទទេនោះ​ទេ​។​​

ទាហាន​កូរ៉េ​ខា​ង​ជើង​ដែល​បញ្ជូន​ទៅ​តំបន់​ខឺស​នោះ​ជា​កង​ទ័ព​ពិសេស​ដែល​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​យ៉ាង​ហ្មត់​ចត់​ និង​បំពាក់​បំប៉ន​ស្មារតី​ដល់​កម្រិត​កំពូល​។ ប៉ុន្តែ​ពួក​​គេ​ពុំ​ធ្លាប់​ប្រឡូក​នៅ​ក្នុង​សមរ​ភូមិ​ជាក់​ស្ដែង​​ ​ហើយ​​​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នៅ​រុស្ស៊ី និង​អ៊ុយ​ក្រែន​ជា​ដី​រាប​ស្មើ​ មិន​សូវ​មាន​ព្រៃ​ឈើ​បិទ​បាំង​ប៉ុន្មាន​ឡើយ​។ ម៉្លោះ​ហើយ​ងាយ​ស្រួល​រង​ការ​វាយ​ប្រហារ​ពី​យន្ត​ហោះ​ដ្រូន​ ឬ​កាំ​ភ្លើង​ធំ​របស់​អ៊ុយ​ក្រែន​។

ភ្នាក់​ងារ​សម្ងាត់​កូរ៉េ​ខាង​ត្បូង​រាយ​ការណ៍​ថា​កូរ៉េ​ខាង​ជើង​ស្លាប់​ទាហាន​៣០០​នាក់​ និង​របួស​២៧០០​នាក់​។ កាល​ពី​ដើម​ខែ​មករា លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​​ទាហាន​កូរ៉េ​ខាង​ជើង​បាត់​បង់​កម្លាំង​ប្រយុទ្ធ​៤ពាន់​នាក់​គិត​ទាំង​ស្លាប់​ និង​របួស​។ ប៉ុន្តែ​អា​មេ​រិក​​យល់​ថា​​ចំនួន​ស្លាប់​ និង​របួស​តិច​​ជាង​នេះ​​។ ក្រុ​ម​អ្នក​ជំនាញ​​ជឿ​ជាក់​ថា​លោក​គីម​ជុង​អ៊ុន​​អាច​នឹង​យល់​ព្រម​ចរ​ចា​គ្នា​ជា​មួយ​លោក​ត្រាំ​បើ​សិន​លោក​​ត្រាំ​​យល់​ព្រម​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​​សម្រាប់​កូរ៉េ​ខាង​ជើង​។​

កិច្ច​ជំនួប​កាល​ពី​ពេល​កន្លង​មក​ត្រូវ​បរាជ័យ​ទាំង​ស្រុង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ស្នើ​សុំ​ឱ្យ​លោក​ត្រាំ​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ ប៉ុន្តែ​លោក​បដិសេធ​។ ចាប់​ពី​ពេល​នោះ​មក​ លោក​គីម​​ខិត​ខំ​អភិ​វឌ្ឍ​កម្ម​វិធី​​មីស៊ីល និង​នុយ​ក្លេអ៊ែរ។ ឥឡូវ​នេះ កូរ៉េ​ខាង​ត្បូង​កំពុង​ព្រួយ​បាម្ភ​ថា​លោក​ត្រាំ​អាច​នឹង​លែង​ខ្វល់​ខ្វាយ​អំពី​ការ​កាត់​រំសាយ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ត​ទៅ​ទៀត​។​

នៅ​ក្នុង​បទសម្ភាស​ដែល​ចាក់​ផ្សាយ​តាម​ទូរ​ទស្សន៍​ហ្វក់​ (Fox) កាល​ពី​ម្សិល​មិញ លោក​ត្រាំ​ចាត់​ទុក​លោក​គីម​ជុង​អ៊ុន​ជា​បុរស​ដ៏​ឆ្លាត​វៃ​។ កាល​ពី​ពេល​ស្បថ​ចូល​កាន់​តំណែង​ លោក​ត្រាំ​បាន​ហៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​​មហាអំណាច​នុយ​ក្លេអ៊ែរ​។ លោក​​​​​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​​​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​លោក​ និង​លោក​គីម​។ លោក​ថា​លោក​គីម​ប្រហែល​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​លោក​វិល​ត្រឡប់​មក​កាន់​អំណាច​សា​ជា​ថ្មី​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ