ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ថា​ករណី​ឆ​បោ.ក​តាម​អន​ឡាញ​នៅ​ភូមា​មិន​មែនជា​កំហុស​របស់​ខ្លួន​ទេ

8 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ភុំ​ថាម​វិឆា​យ៉ាឆៃ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​​របប​​​សឹក​ភូមា​ថា​​ថៃ​​​​ជា​អ្នក​ខុស​ធ្ងន់​ជាង​គេ​​នៅ​ក្នុង​ករណី​ដែល​មាន​ក្រុម​ឆ​បោក​តាម​អន​ឡាញ​រីក​ដុះ​ដាល​ដូច​ផ្សិត​នៅ​តាម​ព្រំ​ដែន​។ លោក​ភុំ​ថាម​​យល់​ថា​បញ្ហា​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​ដែល​មិន​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ទេ​។ វា​ត្រូវ​ការ​ការ​ចូល​រួម​ជា​ពហុ​ភាគី​។​ លោក​ភុំ​ថាម​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ផង​ដែរ​នោះ​មាន​ប្រសាសន៍​ថា​គេ​មិន​គួរ​ដាក់​ការ​ស្ដី​បន្ទោស​តែ​ទៅ​លើ​ប្រទេស​ថៃ​ម្នាក់​ឯង​នោះ​ទេ​ មាន​ន័យថា​ថៃ​ពិត​ជា​មាន​ចំណែក​ខុស​ហើយ​នៅ​ក្នុង​រឿង​នេះ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ក៏​គួរ​តែ​ជួយ​ចែក​គ្នា​ខុស​ដែរ កុំ​ឱ្យ​ខុស​តែ​ថៃ​ម្នាក់​ឯង​។…

ទី​ក្រុង​បាងកក​៖ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ភុំ​ថាម​វិឆា​យ៉ាឆៃ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​​របប​​​សឹក​ភូមា​ថា​​ថៃ​​​​ជា​អ្នក​ខុស​ធ្ងន់​ជាង​គេ​​នៅ​ក្នុង​ករណី​ដែល​មាន​ក្រុម​ឆ​បោក​តាម​អន​ឡាញ​រីក​ដុះ​ដាល​ដូច​ផ្សិត​នៅ​តាម​ព្រំ​ដែន​។ លោក​ភុំ​ថាម​​យល់​ថា​បញ្ហា​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្រទាក់​ក្រឡា​គ្នា​ដែល​មិន​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ទេ​។ វា​ត្រូវ​ការ​ការ​ចូល​រួម​ជា​ពហុ​ភាគី​។​

លោក​ភុំ​ថាម​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ផង​ដែរ​នោះ​មាន​ប្រសាសន៍​ថា​គេ​មិន​គួរ​ដាក់​ការ​ស្ដី​បន្ទោស​តែ​ទៅ​លើ​ប្រទេស​ថៃ​ម្នាក់​ឯង​នោះ​ទេ​ មាន​ន័យថា​ថៃ​ពិត​ជា​មាន​ចំណែក​ខុស​ហើយ​នៅ​ក្នុង​រឿង​នេះ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ក៏​គួរ​តែ​ជួយ​ចែក​គ្នា​ខុស​ដែរ កុំ​ឱ្យ​ខុស​តែ​ថៃ​ម្នាក់​ឯង​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​សារ​ព័ត៌​មាន​ភូមា​ផ្សាយ​ថា​របប​សឹក​ភូមា​កំពុង​ចាត់​ការ​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​រឿង​នេះ។ ប៉ុន្តែ​ណាស់​តែ​ប្រទេស​ជិត​ខាង​​​បង្ក​បញ្ហា​លំបាក​ខ្លាំង​ក្នុង​ការ​កាត់​ផ្ដាច់​ឫស​គល់​ក្រុម​ឧក្រិដ្ឋ​ជន​។​

ថ្មី​ៗ​នេះ របប​សឹក​អះ​អាង​ថា​ចាប់​ពី​ឆ្នាំ​២០២៣​រហូត​ដល់​ចុង​ឆ្នាំ​២០២៤​​ខ្លួន​បាន​បណ្ដេញ​ជន​ជាតិ​ចិន​ជាង​៥​ម៉ឺន​នាក់​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់ខ្លួន​វិញ និង​ដេញ​ជន​ជាតិ​បរទេស​ដទៃ​ទៀត​ដែល​ទៅ​បម្រើ​ការ​​ឆ​បោក​តាម​​អន​ឡាញ​ដោយ​ខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត​។ ក្នុង​នោះ​ចិនមាន​ចំនួន​ច្រើន​ជាង​គេ​ ក្រៅ​ពី​នេះ​មាន​វៀតណាម​ជាង​មួយ​ពាន់​នាក់​ និង​ថៃ​រាប់​រយ​នាក់​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សកម្ម​ភាព​ខុស​ច្បាប់​ទាំង​ឡាយ​នៅ​តាម​ព្រំ​ដែន​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ថៃ​ត្រៀម​ខ្លួន​ចូល​រួម​ចំណែក​ជា​មួយ​ភូមា​ក្នុង​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​។ ថៃ​ត្រៀម​ជួយ​ភូមា​ថែម​ទៀត​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​បើ​សិន​មាន​សំណូម​ពរ​។ សំខាន់​ឱ្យ​តែ​ខាង​ភាគី​ភូមា​មាន​ភស្តុតាង​គ្រប់​គ្រាន់​បង្ហាញ​ថា​ក្រុម​ខិល​ខូច​ទាំង​នោះ​ពិត​ជា​បាន​បើក​ប្រតិ​បត្តិ​ការ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ទៅ​មែន​។​

​គណៈ​កម្ម​​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ខាង​សន្តិ​សុខ​ជាតិ​ កិច្ច​ការ​ព្រំ​ដែន យុទ្ធ​សាស្ត្រ​ជាតិ និង​កំណែ​ទម្រង់​​ចោទ​សួរ​ទៅ​ក្រសួង​មហា​ផ្ទៃ​ថា​បើ​ដឹង​ថា​ទីតាំង​ណា​មួយ​មាន​បង្កប់​ល្បែង​អន​ឡាញ ឬ​មជ្ឈ​មណ្ឌល​ឆ​បោក​តាម​អន​ឡាញ​ហើយ​ហេតុ​​អ្វី​ក៏​នៅ​តែ​បណ្ដោយ​ឱ្យ​មាន​ភ្លើង​អគ្គិស​នី​ផ្គត់​ផ្គង់​ទៅ​ទីតាំង​នោះ​ទៀត​? ម៉េច​មិន​​កាត់​ផ្ដាច់​ចរន្ត​អគ្គិស​នី​ចោល​ទៅ​? បញ្ហា​នេះ​កើត​មាន​តាំង​ពីជំនាន់​លោក​សេដ្ឋា​ ថាក់​វិស៊ីន​នៅ​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ម៉្លេះ​។ លោក​បាន​បញ្ជា​ឱ្យ​ធ្វើ​បែប​នេះ​ ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​អើ​ពើ​ទេ​។​

គណៈ​កម្ម​ការ​សភា​យល់​ថា​នេះ​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​ណាស់​ក្នុង​នាម​ប្រទេស​ថៃ​ជា​អ្នក​ផ្គត់​ផ្គង់​ភ្លើង​អគ្គិស​នី​ទៅ​ឱ្យ​តំបន់​ជាប់​ព្រំ​ដែន​ភូមា​ដែល​បើក​ដំណើរ​ការ​សេវា​ឆ​បោក​តាម​អន​ឡាញ​។ កាសែត​ភូមា​រិះ​គន់​ថា​ថៃ​ហ្នឹង​ហើយ​ជា​អ្នក​ផ្ដល់​សេវា​អគ្គិស​នី​ទៅ​មជ្ឈ​មណ្ឌល​ឆ​បោក​ទាំង​នោះ​។ ​កាសែត​ភូមា​ខ្លះ​រហូត​ដល់​និយាយ​ថា​ថៃ​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ពួក​ឆ​បោក​ឱ្យ​រីក​ដុះ​ដាលដូច​ផ្សិត​។​

ថៃ​ និង​ភូមា​បាន​បញ្ជូន​ក្រុម​ការ​ងារ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ឆ​បោក​​។​​ បើ​មិន​ដូច្នេះ​ទេ​ ប្រទេស​ទាំង​២​នេះ​នឹង​ស្អុយ​ឈ្មោះ​នៅ​លើ​ឆាក​អន្តរ​ជាតិ​។ ជា​ពិសេស បញ្ហា​ឆ​បោក​ និង​បាត់​ខ្លួន​មនុស្ស​ជា​ហូរ​ហែ​នៅ​ប្រទេស​ថៃ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​ថៃ​ផង និង​វិស័យ​ទេស​ចរណ៍​របស់​ប្រទេស​នេះ​ផង​។ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​ផែ​ថង​ថាន​ ក៏​បាន​ចេញ​វីឌីអូ​​អេ​អាយ​ជា​ភាសា​ចិន​ដើម្បី​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ចិន​ដែល​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស​ថៃ​សូម​​ឈប់​ព្រួយ​បារម្ភ​ត​ទៅ​ទៀត​អំពី​​សុវត្ថិ​ភាព​៕​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ