ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ក្រើនរំលឹក​បងប្អូន​ចូលរួម​ការ​ពារ​និង​រក្សា​សុខភាព​​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀត​ណាម

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខិតចូល​មក​ដល់​ហើយ ក្នុង​នោះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​បាន​ត្រៀម​ ដោយ​រៀបចំ​ ទិញ​របស់របរ​ថ្មី​ៗតុបតែង​ផ្ទះ​សម្បែង ដើម្បី​ទទួល​ទេវតាឆ្នាំ​ថ្មី ពិសេស​នោះ​…

រាជធានី​ភ្នំពេញ ៖ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខិតចូល​មក​ដល់​ហើយ ក្នុង​នោះ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​បាន​ត្រៀម​ ដោយ​រៀបចំ​ ទិញ​របស់របរ​ថ្មី​ៗតុបតែង​ផ្ទះ​សម្បែង ដើម្បី​ទទួល​ទេវតាឆ្នាំ​ថ្មី ពិសេស​នោះ​ គឺមាន​​​ត្រៀម​​ធ្វើ​ម្ហូប​អាហារ ដើម្បី​ទុក​សែន​ជូន​ដល់​ដូនតា​តាម​ផ្ទះ​នីមួយ​ៗ ។

ដើម្បី​ចូលរួមការពារ​សុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ​ ជាពិសេស កុមារតូចៗ និង​មនុស្សចាស់ ក្រសួង​សុខាភិបាល​​ក៏បានធ្វើការណែនាំ​ និង​ក្រើន​រំលឹក​ដល់​បងប្អូន​ទាំងអស់ ត្រូវ​​យកចិត្ត​ទុកដាក់​ការពារ​សុខភាព​ សុវត្ថិភាព​ ដោយ​ត្រូវចូលរួម​អនុវត្ត​ទាំងអស់គ្នា ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៤ មក​រា នេះ ក្រសួងសុខាភិបាល​​បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​វិធានការ​ការ​ពារ និង​រក្សា​សុខភាព​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម ៖

-ប្រកាន់ខ្ជាប់​អនាម័យ​ដោយ​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​អាល់កុល មុន​ចាប់​កាន់​អាហារ ឬ​ប៉ះពាល់​សត្វ ដូច​ជា​បោច​សម្អាត ឬ​សម្លាប់ លាង​សម្អាត​សាច់ និង​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​ចម្លង​មេរោគ​។

-ចុងភៅ​ត្រូវ​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ដាច់​ដោយឡែក​ពី​គ្នា សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់ ចម្អិន ម្ហូបអាហារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់សត្វ ស៊ុត និង អាហារ​សមុទ្រ​។ នៅ​ពេល​បងប្អូន​ទិញ​ម្ហូបអាហារ​ដែល​ឆ្អិន​ស្រាប់​នៅ​តាម​ផ្សារ ឬ​តាម​ដងផ្លូវ​ត្រូវ​ប្រាកដ​ថា អាហារ​ទាំងនោះ​ឆ្អិន​ល្អ មាន​អនាម័យ និង​មាន​សុវត្ថិភាព ដោយ​វេច​ខ្ចប់​បាន​ត្រឹម
ត្រូវ​។

-ត្រូវ​ទុកដាក់​ចំណីអាហារ​ក្នុង​សីតុណ្ហភាព​មាន​សុវត្ថិភាព​។ កុំ​រក្សា​ទុក​អាហារ​ក្នុង​កន្លែង​ដែល​មាន សីតុណ្ហភាព​ធម្មតា​លើស​ពី ២​ម៉ោង (​បើ​សីតុណ្ហភាព​ត្រជាក់​ត្រូវ​តិច​ជាង ៥​អង្សា​សេ និង​បើ​ក្តៅ គឺ​ត្រូវ​លើស​ពី ៦០​អង្សា​សេ​) ឬ ចម្អិន​អាហារ​មួយ​ពេល​សម្រាប់​តែ​មួយ​ពេល ដោយ​មិន​ទុក​អាហារ សេសសល់​យូរ​ដែល​អាច​ផ្តើម ដែល​បង្ក​ឱ្យ​មានការ​រាករូស ឈឺពោះ ក្អួត​ជាដើម​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត និង​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មានគុណ​ភាពល្អ ហើយ​មិន​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​។

ទទួលទាន​ចំណីអាហារ និង​ពិសា​ទឹក​ឆ្អិន​ដាំ​ពុះ ដែល​មាន​អនាម័យ និង​សុវត្ថិ​ភាពល្អ​,​កុំ​ប្រើប្រាស់​ម្ហូបអាហារ​ដែល​រក្សា​ទុក​ហួស​កាលកំណត់​ប្រើប្រាស់​,

មិន​ត្រូវ​ទទួលទាន​ស្រា ដែល​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ ឬ​យក​មេតា​ណុ​លម​កលាយ​ជាមួយ ជា​ស្រា ស បង្ក​ឱ្យ​មានការ​ពុល​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​,

មិន​ត្រូវ​ទទួលទាន​ភេសជ្ជៈ​ស្រវឹង​លើស​កម្រិត ដែល​អាច​បង្ក​អំពើ​ហឹ​ង្សា និង​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​,

នៅ​ពេល​ក្អក​កណ្តាស់ ត្រូវ​ខ្ទប់មាត់​ដោយ​ពាក់​ម៉ាស់ ឬ​ប្រើ​កន្សែងដៃ ឬ​ប្រើ​ផ្នត់​កែងដៃ និង​មិន​ត្រូវ​ខាកស្តោះ និង​បន្ទោបង់​ពាស​វាល​ពាស​កាល​,ត្រូវ​សម្រាន្ត​ក្នុង​មុង ស្លៀកពាក់​ខោជើងវែង អាវដៃវែង ឱ្យ​បាន​ជិត ដើម្បី​បង្ការ​មូស​ខាំ​ដែល​អាច​បង្ក​ជា ជំងឺគ្រុនឈាម​, ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ និង​សម្លៀក​បំពាក់​ទាំង​នៅ​ក្នុង និង​ក្រៅ​ផ្ទះ​ឱ្យ​មាន​សណ្តាប់ធ្នាប់ លុប​បំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់​បន្ថយ​ជម្រក​មូស​,​ពេល​ធ្វើ​ដំណើរ​ត្រូវ​គោរព​ច្បាប់​ចរាចរ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​បង្ការ​អគ្គី​ភ័យ​នៅ​តាម​ផ្ទះសម្បែង​រៀងខ្លួន​ ។ ចៀសវាង​ការ​ចូលរួម​ក្នុង​ទីប្រជុំជន ឬ​ធ្វើ​ដំណើរ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យ​ថា​មានការ​ឆ្លង​ជំងឺ សូម​ប្រញាប់​ទៅ ស្វែងរក​ការ​ពិនិត្យ​ពិគ្រោះ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ឬ​ទូរ​សព្ទ​មក​លេខ​១១៥៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ