ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិ​ពល​អាំង​ប៉ា​វ​មុខ​ភូមិ​គ្រឹះ​អ្នក​ឧកញ៉ា​ សុខ គង់ (ស្លា.ប់.​និង.​រ.បួ.ស.​)

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​៤​នាក់​ស្លាប់​បាត់បង់​ជីវិត និង​៥​នាក់​ទៀត ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ខណៈ​មាន​អាកា​រៈ​ខ្យល់គរ​ស្លាប់​បន្តបន្ទាប់ ពេល​ដណ្តើម​ប្រជ្រៀត​គ្នា​ពពាក់ពពូន ចាំ​ទទួល​អាំង​ប៉ាវ​ជា​លុយ​ចំនួន ៤​ម៉ឺន​រៀល និង​អង្ករ​២​គីឡូក្រាម…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​៤​នាក់​ស្លាប់​បាត់បង់​ជីវិត និង​៥​នាក់​ទៀត ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ខណៈ​មាន​អាកា​រៈ​ខ្យល់គរ​ស្លាប់​បន្តបន្ទាប់ ពេល​ដណ្តើម​ប្រជ្រៀត​គ្នា​ពពាក់ពពូន ចាំ​ទទួល​អាំង​ប៉ាវ​ជា​លុយ​ចំនួន ៤​ម៉ឺន​រៀល និង​អង្ករ​២​គីឡូក្រាម នៅ​មុខ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា សុខ គង់ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

ហេតុការណ៍​ដែល​ស្មាន​មិន​ដល់​នេះ​បង្ក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៥ ។បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ព្រឹក​មិ​ញ​នេះ​ពួក​គាត់​បាន​ទទួល​ព័ត៌មាន​ថា អ្នកឧកញ៉ា សុខ គង់ ចែក​អាំង​ប៉ាវ​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាង​មុខ​នេះ ។ ដោយ​ឮ​ដូច្នេះ​ពួក​គេ​ក៏​នាំ​គ្នា​មក ក៏​ឃើញ​មាន​មនុស្ស​ម្នា​ប្រមាណ​ជាង​១​ពាន់​នាក់ បាន​ឈរ​ប្រជ្រៀត​គ្នា​ណែនណាន់តាន់តាប់​រង់ចាំ​យក​អាំង​ប៉ាវ ។ ខណៈនោះ​ដែរ ក្រុម​អង្គរក្ស​ការពារ​នៅ​ភូមិ​គ្រឹះ​អ្នកឧកញ៉ា​បាន​បើកទ្វារ​របង​ចេញ​មក​ដោយ​យក​អាំង​ប៉ាវ និង​អង្ករ​ចែក​ដល់​ពលរដ្ឋ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​អាំង​ប៉ាវ​ម្នាក់​៤​ម៉ឺន​រៀល ជាមួយ​អង្ករ​២​គីឡូក្រាម ។

ស្រប​ពេល​ចាប់ផ្តើម​ចែក​អាំង​ប៉ាវ​នោះ​បាន​ប្រហែល​ជាង​៣០​នាទី​ក្រោយ ក៏​ស្រាប់តែ​មានការ​រុញច្រាន​ដណ្តើម​គ្នា​ទៅ​មុខ​ទៅ​ក្រោយ​ៗ នឹង​ប្រជ្រៀត​គ្នា​ណែន​ប៉ែស បណ្តាល​ឱ្យ​មានការ​ថប់​ខ្យល់ ដកដង្ហើម រហូត​មាន​មនុស្ស​ដួល​សន្លប់​ជា​បន្តបន្ទាប់​តែ​ម្តង ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បាន​កើតឡើង ដោយ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នេះ​ក៏​មិន​អាច​ធ្វើ​ដំណើរ​បាន​ដែរ ។

ភ្លាម​ៗ​នោះ ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ចេញ​ជា​ច្រើន​គ្រឿង​មក​កាន់​ទីតាំង​កើតហេតុ​ផង​ដែរ ។ តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា មនុស្ស​ដែល​បាត់​បង់ជីវិត គឺ​បាន​ស្លាប់​បន្តបន្ទាប់​គ្នា ដំបូង​២​នាក់ ក្រោយមក​៣​នាក់ ទីបំផុត​ស្លាប់​ដល់​៤​នាក់ និង​៥​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ ។ ជន​រង​គ្រោះ គឺ​ភាគច្រើន​ជា​មនុស្ស​ចាស់ ដែល​មាន​បញ្ហា​ខ្សោយ​សុខភាព ក្នុង​នោះ​មាន​មនុស្ស​ប្រុស​២​នាក់ និង​ស្រី​២​នាក់ ។

តាម​សេចក្ដីរាយការណ៍​បន្ថែម​ពី​ភ្នាក់ងារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ខ្យល់គ​ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ស្លាប់​២​នាក់ និង​នៅ​មន្ទីរពេទ្យ​អង្គឌួង​ស្លាប់​២​នាក់ ។
ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​៤​នាក់​បាន​ស្លាប់ (​ប្រុស​២​នាក់ និង​ស្រី​២​នាក់​) ហើយ​ជន​រង​គ្រោះ​ទាំង​៤​នាក់ មាន​អាយុ​ច្រើន​ហើយ​ប្រហែលជា​ខ្សោយ​ខ្លាំង​ទើប​បណ្តាល​ឲ្យ​ស្លាប់​ពេល​ប្រជ្រៀត​គ្នា ។

ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​រថយន្ដ​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​អន្ដរាគមន៍​ដឹក​ប្រជាពលរដ្ឋ​ទៅ​សង្គ្រោះ និង​សម្រួល​ចរាចរណ៍​ព្រមទាំង​បំបែក​ការ​ជួបជុំ​ដ៏​អាក្រក់​នេះ​ដើម្បី​ស្តារ​បរិយាកាស​ឱ្យ​វិល​មក​ប្រក្រតី​វិញ ។

លោក ចាប ឌី​ណា អភិបាលរង​ខណ្ឌដូនពេញ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​រួម​មាន​៖
សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ចំនួន​៤​នាក់ ស្លាប់​ចំនួន​២​នាក់ (​ស្រី​១​នាក់ ប្រុស​១​នាក់​) ។
អ្នក​ស្លាប់​ទាំង​២​មាន ម្នាក់​ឈ្មោះ ម៉ា​ន់ ស៊ី​យ៉ា​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ និង​ម្នាក់​ទៀត​ឈ្មោះ គង់ វ៉ា​ន់​ថា ភេទ​ស្រី អាយុ​៦៧​ឆ្នាំ នៅ​ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ចំពោះ​អ្នក​សង្គ្រោះ​បន្ទាន់​៖
១-​ឈ្មោះ ជិន តុ​ន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ភូមិ​អណ្តូង សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។
២-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។
សង្គ្រោះ​នៅ​ពេទ្យ​កាល់​ម៉ែ​ត​ចំនួន​៥​នាក់ សង្គ្រោះ​បន្ទាន់​៣​នាក់​រួម​មាន​៖
១-​ឈ្មោះ កែវ ភឿន អាយុ​៦៥​ឆ្នាំ ភេទ​ប្រុស ។
២-​ឈ្មោះ ហេង សានី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ។
៣-​ឈ្មោះ នូ ស៊ី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ។

ករណី​នេះ​ពួក​គាត់​ប្រាប់​ថា គាត់​ទៅ​មើល​គេ ហើយ​បានឮ​ថា​បងខ្លួន​ស្លាប់​ក៏​ដួល​សន្លប់​តែ​ម្តង ។
ករណី​ស្លាប់​ចំនួន​២​នាក់​(​ស្រី​១​នាក់ ប្រុស​១​នាក់​) ម្នាក់​ឈ្មោះ រឿ​ន ចេក ភេទ​ស្រី អាយុ​ប្រហែល​៣៧​ឆ្នាំ ស្រុក​កំណើត ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ យស់ សា​រឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្រុក​កំណើត ភូមិ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

អំណោយ​ជួយ​អ្នក​ស្លាប់​និង​របួស
ការ​កើត​មាន​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នឹក​ស្មាន​មិន​ដល់​នេះ អ្នកឧកញ៉ា សុខ គង់ និង​កូនប្រុស គឺ​អ្នកឧកញ៉ា សុខ ហុង បាន​ចូលរួម​ឧបត្ថម្ភ សម្រាប់​សព​ម្នាក់ ៦​ពាន់​ដុល្លារ និង​អ្នក​របួស​ម្នាក់​៤​លាន​រៀល ។

ដោយឡែក​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ដល់​សព​ម្នាក់​ៗ ចំនួន​៥​លាន​រៀល ព្រមទាំង​មឈូស​សម្រាប់​អ្នក​ស្លាប់ និង​អ្នក​របួស​ចំនួន​២​លាន​រៀល ។ ថវិកា​ទាំងនេះ​ត្រូវ​បាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ