ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​អាមេរិក​ចូល​លុយ​រាប់​លាន​ដុ​ល្លារ​ដើម្បី​ដោះ​ស្រាយ​អាកាស​ធាតុ

17 ម៉ោង មុន

​ទី​ក្រុង​វ៉ាស៊ីន​តោន៖ សេដ្ឋី​អាមេរិក​ម្នាក់​​ប្រកាស​ថា​ខ្លួន​​ត្រៀម​​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​រាប់​លាន​ដុល្លារ​ដើម្បី​ចូល​រួម​នៅ​ក្នុង​មូល​និធិ​នៃកិច្ច​ព្រម​ព្រៀង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​សម្រេច​ចិត្ត​ដក​ប្រទេស​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ដែល​លោក​គិត​ថា​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ​។ សេដ្ឋី​អាមេរិក​ លោក​ម៉ៃ​ឃើល ប្ល៊ូម​បឺក ដែល​ជា​នាយក​ទូរ​ទស្សន៍​ប្ល៊ូម​បឺក​ផង​ដែរ​នោះ ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​នៅ​តែ​មាន​ថវិកា​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដើម្បី​បំពេញ​បេសក​កម្ម​ជួយ​សង្គ្រោះ​ភព​ផែន​ដី​របស់​យើង​ពី​ការ​វិនាស​អន្ត​រាយ​ដោយ​សារ​ការ​ឡើង​កម្ដៅ​។ ​ជា​ទូទៅ​រដ្ឋាភិបាល​អាមេរិក​ចូល​លុយ​២២%​​នៃ​ថវិកា​សរុប​​របស់​ស្ថាប័ន​ UNFCCC។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ សេដ្ឋី​អាមេរិក​ម្នាក់​​ប្រកាស​ថា​ខ្លួន​​ត្រៀម​​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​រាប់​លាន​ដុល្លារ​ដើម្បី​ចូល​រួម​នៅ​ក្នុង​មូល​និធិ​នៃកិច្ច​ព្រម​ព្រៀង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​សម្រេច​ចិត្ត​ដក​ប្រទេស​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ដែល​លោក​គិត​ថា​ខ្ជះ​ខ្ជាយ​ថវិកា​ជាតិ​។

សេដ្ឋី​អាមេរិក​ លោក​ម៉ៃ​ឃើល ប្ល៊ូម​បឺក ដែល​ជា​នាយក​ទូរ​ទស្សន៍​ប្ល៊ូម​បឺក​ផង​ដែរ​នោះ ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​នៅ​តែ​មាន​ថវិកា​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដើម្បី​បំពេញ​បេសក​កម្ម​ជួយ​សង្គ្រោះ​ភព​ផែន​ដី​របស់​យើង​ពី​ការ​វិនាស​អន្ត​រាយ​ដោយ​សារ​ការ​ឡើង​កម្ដៅ​។ ​ជា​ទូទៅ​រដ្ឋាភិបាល​អាមេរិក​ចូល​លុយ​២២%​​នៃ​ថវិកា​សរុប​​របស់​ស្ថាប័ន​ UNFCCC។

សម្រាប់​ឆ្នាំ​២០២៤​-២០២៥ ស្ថាប័ន​នេះ​ត្រូវ​ការ​ថវិកា​​៩៦,៥​លាន​ដុល្លារ​។ បេសក​កម្ម​សំខាន់​ៗ​របស់​ស្ថាប័ន​នេះ​គឺ​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​សាកល​ និង​រៀប​ចំ​កិច្ច​ប្រជុំ​​​ពាក់​ព័ន្ធ​នឹង​អាកាស​ធាតុ​។ កិច្ច​ប្រជុំ​លើក​ក្រោយ​នឹង​រៀប​ចំ​នៅ​ប្រទេស​ប្រេ​ស៊ីល​នា​ខែ​វិច្ឆិកា​។ ​នេះ​ជា​លើក​​ទី​២​ដែល​លោក​ប្ល៊ូម​បឺក​ក្នុង​នាម​ជា​អតីត​ចៅ​ហ្វាយ​ក្រុង​ញូយ៉ក​បាន​ស្ម័គ្រ​ចិត្ត​ចូល​ខ្លួន​មក​ជួយ​ឈឺ​ឆ្អាល​បញ្ហា​ខ្វះ​ខាត​ថវិកា​នៅ​ក្នុង​ស្ថាប័ន​ខាង​លើ​។

កាល​ពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ដក​ខ្លួន​​ថយ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស លោក​​ប្ល៊ូមបឺក​បាន​ចេញ​លុយ​ហោ​ប៉ៅ​ខ្លួន​ឯង​ចំនួន​១៥​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​ស្ថាប័ន​ UNFCCC​។ ​លោក​ប្ល៊ូមបឺក​បាន​បញ្ជាក់​ជំហរ​ឡើង​វិញ​ថា​លោក​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចូល​លុយ​ទៅ​ក្នុង​មូល​និធិ​នេះ​ប្រៀប​ដូច​ជា​អ្នក​តំណាង​ឱ្យ​ភាគី​ប្រទេស​អាមេរិក​នៅ​ក្នុង​ការ​ចូល​រួម​បរិច្ចាគ​ថវិកា​។​

ប្រធាន​ទទួល​បន្ទុក​​ខាង​អាកាស​ធាតុ​របស់​ UN ​ថ្លែង​ថា​សប្បុរស​ជន​ដែល​ចូល​លុយ​ច្រើន​ៗ​ដូច​ជា​លោក​ប្ល៊ូម​បឺក​​​ជា​តួ​អង្គ​សំខាន់​​នៅ​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​ងារ និង​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​។ ដូច្នេះ គាត់​​បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ពុល​ទៅ​ក្នុង​បរិយាកាស​, ជួយ​ជំរុញ​ភាព​ធន់ និង​បរិស្ថាន​ល្អ​សម្រាប់​​​មនុស្ស​​​ទាំង​អស់​។​

កាល​ពី​ថ្ងៃ​ចន្ទ លោក​ត្រាំ​ប្រកាស​ច្បាស់​ៗ​ថា​អាមេរិក​នឹង​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ដែល​ដឹក​នាំ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​​។ នៅ​ក្នុង​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​របស់​លោក​​ក៏​មាន​និយាយអំពី​ដក​ខ្លួន​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​​ផង​ដែរ​។ ក្រៅ​ពី​នេះ លោក​ត្រាំ​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​នានា​ទូទាំង​ពិភព​លោក​ និង​ណែ​នាំ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​អស់​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឱ្យប្រទេស​​អាមេរិក​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​។

លោក​ត្រាំ​ជា​អ្នក​ជំនួញ​ដូច​លោក​ប្ល៊ូម​បឺក​ដែរ​។ ប៉ុន្តែ​អ្នក​ទាំង​២​មាន​ជំហរ​ផ្សេង​គ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​លុយ​កាក់​។ លោក​ប្ល៊ូម​បឺក​ជា​មនុស្ស​​ដៃ​ទូលាយ ហើយ​​​​ហ៊ាន​ចំណាយ​លុយ​ច្រើន​ៗ​ដោយ​ឥត​ស្ដាយ​ស្រណោះ​ព្រោះ​គាត់​គិត​ថា​លុយ​ជា​របស់​ក្រៅ​ខ្លួន​​។ កាល​ពី​អំឡុង​បោះ​ឆ្នោត​ប្រធានា​ធិបតី​​ចុង​ឆ្នាំ​២០២០​​ លោក​ប្ល៊ូម​បឺកបាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជាង​​​៥​រយ​លាន​ដុល្លារ​ដើម្បី​ឃោសនា​បោះ​ឆ្នោត​។ យោង​តាម​ទស្សនា​វដ្ដី​ហ្វប (Forbes) លោក​ប៊្លូម​បឺក​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង​១០០​ពាន់​លាន​ដុល្លារ​ប្រហាក់​ប្រហែល​នឹង​លោក​ប៊ីល​ហ្គេត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ