រាជធានភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលិទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត និងពិនិត្យបន្ថែមទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែក ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង អភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅតាមតំបន់សំខាន់ៗ លើការដឹកជញ្ជូនទំនិញ ពីតំបន់មួយទៅកាន់តំបន់មួយ ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ឱ្យក្រសួងសាធារណការ ពិនិត្យបន្ថែមទៀត លើការសហការជាមួយភាគីថៃ ដើម្បីជំរុញការអភិវឌ្ឍកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត ។
សម្តេចបវរធិបតី ថ្លែងថា ៖ “កិច្ចការងារនេះ អាចពិនិត្យបន្ថែមទៀត ទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការបន្ថែមតភ្ជាប់ ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែករបស់យើង ហើយចំពោះការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅខាងមុខ ដែលត្រូវការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះ គឺការតភ្ជាប់ផ្លូវដែក ផ្លូវខ្នល់នេះ គឺជាកិច្ចការសំខាន់មួយ” ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ឱ្យក្រសួងសហការពិនិត្យមើលជាមួយនឹងខាង CDC ក៏ដូចជាខាងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាមើលមួយជំហាន នៅក្រគរ ដែលគ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលជៀសមិនផុតពីការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយទៅច្រកប៉ោងប៉ែត ដូច្នេះការដឹកជញ្ជូនត្រូវមានពហុមធ្យោបាយ អន្តរមធ្យោបាយ ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបាមបន្ថែមថា “ផ្លូវយើងធ្វើហើយ ប៉ុន្តែផ្លូវដែកនេះ ជាពិសេសសម្រាប់ដឹកជញ្ជូនទំនិញច្រើន ដូចនពោធិ៍សាត់ ដឹករថយន្ត មានរថយន្ត Ford រថយន្តអីទៅថ្ងៃមុខទៀត យើងមានលទ្ធភាព ក្នុងការដឹកទំនិញផ្សេងទៀត សម្រាប់ចេញទៅក្រៅ ចឹងការតភ្ជាប់នេះ សំខាន់ណាស់ ហើយតួនាទីរបស់ផ្លូវដែក ក៏កាន់តែសំខាន់ ចឹងយើងគិតគូរ ដើម្បីរៀបចំ ហើយវាមិនឆ្ងាយប៉ុន្មានទេ ខ្ញុំមើលដូចប្រហែលមិនដល់១០គីឡូ នៅក្នុងការគិតគូរ” ។
ក្នុងកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កម្ពុជាមិនមានតម្រូវការវិនិយោគសាងសង់រថភ្លើងល្បឿនលឿន ដោយចំណាយថវិការាប់ពាន់លានដុល្លារនោះទេ គ្រាន់តែកែសម្រួលអ្វីមានស្រាប់ ធ្វើឱ្យប្រសើឡើង ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប៉ុន្ដែអ្វីទាំងនេះ ខ្ញុំគិតថា ជាកិច្ចការដែលយើងមិនចាំបាច់ទៅដល់រាប់លានវិនិយោគទៅលើរទេះភ្លើងល្បឿនលឿននោះទេ អ្វីដែរយើងមានស្រាប់ អារទេះភ្លើងយើងមានរាល់ថ្ងៃអាចធ្វើទំនើបកម្ម អាចថា ធ្វើឱ្យប្រសើឡើង»។ យ៉ាងណាក្តីសម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់នៅតំបន់ផ្លូវដែក ក្នុងន័យនេះ សម្ដេចបានណែនាំឱ្យពង្រឹងសុវត្ថិភាពតាមផ្លូវដែកផងដែរ ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បន្តទៀតថា «សូមយកចិត្តទុកដាក់កត្តាសុវត្ថិភាព (សុវត្ថិភាពតាមផ្លូវដែក) ប៉ុន្ដែនេះជាស្ថានភាពជាក់ស្ដែង ដោយសារចរាចរណ៍យើងកាន់តែច្រើន ហើយផ្លូវកាត់ភូមិ កាត់ស្រុក កាន់តែច្រើន។ ប៉ុន្ដែក្រសួង បានសិក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងបានដាក់ផែនការមួយចំនួន» ។
សូមបញ្ជាក់ថា ច្រកស្ទឹងបត់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះ នៅច្រកព្រំដែនប៉ោយប៉ែត នាពេលបច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ