ទីក្រុងប៉េកាំង៖ ថ្ងៃនេះ ប្រទេសចិនបញ្ចេញប្រតិកម្មខ្លាំងៗតបទៅប្រទេសអាមេរិក។ អ្នកនាំពាក្យចិន លោកស្រីម៉ៅនីង ថ្លែងថាអាមេរិកគ្មានសិទ្ធិអីត្រូវមកជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងទេ។ ដូច្នេះ ប្រទេសចិនសូមស្នើឱ្យអាមេរិកដកខ្លួនឱ្យឆ្ងាយពីបញ្ហានេះដើម្បីឱ្យចិន និងបណ្ដាប្រទេសដែលមានជម្លោះនិយាយគ្នាតាមសម្រួល។ ការថ្លែងដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោកម៉ារ៉ាកូ រូប៊ីយ៉ូ(Marco Rubio)ទើបតែសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន។
នៅក្នុងក្រសែភ្នែករបស់ចិន កាលណាអាមេរិកនៅពីក្រោយប្រទេសដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ពួកគេនឹងអាងខ្នងអាមេរិកនៅពីក្រោយ។ ម៉្លោះចរចាមិនងាយត្រូវគ្នាទ។ ចំណែកប្រទេសដែលមានជម្លោះយល់ថាគ្រាន់តែចាប់ផ្ដើមភ្លាមខ្លួនចាញ់ប្រៀបប្រទេសចិនបាត់ទៅហើយ។ ដូច្នេះ ត្រូវតែមានខ្នងមហាអំណាចទើបអាចមានទម្ងន់នៅក្នុងការចរចា។
ក្រសួងការបរទេសអាមេរិកថ្លែងថានៅក្នុងការសន្ទនាគ្នានោះ លោករ៉ូប៊ីយ៉ូចាត់ទុកថាសកម្មភាពយោធារបស់ប្រទេសចិនធ្វើឱ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយមិនស្របទៅនឹងបទបញ្ញត្តិជាអន្តរជាតិទេ។ ជាកិច្ចឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថាកិច្ចសហការយោធារវាងអាមេរិក និងហ្វ៊ីលីពីនមិនត្រូវធ្វើឱ្យប៉ះពាល់អធិបតេយ្យភាពជាតិរបស់ប្រទេសចិន និងសិទ្ធិស្របច្បាប់របស់ចិនក្នុងការកាន់កាប់ដែនសមុទ្រនោះដែរ។
ម៉្យាងទៀតអ្នកនាំពាក្យរូបនេះយល់ថាដែនសមុទ្រដែលហ្វ៊ីលីពីនអះអាងថាជាទឹកដីរបស់ខ្លួននោះក៏អាមេរិកមិនគួរប្រកាសគាំទ្រនោះទេ។ ទំនាក់ទំនងរវាងចិន និងហ្វ៊ីលីពីនកាលពីជំនាន់លោកឌូតឺតេគ្រប់គ្រងប្រទេសមិនសូវមានបញ្ហាទេ។ ប៉ុន្តែចាប់តាំងពីលោកម៉ាកូសឡើងកាន់អំណាចរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចាប់ផ្ដើមរកាំរកូសខ្លាំង។
ពេលខ្លះប្រទេសទាំង២ប៉ះទង្គិចគ្នារវាងទូកល្បាតរបស់ចិន និងទូករបស់ហ្វ៊ីលីពីនដែលដឹកស្បៀងអាហារទៅចែកជូនគ្នារបស់គេប្រចាំការនៅក្នុងខ្មោចកប៉ាល់មួយគ្រឿង។ ហ្វ៊ីលីពីនចាត់ទុកថាកប៉ាល់នេះជាគោលចារឹកនៃព្រំដែនទឹករបស់ខ្លួន។ នៅក្នុងការថ្លែងសារនយោបាយនៅថ្ងៃនេះ អ្នកនាំពាក្យចិនក៏បានបញ្ចេញប្រតិកម្មតបផងដែរទៅនឹងគម្រោងដាក់ពង្រាយជើងទម្របាញ់មីស៊ីលរបស់អាមេរិកម៉ាកថាយហ្វុន (Typhon) នៅលើមូលដ្ឋានយោធាដែលទើបតែសាងសង់ថ្មី។
ប្រទេសចិនថ្លែងថាទង្វើនេះនឹងនាំឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការសម្ដែងឫទ្ធិដាក់គ្នាខាងអាវុធ និងយោធា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលហ្វ៊ីលីពីនប្រាប់ថាមីស៊ីលម៉ាកថាយហ្វុនជាប្រភេទកាំជ្រួចហ្វូងដែលអាចបាញ់ម្ដងៗចេញច្រើនគ្រាប់ ហើយអាចបាញ់បានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ ជើងទម្រនេះបានដឹកទៅដល់មូលដ្ឋានទ័ពអាកាសរបស់ហ្វ៊ីលីពីនហើយហើយបានដឹកបន្តទៅកោះលូហ្សន (Luzon) ដែលស្ថិតនៅទល់មុខនឹងប្រទេសចិន។
អ្នកនាំពាក្យចិនចាត់ទុកថានេះជាទង្វើដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវទាល់តែសោះ។ ជើងទម្របាញ់មីស៊ីលនេះមិនធម្មតាទេ។ វាអាចបាញ់មីស៊ីលបណ្ដែតម៉ាកថូម៉ាហក (Tomahawk) ចេញពីទឹកដីហ្វ៊ីលីពីនទៅដល់ទឹកដីចិន និងរុស្ស៊ី។ មីស៊ីលនេះក៏អាចបាញ់យន្តហោះ ឬនាវាចម្បាំងនៅក្នុងរយៈចម្ងាយលើសពីពីររយគីឡូម៉ែត្រផងដែរ៕
ចែករំលែកព័តមាននេះ