ខេត្តកំពត ៖ នាដើមឆ្នាំ២០២៥នេះ នៅខេត្តកំពត ហាក់ដូចជាស្បើយមិនសូវមានមង្គលការតាមភូមិ-ឃុំនានាដូចឆ្នាំមុនៗទេ ។ អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានត្រឹមតែស្ដាប់ឮពីបុគ្គលម្នាក់ៗ និយាយដើមគ្នាទៅវិញទៅមករឿងអ្នកភូមិដូចគ្នាជំពាក់ចំណងដៃគ្នា ហើយមិនព្រមទៅចងដៃជាសំណង ឬមិនព្រមទៅចងដៃគេវិញក្លាយជារឿងនិយាយដើមគ្នាហុយដី ។
ក្នុងនោះ ក៏មានមន្ត្រីនគរបាលម្នាក់នៅស្រុកកំពង់ត្រាច និយាយពេញៗមាត់ដែរ រឿងគាត់យកប្រាក់ចំនួន១០ម៉ឺនរៀលទៅចងដៃក្នុងមង្គលការកូនគេ ហើយពេលគាត់អញ្ជើញមកហូបការវិញក៏មិនឃើញមកចូលរួមចងដៃជាសំណងដែរ គឺខឹង និងនិយាយដើមគ្នាជាប់រហូត ដូចហែកកេរ្តិ៍គ្នា ។
មន្ត្រីនគរបាលរូបនោះនិយាយទៀតថា បើរវល់មិនបានចូលរួមជួបមុខគ្នាដើម្បីចងដៃ ក៏ត្រូវយកលុយទាំងនោះមកចងដៃវិញដែរ តែរង់ចាំមើលដល់ឆ្នាំ២០២៥នេះហើយនៅតែធ្វើមិនដឹង ។ ចំណែកឯអ្នកលក់ដូរម្នាក់ទៀត ក៏បាននិយាយរឿងដែលគាត់ជិតការកូន ខំទៅចងដៃការគេ១០ម៉ឺនរៀល អត់ហ៊ានខានទេ ឱ្យតែគេហៅការ ស្រាប់តែពេលការកូន ទៅប្រាប់គេវិញ គេមកចងដៃតែ៧ម៉ឺនរៀលប៉ុណ្ណោះមានឈ្មោះនេះ ឈ្មោះនោះជាដើម គឺនិយាយចំៗតែម្តង ។
ការនិយាយរឿងរ៉ាវជំពាក់ចំណងដៃគ្នាទៅវិញទៅមកនេះ កើតមានប៉ុន្មានឆ្នាំចុងក្រោយនេះជាហូរហែ ហើយលើកហេតុផលស្រដៀងគ្នាផងដែរ រហូតដល់ម្ចាស់ដើមការ ផ្ដាំប្រាប់ទៅអ្នកដែលមិនបានមកសងចំណងដៃឱ្យដឹង ឱ្យភ្ញាក់ខ្លួនទៀតផង ។
ជាការពិតណាស់ អ្នករៀបចំមង្គលការកូនដើរហៅភ្ញៀវ អ្នកខ្លះក៏បានត្អូញត្អែរពីការអស់កូនការ អ្នកខ្លះទៀតថាខ្លួនចាស់ហើយអស់កូនការ ចុះបើយើងជំពាក់ចំណងដៃការកូនគេកាលពីប៉ុន្មានឆ្នាំមុននោះ គិតយ៉ាងម៉េច ? កាលដែលយើងមានរវល់ គេខំលក់ស្រូវយកលុយមកចងដៃ ? ទោះជាបែបណានោះ មង្គលការនីមួយៗគេអាចនិយាយថា ជាការយកដៃគ្នាម្នាក់ម្ដងៗតែប៉ុណ្ណោះ ។
បើយើងជំពាក់ចំណងដៃគេ ហើយយើងមិនបានមក ក៏យកលុយមកចងដៃគេវិញវាចប់រឿងទៅហើយ ។ នេះជារឿងក្តៅនៅតាមជនបទ ។ ពិសេសទៀត អ្នកភូមិភាគច្រើនសុទ្ធតែរក្សាទុកសំបុត្រការទាំងហិប ទុកផ្ទៀងមើល តើគេចងដៃមកវិញត្រឹមត្រូវដែរឬអត់ ? មិនងាយភ្លេចទេ រឿងចំណងការ ខ្លះតាមទារយកត្រង់ៗ ព្រោះមិនឃើញទៅសងចំណងដៃ ៕
ចែករំលែកព័តមាននេះ