ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LA កើតមានភ្លើងឆេះព្រៃថ្មីទៀតមិនអាចគ្រប់គ្រងបាន ប.ង្ខំជម្លៀ.សមនុស្សជាង៣ម៉ឺននាក់

9 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន NBC News និង BBC នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥…

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន NBC News និង BBC នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានរាយការណ៍ថា ភ្លើងឆេះព្រៃរាលដាលលឿនថ្មីមួយទៀត បានកើតឡើងនៅក្នុងតំបន់ នៃទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីតំបន់កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅរួចមកហើយ ដោយសារតែគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃទីក្រុងមួយនេះ។

ភ្លើងឆេះព្រៃថ្មីមានឈ្មោះថា Hughes បានឆាបឆេះប្រហែលជាង ៧២គីឡូម៉ែត្រ ភាគខាងជើងទីក្រុង LA កាលពីព្រឹកថ្ងៃពុធ នៅជិតបឹង Castaic ក្នុងតំបន់ភ្នំដែលមានព្រំប្រទល់ជាប់តំបន់សម្បូរលំនៅដ្ឋាន និងសាលារៀនជាច្រើន។ ភ្លើងមិនអាចគ្រប់គ្រងបាននេះ បានរាលដាលដល់ជាង ៣,៨០០ហិច​តាក្នុងរយៈពេលជាច្រើនម៉ោង មកជាមួយនឹងខ្យល់បក់បោកខ្លាំង។ រហូតមកទល់ពេលនេះ គ្មានផ្ទះសម្បែង ឬអាជីវកម្មណាមួយត្រូវបានខូចខាតនោះទេ ប៉ុន្តែអ្នកស្រុកប្រហែល ៣១,០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួន ហើយផ្លូវ Interstate 5 ដែលជាផ្លូវហាយវេចម្បងរត់តាមបណ្តោយឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិកពីម៉ិកស៊ិកទៅកាណាដា ត្រូវបានបិទ។

អគ្គីភ័យថ្មីកំពុងតែឆាបឆេះនៅភាគខាងជើង បន្ថែមនៅទីតាំងកំពុងឆេះដែលបានបំផ្លាញសង្កាត់ជាច្រើនក្នុងតំបន់នៃទីក្រុង LA កាលពីដើមខែនេះ។ ក្រុមមន្ត្រីបានរាយការណ៍ថា អណ្តាតភ្លើងថ្មីពីរទីតាំងផ្សេងទៀតបានឆាបឆេះឆ្ងាយទៅភាគខាងត្បូងក្បែរទីក្រុងសាន់ឌីអាហ្គោ (San Diego) និងទីក្រុងឆ្នេរ Oceanside។ ក្រុមមន្ត្រីបន្តថា ការឆាបឆេះថ្មីនេះ មិនអាចគ្រប់គ្រងបាននៅឡើយទេ ប៉ុន្តែកម្រិតខ្យល់បោកបក់មិនខ្លាំងដូចភ្លើងឆេះនៅតំបន់ Eaton និង Palisades កាលពីថ្ងៃទី៧ ខែមករាឡើយ។ ក្រុមពន្លត់អគ្គីភ័យបានទម្លាក់សារធាតុ Retardant រាប់ម៉ឺនហ្គាឡុង ដើម្បីជួយបញ្ឈប់ការឆេះរីករាលដាល។

គួរបញ្ជាក់ថា តំបន់ជាច្រើននៅក្នុងទីក្រុង LA ត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់ប៉ុន្មានសប្តាហ៍មកហើយ ដោយបានឆក់យកជីវិតមនុស្សយ៉ាងតិច២៨នាក់ និងបំផ្លិចបំផ្លាញអគារ និងផ្ទះសម្បែងអស់រាប់ពាន់ខ្នង កាលពីដើមខែនេះ ជាមួយនឹងទំហំនៃការខាតបង់ត្រូវបានប៉ាន់ស្មានថា រហូតដល់រាប់រយពាន់លានដុល្លារអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ