រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា អាកាសធាតុប្រទេសកម្ពុជាមិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថានឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះកម្រិតគុណភាពខ្យល់នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជាមិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម ។
បើតាមលោក ខ្វៃ អាទិត្យា បានលើកឡើងថា ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់នៅកម្ពុជាបានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិតនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាននឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបរិស្ថានបានឲ្យដឹងក្រសួងបានបញ្ចេញរថយន្ដចល័ត ដើម្បីពិនិត្យគុណភាពខ្យល់ នៅក្នុងទីក្រុងភ្នំពេញ១០កន្លែង និងនៅបណ្តាលរាជធានីខេត្ត៦០កន្លែងផងដែរ ។
សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះ គឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២ ៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕
ចែករំលែកព័តមាននេះ