ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចចិនសម្រេចបានកំណើន៥% នៅឆ្នាំ ២០២៤ ពោលទាបជាងឆ្នាំ ២០២៣

7 ម៉ោង មុន

ប្រទេសចិន ៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៥% កាលពីឆ្នាំមុន ស្របតាមគោលដៅរបស់រដ្ឋាភិបាល អរគុណដល់ការនាំចេញដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងជំរុញរបស់រដ្ឋាភិបាល ដោយភាគច្រើនជួយប៉ះប៉ូវដល់តម្រូវការក្នុងស្រុកចុះខ្សោយ។…

ប្រទេសចិន ៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៥% កាលពីឆ្នាំមុន ស្របតាមគោលដៅរបស់រដ្ឋាភិបាល អរគុណដល់ការនាំចេញដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងជំរុញរបស់រដ្ឋាភិបាល ដោយភាគច្រើនជួយប៉ះប៉ូវដល់តម្រូវការក្នុងស្រុកចុះខ្សោយ។

ទោះយ៉ាងណា កំណើនឆ្នាំ ២០២៤ ទាបជាងអត្រា ៥,២% កាលពីឆ្នាំ ២០២៣ ហើយបណ្តាអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា វានឹងធ្លាក់ចុះបន្ថែមទៀត នៅប៉ុន្មានឆ្នាំខាងមុខ។

យោងតាមទិន្នន័យការិយាល័យស្ថិតិជាតិចិនបានឱ្យដឹងថា នៅក្នុងត្រីមាសទី៤ ដែលជាត្រីមាសចុងក្រោយ កាលពីឆ្នាំ ២០២៤ ចិនមានកំណើនសេដ្ឋកិច្ច ៥,៤% ជាមួយការកើនឡើងពី ៤,៦% នៅក្នុងត្រីមាសទីបី។ ការិយាល័យបានរាយការណ៍ថា វឌ្ឍនភាពជាលំដាប់នេះ កើតឡើងចំពេលមានស្ថិរភាព ប៉ុន្តែចង្អុលបង្ហាញពីបរិយាកាសស្មុគស្មាញ ជាមួយការកើនឡើងសម្ពាធពីខាងក្រៅ និងផលលំបាកផ្ទៃក្នុងផងដែរ។

របាយការណ៍បន្តថា សេដ្ឋកិច្ចបានងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ បន្ទាប់ពីរដ្ឋាភិបាលអនុវត្តវិធានការជំរុញជាបន្តបន្ទាប់។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយអត្រាការប្រាក់ ក៏ដូចជាគម្រោងពាណិជ្ជកម្មសម្រាប់ទំនិញប្រើប្រាស់ និងការលើកលែងពន្ធសម្រាប់ការទិញអចលនទ្រព្យ។

ពេញមួយឆ្នាំ ២០២៤ ទិន្នផលពីឧស្សាហកម្មបានកើនឡើង ៥,៨% ជំរុញដោយដំណើរការដ៏រឹងមាំក្នុងការផលិត ប៉ុន្តែការលក់រាយបានកើនឡើងត្រឹម ៣,៥% បើទោះជាគោលនយោបាយមានគោល បំណងជំរុញតម្រូវការក្នុងស្រុកក៏ដោយ។ រដ្ឋាភិបាលក្រុងប៉េកាំងបាននឹងកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពកំណើនឡើងវិញ តាមរយៈការជំរុញការប្រើប្រាស់ក្នុងស្រុក ចាកឆ្ងាយពីការពឹងផ្អែកខ្លាំងលើការនាំចេញ។

ការនាំចេញបានកើនឡើងនៅពេលបណ្តាក្រុមហ៊ុន និងអ្នកប្រើប្រាស់ប្រញាប់ប្រញាល់ទិញទំនិញពីចិន មុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានសន្យាដាក់ពន្ធខ្ពស់លើទំនិញចិន។ ការនាំចេញកើនឡើង ៧,១% ចំណែកការនាំចូលកើនឡើង ២,៣%។ អតិរេកពាណិជ្ជកម្មរបស់ចិនបានកើនឡើងដល់កំណត់ត្រាក្នុងតម្លៃ ៩៩២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ជាមួយការនាំចេញក្នុងកម្រិតខ្ពស់បំផុត។

ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីរពិភពលោក បាននឹងកំពុងតែតស៊ូជាមួយការធ្លាក់ចុះតម្រូវរបស់អ្នកប្រើប្រាស់ក្នុងស្រុក ស្របពេលវិបត្តិអចលនទ្រព្យក៏ជាកត្តាជំរុញសំខាន់នៃសកម្មភាពអាជីវកម្មធ្លាក់ចុះផងដែរ។

ចំនួនប្រជាជនចិនក៏កំពុងធ្លាក់ចុះ ដែលបន្ថែមសម្ពាធទៅលើកំណើន។ រដ្ឋាភិបាលបានរាយការណ៍កាលពីថ្មីៗនេះថា ចំនួនប្រជាជនបានធ្លាក់ចុះបីឆ្នាំជាប់គ្នាក្នុងឆ្នាំ ២០២៤ មកនៅត្រឹម ១,៤០៨ពាន់ លាននាក់ នៅចុងឆ្នាំ ២០២៤ ពោលធ្លាក់ចុះ ១,៣៩លាននាក់ បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយនឹងការចំណាយលើការរស់នៅកើនឡើងលឿនជាងប្រាក់ចំណូលនោះ យុវជនចិនកំពុងតែបញ្ឈប់ ឬលុបចោលការរៀបការ និងការយកកូន ដោយសង្កត់ធ្ងន់លើផលប៉ះពាល់នៃគោលនយោបាយពន្យារកំណើតកន្លងមក ដែលធ្លាប់កំណត់ថាមួយគ្រួសារយកកូនបានតែម្នាក់។

មន្ត្រីចិននៅតែប្តេជ្ញាចិត្តសម្រាប់ការបង្កើនវិធានការជំរុញសេដ្ឋកិច្ច នៅឆ្នាំនេះ។ ប៉ុន្តែអ្នកសេដ្ឋកិច្ច និងអ្នកវិភាគមួយចំនួនមើលឃើញថា ឆ្នាំ ២០២៥ នឹងក្លាយជាប្រកួតប្រជែងដ៏ខ្លាំងក្លាបន្ថែមទៀតសម្រាប់រដ្ឋាភិបាលចិន ពិសេសជុំវិញការដំឡើងពន្ធ ឬទណ្ឌកម្ម ដែលអាចត្រូវបានស្នើដោយលោក ត្រាំ៕ ដកស្រង់ ៖ Reuters, AP និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ