ទីក្រុងប៉េកាំង៖ ថ្ងៃនេះ អាជ្ញាធរចិនប្រហារជីវិតបុរសដែលបើកឡានស្លាប់មនុស្ស៣៥នាក់នៅពហុកីឡដ្ឋានមួយកន្លែងដែលមានមនុស្សឈរហាត់ប្រាណយ៉ាងច្រើនកុះករ។ ហេតុការណ៍នេះកើតឡើងនៅទីក្រុងជូហៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បុរសឈ្មោះហ្វានវៃជឺ វ័យ៦២ឆ្នាំ បានបើករថយន្តអែសយូវីបុកសម្លាប់មនុស្សដោយចេតនា។
ក្រៅពីអ្នកស្លាប់ទាំងនោះ មនុស្ស៤៥នាក់ទៀតរងរបួស។ ទិដ្ឋភាពបែបនេះធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចិនខឹងសម្បារយ៉ាងខ្លាំង។ ហេតុនេះ កាលពីខែធ្នូ ឆ្នាំ២០២៤ តុលាការប្រជាជនចិនសម្រេចផ្ដន្ទាទោសប្រហារជីវិតបុរសរូបនេះព្រោះទង្វើរបស់គាត់មានលក្ខណៈសាហាវឃោរឃៅខ្លាំងពេក។ ទូរទស្សន៍រដ្ឋ ស៊ីស៊ីធីវី ផ្សាយថាតុលាការទីក្រុងជីហៃបានប្រហារជីវិតលោកហ្វានវៃជឺដោយអនុវត្តទៅតាមសេចក្ដីបង្គាប់របស់តុលាការកំពូល។
រដ្ឋអាជ្ញាធរនៃតុលាការទីក្រុងជូហៃចាត់បុគ្គលិករបស់ខ្លួនដើម្បីរៀបចំប្រហារជីវិតស្របទៅតាមផ្លូវច្បាប់។ ជនដៃដល់រូបនេះត្រូវអាជ្ញាធរចាប់ខ្លួននៅកន្លែងកើតហេតុ។ នៅពេលនោះ គាត់យកកាំបិតអារដៃខ្លួនឯងឱ្យមានរបួសស្នាម និងសន្លប់បាត់ស្មារតី។ នៅក្នុងសវនាការជំនុំជម្រះទោសកាលពីខែវិច្ឆិកា លោកហ្វានទទួលយកនូវទោសកំហុសគ្រប់យ៉ាងដូចការចោទប្រកាន់។
គាត់ក៏សូមអភ័យទោសនៅចំពោះមុខក្រុមគ្រួសារជនរងគ្រោះ, មន្ត្រីរដ្ឋាភិបាល និងមហាជណ។ តុលាការរកឃើញថាគាត់មានបញ្ហាលែងលះជាមួយប្រពន្ធ ហើយត្រូវចែកទ្រព្យសម្បត្តិគ្នា ម៉្លោះហើយគាត់ក្រពុលមុខខ្លាំង។ តុលាការសន្និដ្ឋានថាទង្វើរបស់គាត់មានលក្ខណៈឃោរឃៅ ហើយធ្វើឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះសង្គម។ ដូច្នេះជាគំរូអាក្រក់សម្រាប់អ្នកដទៃ។
នៅប្រទេសចិន ការប្រព្រឹត្តអំពើមនុស្សឃាតឃោរឃៅជាករណីកម្រ។ ប៉ុន្តែកាលពីឆ្នាំ២០២៤ អំពើហិង្សានៅទីសាធារណៈកើតឡើងញឹកញាប់ជាងធម្មតា។ កាលណោះមានករណីយកកាំបិតចាក់សម្លាប់មនុស្សនៅបរិវេណសាលារៀនកាន់តែច្រើនឡើងៗ ហើយធ្វើឱ្យប៉ះពាល់ចំពោះសន្តិសុខនៅទីសាធារណៈ។ ទូរទស្សន៍ស៊ីស៊ីធីវីផ្សាយថានៅក្នុងករណីដាច់ដោយឡែកមួយទៀត តុលាការនៅខេត្តជាំងស៊ូក៏ប្រហារជីវិតបុរសម្នាក់ដែលយកកាំបិតចាក់សម្លាប់មនុស្ស៨នាក់ និងរបួស១៧នាក់។
លោកស៊ូជាជិន វ័យ២១ឆ្នាំ ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិតកាលពីខែធ្នូ។ មុនពេលប្រហារជីវិត តុលាការអនុញ្ញាតឱ្យគាត់ជួបជាមួយក្រុមគ្រួសារ និងសាច់ញាតិដើម្បីលាគ្នាជាលើកចុងក្រោយ។ ជាទូទៅ អាជ្ញាធរចិនមិនប្រកាសជាចំហថាអ្នកដែលត្រូវប្រហារជីវិតនៅក្នុងមួយឆ្នាំៗមានប៉ុន្មាននាក់ឡើយ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ជឿជាក់ថាមានរហូតដល់រាប់ពាន់នាក់ឯណោះ៕
ចែករំលែកព័តមាននេះ