ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតជាត្រេកអរ ​ដោយ​អាជ្ញាធរ​ជួយ​យក​បាវ​ខ្សាច់​​​យក្ស​ទប់​ច្រាំង​មិនឱ្យ​បា.ក់​

7 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់​នៅ​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២៥…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អមដំណើរ​ដោយ​សហការី​ជា​ច្រើន​នាក់​នៅ​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២៥ បាន​អញ្ជើញ​ចុះ​ពិនិត្យ ការ​សាងសង់​បាវ​ខ្សាច់​យក្ស​តម្រាប​តាម​ច្រាំង​ដង​ទន្លេ​ប្រមាណ​២០០​ម៉ែត្រ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត​ទៀត នៅ​ចំណុច​ក្រោយ​វត្តមាន់​ដប់ ស្ថិត​ក្នុងភូមិ​មាន់​ដប់ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ​។

ជាមួយនឹង​សមិទ្ធផល​ជួយ​ជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​ក្រសួង​ធនធាន​ទឹកបាន​ធ្វើ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​នាំ​គ្នា​ត្រេកអរ​ដោយ​មិន​ធ្វើ​ឲ្យ​ច្រាំង​បាក់​បន្ត​ទៀត​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​សាងសង់​ដើម្បី​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ ស្ថិត​នៅ​ចំណុច​ក្រោយ​វត្តមាន់​ដប់ ដែល​មាន​ភូមិ​ឃុំ​ដូច​ខាងលើ​នោះ ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ប្រយោជន៍​ការពារ​វត្ត​អារាម ដែល​ជា​កន្លែង​គោរព​សក្ការៈបូជា​របស់​ពុទ្ធសាសនិក​ទាំង​នៅ​ទី​ជិត​ទី​ឆ្ងាយ​។

ឯកឧត្តម​អភិបាលខេត្តបាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមការងារ​បច្ចេកទេស​បាន​ប្រើ​វិធានការ ច្រក​បាវ​ខ្សាច់ ទប់​ច្រាំង​ទន្លេ​កន្លែង​ដែល​បាក់ ដែល​មាន​ប្រវែង​ជាង ២០០ ម៉ែត្រ​។​ទន្ទឹម​នឹង​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​តាមដាន ក្រែង​មានការ​ប្រែប្រួល​នៅ​ឆ្នាំ​បន្ទាប់ អាច​ក្រុមការងារ​បច្ចេកទេស មាន​វិធាន​ការ​បន្ត​ទៀត ដោយសារ​តំបន់​នេះ​ចរន្តទឹក​មានការ​ប្រែប្រួល ទៅ​តាម​ស្ថានភាព​ជំនន់​ទឹកទន្លេ​ឡើង​តិច​ឬ​ច្រើន​។

ឯកឧត្តម​អភិបាលខេត្តបាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្ដូរ​ទីតាំង​ទៅ​មើល​កន្លែង​ផ្សេង​ទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ទៅ​តាម​ផែនការ ដែល​អាជ្ញាធរ​ខេត្ត​បាន​ពិភាក្សា និង​ព្រមព្រៀង​គ្នា​ជាមួយ​ក្រសួង​រួច​ហើយ ។​

ការងារ​សាងសង់​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ​នេះ គឺ​ខាង​ក្រុមការងារ​បច្ចេកទេស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​មក​ធ្វើ​ការងារ​នេះ​ដោយ​ផ្ទាល់​តែ​ម្ដង ចាប់តាំងពី​ចុង ខែធ្នូ ឆ្នាំ​២០២៤ ដោយ​សហការ​ជាមួយ អាជ្ញាធរ​ខេត្តកំពង់ចាម បន្ទាប់​ពី​មានការ​ស្នើ​សុំ​និង​សំណូមពរ ឲ្យ​មាន​កិច្ច​អន្តរា​គមន៍ ពី​ខេត្ត ទៅ​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ទើប​ឈាន​ឲ្យ​មានការ​សាងសង់​នោះ ។

សូម​បញ្ជាក់​ថា​ ការ​ទប់​ច្រាំង​ទន្លេ​មិន​ឲ្យ​បាក់ មិនមែន​មាន​តែ​នៅ​ទី​នេះ​ទេ គឺ​មាននៅ​ស្រុក​កងមាស កោះសូទិន កំពង់សៀម​និង​ស្រុក​ស្ទឹង​ត្រង់ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​ជំនាញ​ក្រសួង​ធនធានទឹក​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ