រាជធានីភ្នំពេញ ៖ ដើម្បីបង្ហាញពីការយកចិត្តទាក់និងគិតគូរដែលផ្ទុយពីការលើកឡើងរបស់ក្រុមប្រឆាំងនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតីហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិននៅស្ងៀមចំពោះបញ្ហាដែលកសិករបានកំពុងជួបប្រឈម ឬជួបប្រទះឡើយ ។
ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើជាសាធារណៈដោយបន្ដតម្កល់«វិស័យកសិកម្ម» នៅតែជាវិស័យអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន
រ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលនៅស្ញៀមចំពោះបញ្ហាដែលកសិករប្រឈម ឬជួបប្រទះនោះឡើយ ។
ការឆ្លើយតបចំពោះក្ដីកង្វល់ ក៏ដូចជាបញ្ហាប្រឈមមួយរយៈពេលចុងក្រោយនេះ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា ដ្បិតតែសម្ដេចមិនប្រកាសជាសាធារណៈក៏ពិតមែន ប៉ុន្ដែសម្ដេចបានតាមដានជាប់ជាប្រចាំ និងទម្លាក់នូវការណែនាំជាបន្ដបន្ទាប់ដល់ក្រសួង និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ដើម្បីរិះរកមធ្យោបាយអន្ដរាគមន៍ជួយដល់ប្រជាកសិករ។
សម្ដេចបវរធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ពិតណាស់ ខ្ញុំមិនបានឡើងនិយាយមេក្រូ ឬមួយថ្ងៃៗឆ្លើយតបការលើកឡើង ឬការវាយប្រហារពីខាងក្រៅនោះទេ ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជំនាញមិនបាននៅស្ងៀម មិនអើពើនោះទេ ។ វិស័យកសិកម្ម ជាវិស័យអាទិភាពសំខាន់ណាស់របស់ប្រទេសជាតិរបស់យើង និងសម្រាប់ពិភពលោក»។
សម្ដេចបវរធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងថា ដរាបណាមនុស្សនៅលើពិភពលោក នៅតែមានតម្រូវការក្នុងទទួលទាននោះ បញ្ហាកសិកម្ម បញ្ហាសន្ដិសុខស្បៀង នៅតែជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានបន្ដថា បញ្ហានេះ មិនមែនជាក្ដីកង្វល់តែកម្ពុជានោះទេ ពោលបញ្ហាសន្ដិសុខស្បៀង ប្រទេសនៅលើពិភពលោកជាច្រើនសុទ្ធតែបានគិតគូររឿងនេះ ។
ក្នុងឱកាសនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្ដិសុខ ស្បៀង» រាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលខុសត្រូវលើពីរមុខព្រួញសំខាន់ៗ ក្នុងនោះ ទី១៖ អ្នកផលិត ឬអ្នកដាំដុះ និងទី២៖ អ្នកប្រើ ប្រាស់ ឬអ្នកទទួលទាន ។
សម្ដេចបវរធិបតីក៏បានអះអាងថា ដៃម្ខាងរបស់រាជរដ្ឋាភិបាល ត្រូវធានាគិតគូរអំពីទីផ្សារ អំពីតម្លៃរបស់កសិករលក់ចេញខណៈដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាលត្រូវធានាកុំឲ្យតម្លៃទំនិញ ឬផលិតផលនោះ ឡើងថ្លៃខ្លាំងពេក ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាឯកភាព នឹងទទួលយកនូវក្ដីកង្វល់ទាំងឡាយរបស់កសិករ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ហើយរាជរដ្ឋាភិបាលមិនព្រងើយកន្ដើយ នោះឡើយ ហើយរាជរដ្ឋាភិបាលគាំទ្រជានិច្ចការលើកពីបញ្ហារបស់កសិករ និងចុះដោះស្រាយរាល់បញ្ហាប្រជាកសិករ។
ជាវិធានការចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋលើកតម្លៃស្រូវមួយរយៈពេលចុងក្រោយនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ចេញសរុបថវិកា១៥០លានដុល្លារ ដើម្បីជួយទិញស្រូវរបស់ប្រជាកសិករ និងអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុនានាផ្តល់កម្ចីការប្រាក់ទាបដល់ម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីកសិករផងដែរ៕
ចែករំលែកព័តមាននេះ