រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គ្មានអ្នកណាអាចទប់ស្កាត់បាតុភូតធម្មជាតិបាននោះទេ ទោះបីជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកក្តីក៏មិនអាចទប់ស្កាត់ភ្លើងឆេះព្រៃបានដែរ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការ «សមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានលើកឡើងថា មានការងារខ្លះយើងធានាបាន ហើយក៏គ្មានការងារខ្លះមិនអាចធានាបាននោះទេ តែត្រូវរកវិធីទប់ស្កាត់យ៉ាងណា ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «វាមិនខុសពីករណីទឹកជំនន់ ហើយនឹងភាពរាំងស្ងួតនោះទេ គឺគ្មានប្រទេសណាមួយមិនអាចទប់ទឹកមិនជន់គ្រប់កន្លែងនៅទូទាំងប្រទេស ឬភាពរាំងស្ងួតមិនឲ្យមាននៅទូទាំងប្រទេសនោះទេ ។ សូម្បីតែនៅសហរដ្ឋអាមេរិកមិនអាចទប់ស្កាត់ភ្លើងឆេះព្រៃបានដែរ។ ផ្ទះនៅរដ្ឋកាលីហ្វ័ញ៉ា រាប់ពាន់ខ្នងបានឆេះ»។
សម្តេចបវរធិបតីបានបន្ថែមថា ភាពរាំងស្ងួតបានធ្វើឲ្យមានការឆេះព្រៃ ហើយប្រទេសមហាអំណាចមួយក៏មិនអាចទប់ស្កាត់ភាពរាំងស្ងួតបាននៅកន្លែងខ្លះបានដែរ។ សម្តេចបវរធិបតីបានបញ្ជាក់ថា៖ «បាតុភូតខ្លះយើងមិនអាចទប់«…»មិនអាចទប់ទឹកជន់លិច នៅគ្រប់កន្លែងបាន ប៉ុន្តែយើងអាច ធ្វើបានកាត់បន្ថយហានិភ័យ និងជួយសង្គ្រោះនៅ ពេលមាន អាសន្ន តាមលទ្ធភាព ដែលយើងអាចធ្វើបាន»។
ជាមួយគ្នានោះដែរ សម្តេចបវរធីបតីបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានរូបមន្តមានការគាំទ្រ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ គឺរូបមន្តការទទួលស្គាល់ការពិតថា តម្រូវការរបស់ប្រជាជននៅមានច្រើនហើយ ធ្វើតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។ នេះជាអ្វីដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលត្រូវតែបន្តធ្វើនិងប្រកាន់យករូបមន្តនេះដើម្បីប្រជាពលរដ្ឋបើប្រជាជននៅគាំទ្រ និងទុកចិត្តលើគណបក្សប្រជាជនក៏ដូចជារាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ