ខេត្តមណ្ឌលគិរី ៖ ឧបករណ៍និងសម្ភារៈជាច្រើនប្រភេទដែលបម្រើឲ្យការរុករករ៉ែមាសខុសច្បាប់ ត្រូវបានមន្ត្រីជំនាញនិងសមត្ថកិច្ចសហការគ្នាបង្ក្រាប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ។

យោងតាមរបាយការណ៏ក្រៅផ្លូវការដែលកោះសន្តិភាពទទួលបានកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី១៧ មករា ក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ទី សុផល ប្រធានមន្ទីររ៉ែនិងថាមពល ដោយមានការសម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី មន្ត្រីបរិស្ថានមេម៉ង់ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរឃុំ កង រាជអាវុធហត្ថ ៧៦៤ កម្លាំងប៉ុស្តិ៍ចុងផ្លាស់ បានចុះបង្ក្រាបការធ្វើរ៉ែមាសអនាធិបតេយ្យនៅតំបន់ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍ដដែលបន្តថា ក្រុមការងារចម្រុះរឹបអូសសម្ភារដូចជា
១-ម៉ាស៊ីនគោយន្តចំនួន៦គ្រឿង
២-ត្បាល់កិនរ៉ែចំនួន៦គ្រឿង
៣-ត្បាល់អ៊ុករ៉ែ១គ្រឿង
៤-ត្រើយយោងរ៉ែ១គ្រឿង
៥-ម៉ូទ័រទាញតុញាក់១គ្រឿង
៦-ម៉ាស៊ីនបូមទឹក១គ្រឿង
៧-ធុងរ៉ែចំនួនមួយ
៨-រទេះរុញរ៉ែ១គ្រឿង
៩-តុញាក់ចំនួន២គ្រឿងបំផ្លាញចោលនៅកន្លែង
១០-ថ្មរ៉ែចំនួន៦បាវ
១១-ម៉ូទ័រភ្លើង១គ្រឿង
១២-មនុស្សចំនួន៣នាក់បានឃាត់ខ្លួនយកទៅសាកសួរនៅស្នាក់ការបរិស្ថានមេម៉ង់ ។ ក្រោយការសាកសួររួចបានដោះលែងមកវិញ ។

ទាក់ទិនករណីខាងលើលោក ទី សុផល ប្រធានមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពិតជាមានករណីចុះបង្ក្រាបការរុករករ៉ែអនាធិបតេយ្យនៅឃុំចុងផ្លាស់មែន ហើយកម្លាំងជំនាញបានរឹបអូសសម្ភារៈ និងឃាត់មនុស្សបីនាក់ដែលលួចចូលអណ្តូងរ៉ែធ្វើកិច្ចសន្យា អប់រំរួចទើបឲ្យទៅផ្ទះវិញ ។

ទន្ទឹមប្រតិបត្តិការបង្ក្រាបការធ្វើរ៉ែមាសខុសច្បាប់ពីសំណាក់កម្លាំងចម្រុះ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងនោះ នៅឃុំចុងផ្លាស់ដដែលក៏មានក្រុមហ៊ុនចិនមួយឈ្មោះ រ៉ុង ឆេង ធ្វើប្រតិបត្តិការរុករករ៉ែមាសក្នុងតំបន់នេះជាង១០ឆ្នាំមកហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើក្រុមហ៊ុនមួយនេះសិក្សាស្រាវជ្រាវឬធ្វើអាជីវកម្មរ៉ែមាសទទួលបានលទ្ធផលបែបណានោះឡើយ ដ្បិតមិនឃើញមានបង្ហាញរបាយការណ៍ សង្ស័យនាំគ្នាលួចមិនតិចឡើយ ។

ចំណែកក្រុមហ៊ុនអូស្ត្រាលីឈ្មោះ រ៉េនើសង់ មីនើរ៉ល ដែលទើបធ្វើប្រតិបត្តិការអាជីវកម្មកំពុងដំណើរការផលិតរ៉ែមាសនៅតំបន់អូរខ្វាវ ស្ថិតក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ដែរនោះ ហើយតែងបង្ហាញរបាយការណ៍ជាសាធារណៈ គិតមកដល់ពេលនេះ ក្រុមហ៊ុនផលិតមាសបានប្រមាណ ជាង ១២ពាន់គីឡូក្រាម (ជាង ១២តោន) ដែលសមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវសក្តានុពលក្នុងវិស័យរ៉ែដ៏សម្បូរបែបក្នុងខេត្តមណ្ឌលគីរី ៕






ចែករំលែកព័តមាននេះ