ខេត្តបាត់ដំបង ៖ សត្វក្រពើជាច្រើនក្បាលត្រូវអ្នកភូមិប្រទះឃើញងាប់អណ្ដែតរាយប៉ាយក្នុងទឹកស្ទឹងសង្កែ កាលពីវេលាម៉ោងប្រហែល១រសៀលថ្ងៃទី២០ មករា ស្ថិតត្រង់ចំណុចម្ដុំខាងមុខវត្តក្ដាំងងារ ក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដែលគេសង្ស័យមានគេយកទៅបោះចោល មិនមែនជាសត្វក្រពើដែលរស់ក្នុងស្ទឹងទេ ។
ប្រភពព័ត៌មានបានឲ្យដឹងថា សត្វក្រពើដែលងាប់ទាំងនោះ ភាគច្រើនមួយក្បាលៗមានទម្ងន់ប្រហែលក្រោម១០គីឡូក្រាម និងប្រហែលជិត១០ក្បាលដែលគេរកឃើញងាប់អណ្តែតទឹកនៅក្បែរៗគ្នានោះ ។ អ្នកភូមិជាអ្នកប្រទះឃើញហ្វូងខ្មោចក្រពើទាំងនេះ ហើយក៏បានរាយការប្រាប់អាជ្ញាធរដែនដី ដើម្បីចុះត្រូតពិនិត្យ ។
ប្រភពដដែលបានឲ្យដឹងដែរថា បើតាមការពិនិត្យជាក់ស្ដែង ខ្មោចក្រពើទាំងនោះ ទំនងអាចជាសត្វក្រពើចិញ្ចឹមក្នុងកាសិដ្ឋានណាមួយ នៅក្នុងស្រុកឯកភ្នំ ដែលបានងាប់ ហើយត្រូវម្ចាស់ដឹកយកទៅបោះចោលក្នុងទឹកស្ទឹង ។ អ្នកភូមិ ក៏ដូចអាជ្ញាធរ ដែលបានចុះពិនិត្យកន្លែងប្រទះឃើញខ្មោចក្រពើបានលើកឡើងប្រហាក់ប្រហែលគ្នាថា បើផ្អែកលើស្ថាភាពទឹកស្ទឹងក្នុងរដូវនេះ ដែលស្រកស្ទើរដល់បាតដីបែបនេះ គ្មានសត្វក្រពើរស់នៅតាមដងស្ទឹងទេ ។
ដូច្នេះ សាកសពក្រពើទាំងនេះប្រាកដណាស់ថា «អាចមានគេដឹកចេញពីអាងចិញ្ចឹមក្រពើក្នុងកសិដ្ឋានណាមួយយកទៅបោះចោលក្នុងទឹកស្ទឹងតែម្ដង ។ វាមិនមែនជាសត្វក្រពើដែលរស់នៅតាមដងស្ទឹងនេះទេ» ។ ប៉ុន្តែគេនៅចាំបានថា កាលពីរដូវវស្សាឆ្នាំទៅមិញ អ្នកភូមិបានប្រទះឃើញសត្វក្រពើមួយក្បាលយ៉ាងធំបណ្ដែតខ្លួនតាមដងស្ទឹងសង្កែ នៅម្ដុំខាងលើនេះ ស្ថិតក្នុងឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដដែលនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ ។
ពេលនោះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រើប្រាស់កាណូត និងឧបករណ៍នេសាទតាមស្វែងរកចាប់សត្វក្រពើមួយក្បាលនោះទម្រាំបាន ក្រុមអ្នកតាមប្រមាញ់សត្វក្រពើនោះ ត្រូវចំណាយពេលជាង៦ម៉ោង ទើបចាប់អូសក្រពើមួយក្បាលនោះចេញពីក្នុងទឹកស្ទឹងបាន ។ ហើយសត្វក្រពើដ៏ធំមួយក្បាលនោះ ត្រូវគេអះអាងថា ជាក្រពើដែលបានរួចចេញពីក្នុងអាចចិញ្ចឹមរបស់អ្នកភូមិ ក្នុងស្រុកឯកភ្នំ ។ ព្រោះស្រុកគ្របដណ្ដប់លើដងស្ទឹងសង្កែ រហូតដល់បឹងទន្លេសាបមួយនេះ មានកសិដ្ឋានចិញ្ចឹមក្រពើច្រើនជាងគេ ។
ដោយឡែក ខ្មោចសត្វក្រពើជិត១០ក្បាល ដែលគេប្រទះឃើញងាប់អណ្ដែតពេញដងស្ទឹងខាងលើនេះ អាជ្ញធរ និងសមត្ថកិច្ចកំពុងត្រូតពិនិត្យ ដើម្បីស្រង់ចេញពីក្នុងស្ទឹង ចៀសវាងស្អុយរលួយនៅក្នុងទឹក នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ