ទីក្រុងយេរូសាឡឹម៖ ថ្មីៗនេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងបីនាក់ជានារីវ័យក្មេងឱ្យមានសេរីភាពឡើងវិញហើយដោយអនុវត្តទៅតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ នេះជាផ្នែកមួយនៃការឈានទៅបញ្ចប់សង្គ្រាម និងការកសាងតំបន់ហ្កាហ្សាឡើងវិញបន្ទាប់ពីទីនេះរងគ្រោះយ៉ាងដំណំដោយសារការវាយប្រហារគ្នាយ៉ាងខ្លាំងក្លាស្លាប់មនុស្សជាង៤ម៉ឺននាក់។ មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំថ្លែងថាហ្កាហ្សាមិនត្រូវគ្រប់គ្រងដោយក្រុមហាម៉ាស់ជាដាច់ខាត។
នៅក្នុងចំណោមចំណាប់ខ្មាំងទាំងបីនាក់នោះមានឈ្មោះរ៉ូមី ហ្គោនេន, ដូរ៉ូន ស្ទេនប្រេឆឺ និងអេមីលី ដាម៉ារី (Romi Gonen, Doron Steinbrecher & Emily Damari)។ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នារីឈ្មោះដាម៉ារីដែលមានសញ្ជាតិ២ អ៊ីស្រាអែលផង និងអង់គ្លេសផងត្រូវក្រុមហាម៉ាស់ចាប់ពង្រត់ចេញពីផ្ទះល្វែងរបស់នាង រួមជាមួយមនុស្ស៣៧នាក់ទៀតនៅក្នុងសហគមន៍របស់នាងក៏ត្រូវចាប់ពង្រត់ផងដែរ។
ហាម៉ាស់ និងអ៊ីស្រាអែលនឹងដោះលែងចំណាប់ខ្មាំង និងអ្នកទោសទៅវិញទៅមកទៅតាមដំណាក់កាលនីមួយៗ។ នៅវគ្គដំបូង ហាម៉ាស់ដោះលែងនារីទាំងបីនាក់ជាថ្នូនឹងអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន៩០នាក់។ ការចាប់ផ្ដើមអនុវត្តបទឈប់បាញ់រាងរអាក់រអួលបន្តិចកាលពីថ្ងៃអាទិត្យដោយសារក្រុមហាម៉ាស់មិនបានប្រកាសឈ្មោះចំណាប់ខ្មាំងដែលត្រូវដោះលែងឱ្យបានទាន់ពេលវេលា។ ដូច្នេះ ឆ្លៀតឱកាសនោះ អ៊ីស្រាអែលបន្តដាក់សម្ពាធ និងវាយប្រហារស្លាប់ជនជាតិប៉ាឡេស្ទីន១៩នាក់។
បន្ទាប់ពីភាគីទាំង២ចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងនេះ ជនស៊ីវិលដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួនដើម្បីគេចចេញពីសង្គ្រាមមានចិត្តសប្បាយរីករាយណាស់។ ពួកគេហ៊ោរកញ្ជ្រៀវយ៉ាងកងរំពងនៅតាមដងផ្លូវនៅក្នុងសេចក្ដីសង្ឃឹមថាអំណឹះតទៅ ប្រទេសជាតិមានសុខសន្តិភាពវិញហើយ។ ពួកគេធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញដោយទឹកចិត្តអំណរ និងសេចក្ដីសង្ឃឹម ទោះបីនឿយហត់នឹងការរត់លូនកាលពីពេលកន្លងមកដោយសារសង្គ្រាមរយៈពេលជាង១ឆ្នាំ។
កិច្ចព្រមព្រៀមនេះអាចសម្រេចទៅបានក្រោមការចរចាយ៉ាងដុតដៃដុតជើងនៅនាទីចុងក្រោយនៃការកាន់អំណាចរបស់លោកបៃដិន។ នៅដំណាក់កាលទី១- ហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង៣៣នាក់ជាថ្នូរនឹងអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន៥០នាក់ពីពន្ធនាគារ។ ទី២-ហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាថ្នូរនឹងអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀតពីពន្ធនាគារ។ ទី៣-ហាម៉ាស់ និងអ៊ីស្រាអែលដូរសាកសពគ្នារវាងចំណាប់ខ្មាំងដែលបានស្លាប់ និងយុទ្ធជនប៉ាឡេស្ទីនដែលបានស្លាប់។ បន្ទាប់មក ត្រូវបើកច្រកព្រំដែនតំបន់ហ្កាហ្សាឡើងវិញ៕
ចែករំលែកព័តមាននេះ