ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋពីភូមិក្នុងឃុំបន្លិចប្រាសាទស្នើសុំឲ្យមន្ទីរជំនាញពាក់ព័ន្ធ ជួយសង់ស្ពានមួយឆ្លងទន្លេតូចសម្រួលដល់ការរស់នៅ

7 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រាសាទ​កើត និង​ភូមិ​ប្រាសាទ​លិច នៃ​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​រៀបរាប់​ថា សព្វ​ថ្ងៃនេះ​ការ​រស់នៅ​របស់​ពួក​គាត់ មាន​បញ្ហា​ប្រឈម​ធំ​មួយ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រាសាទ​កើត និង​ភូមិ​ប្រាសាទ​លិច នៃ​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​រៀបរាប់​ថា សព្វ​ថ្ងៃនេះ​ការ​រស់នៅ​របស់​ពួក​គាត់ មាន​បញ្ហា​ប្រឈម​ធំ​មួយ គឺ​អត់​មាន​ស្ពាន​ឆ្លង​ទន្លេតូច​ដោយ​រាល់ថ្ងៃ​ពួក​គាត់​ត្រូវ​ជិះ​ទូកដ​ឆ្លង​ទៅ​វិញ​ទៅ​មក ទាំងថ្ងៃទាំងយប់​មានការ​លំបាក​ខ្លាំង​ណាស់ ។

ពលរដ្ឋ​ទាំងនេះ​បាន​រៀបរាប់​ថា ការ​ជិះទូក​ដរ​ឆ្លងទន្លេ វា​ប្រថុយ និង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ពិសេស​នៅ​ខែ​ទឹក​ឡើង​ដែល​ទឹកទន្លេ​ហូរ​ខ្លាំង ហើយ​បើ​មាន​អ្នកជំងឺ​ឈឺ​ស្កាត់​នៅ​ពេល​យប់ គឺ​រឹតតែ​ពិបាក ទម្រាំ​ហៅ​ម្ចាស់​ទូកដ​មក​បាន​ទម្រាំ​បាន​ទៅ​ដល់​ពេទ្យ​ចំណាយពេល​រាប់​ម៉ោង ទាំង​ដែល​មណ្ឌល​សុខភាព នៅ​ត្រើយម្ខាង​ទន្លេ​មើលឃើញ និង​ភ្នែក​សោះ ។

ដោយឡែក កសិករ​ធ្វើស្រែ នៅ​ភូមិ​ប្រាសាទ​កើត​នេះ​បាន​បញ្ជាក់​ថា ពួក​គាត់​ធ្វើស្រែ​ទាំង​ប្រាំង​ទាំង​វស្សា​បាន​ផល​ល្អ​ណាស់ ព្រោះ​មាន​ទឹកទន្លេ​ស្រោច​ស្រប​គ្រប់គ្រាន់ ប៉ុន្តែ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ធំ​មួយ គឺ​ធ្វើ​ស្រូវ​បាន​ហើយ ពិបាក​ដឹក​យក​ទៅ​លក់ ព្រោះ​គ្មាន​ស្ពាន​ឆ្លង​ទន្លេតូច រាល់ថ្ងៃ​ឈ្មួញ​ចូល​មក​ប្រមូល​ទិញ​គេ​ឲ្យ​តម្លៃ​ថោក​ជាង​ស្រែ ដែល​នៅ​ជាប់​ផ្លូវ បើ​ចង់បាន​តម្លៃ​ថ្លៃ ត្រូវ​ដឹកស្រូវ​តាម​ទូកដ​ឆ្លង​ទន្លេតូច​យក​ទៅ​លក់​នៅ​ត្រើយម្ខាង តែ​ត្រូវ​ចំណាយពេល​យូរ និង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ដោយសារ​តែ​មានការ​លំបាក​ខ្លាំង​បែប​នេះ​ទើប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ​កើត និង​ភូមិ​ប្រាសាទ​លិច​បាន​នាំ​គ្នា​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មេត្តា​ជួយ​សាងសង់​ស្ពាន​ឆ្លងទន្លេ​តូច​នេះ​មួយ​ផង ដើម្បី​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន និង​អាច​ជៀស​ផុត​ពី​គ្រោះថ្នាក់​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពេល​ធ្វើ​វេទិកា​ពី​គ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តព្រៃវែង នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​មេ​ភូមិ​ប្រាសាទ​កើត និង​ភូមិ​ប្រាសាទ​លិច ក៏​បាន​ឡើង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ជួយ​សាងសង់​ស្ពាន​ឆ្លងទន្លេ​តូច​នេះ​ដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ ហើយ​ក្នុង​ពេល​នោះ​លោក ឡុ​ក វុ​ទ្ធី ប្រធាន មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ឃុំ ធ្វើ​លិខិតស្នើ​សុំ​តាម​រយៈ​រដ្ឋបាល​ស្រុក និង​ខេត្ត ហើយ​លោក និង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា​មើល ។

ពាក់ព័ន្ធ​ករណី​នេះ​លោក កែវ ពិសី អភិបាលស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ឃុំ​បន្លិច​ប្រាសាទ​នៅ​មិន​ទាន់​បាន​ដាក់​សំណើ​ស្នើ​សុំ​ស្ពាន​ឆ្លងទន្លេ​តូច​នេះ​មក​កាន់​រដ្ឋបាល​ស្រុក​នៅឡើយ​ទេ ដូច្នេះ​ហើយ​ទើប​មិន​ទាន់​មាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល ។

ទោះជា​យ៉ាងណា លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា លោក​នឹង​ព្យាយាម​ជំរុញ​ទៅ​អាជ្ញាធរ​ឃុំ​ឱ្យ​ប្រញាប់​ធ្វើ​សំណើ​នោះ​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​មន្ទីរ​ជំនាញ​ឆាប់​បាន​ចុះ​មក​សិក្សា ហើយ​ប្រជាពលរដ្ឋ​ក៏​ឆាប់​បាន​ស្ពាន​ប្រើប្រាស់​លែង​លំបាក​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ