ទីក្រុងយេរូសាឡឹម៖ នៅថ្ងៃអាទិត្យ គេរំពឹងថាក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងនៅវគ្គដំបូងក្រោយកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះក្រោមការសម្របសម្រួលពីប្រទេសកាតា អេហ្ស៊ីប និងអាមេរិក។ ខាងលើនេះជាការអះអាងរបស់លោកណឺតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ បើសិនកិច្ចព្រមព្រៀងនេះអាចអនុវត្តដោយជោគជ័យ មានន័យថាសង្គ្រាមដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងហាម៉ាស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះនឹងស្ងប់ស្ងាត់ទៅវិញ។
ប៉ុន្តែមុននឹងស្ងប់ទៅវិញ ផលវិបាកជាច្រើនបានកើតឡើង។ មនុស្សជាង៤,៦ម៉ឺននាក់បានស្លាប់, ជនស៊ីវិលប៉ាឡេស្ទីន២,៣លាននាក់ជម្លៀសខ្លួនចេញពីសង្គ្រាម រួមទាំងផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវខ្ទេចដូចបង្អួល។ បទឈប់បាញ់នេះយ៉ាងហោចណាស់អាចជួយផ្សះផ្សាមុខរបួស និងអរិភាពនៅក្នុងចំណោមប្រទេសនានានៅមជ្ឈិមបូព៌ា។
សង្គ្រាមនៅតំបន់ហ្កាហ្សានេះមិនសាមញ្ញពេកទេ។ ដោយសារសង្គ្រាមនេះ ប្រទេសដទៃក៏ត្រូវអូសទាញឱ្យធ្លាក់ចូលទៅក្នុងជម្លោះនេះផងដែរ។ ជាក់ស្ដែងកូនចៅរបស់អ៊ីរ៉ង់ដូចជាក្រុមហេសបូឡានៅប្រទេសលីបង់ និងក្រុមហ៊ូទីនៅប្រទេសយេម៉េនក៏ចូលរួមលេងល្បែងនយោបាយនេះដោយប្រយោលផងដែរ។ ពួកគេវាយប្រហារទៅលើផលប្រយោជន៍របស់អ៊ីស្រាអែល និងអាមេរិកនៅក្នុងអ្វីដែលពួកគេហៅថាជាការរួបរួមសាមគ្គីគ្នាជាមួយប្រជាជនប៉ាឡេស្ទីន។
សូម្បីតែក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ និងស៊ីរីក៏វាយគ្នាទៅវិញទៅមកម្ដងម្កាលជាមួយអ៊ីស្រាអែល និងអាមេរិកផងដែរ។ យោងតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រយៈពេល៦អាទិត្យនោះ នៅដំណាក់កាលទី១ ក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង៣៣នាក់។ ក្នុងនោះ មានស្ត្រីចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ជាទាហានស្រីខ្លះ និងជនស៊ីវិលស្រីខ្លះ។ ក្រៅពីនេះមានកុមារ និងបុរសដែលមានអាយុលើសពី៥០ឆ្នាំ។
ជាថ្នូរត្រឡប់មកវិញ អ៊ីស្រាអែលយល់ព្រមដោះលែងស្ត្រីអ្នកទោសជនជាតិប៉ាឡេស្ទីនទាំងអស់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ក្រៅពីនេះដោះលែងទាំងអស់កុមារ និងអនីតិជនក្រោមអាយុ១៩ឆ្នាំ។ បើដូច្នេះមែន អ្នកទោសប៉ាឡេស្ទីនដែលដោះលែងលើកនេះអាចមានចន្លោះពី៩៩០-១៦៥០នាក់។ ថ្ងៃនេះ ក្រុមហាម៉ាស់ចេញសេចក្ដីថ្លែងការណ៍ថាឧបសគ្គធំៗនៅក្នុងលក្ខខណ្ឌនៃបទឈប់បាញ់នោះត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ។
ទោះបីមានបទឈប់បាញ់ហើយក្ដី ប៉ុន្តែមិនទាន់ចូលជាធរមានជាផ្លូវការ ជាពិសេស អ៊ីស្រាអែលមិនទាន់អនុម័តជាផ្លូវការ ដូចនេះ អ៊ីស្រាអែលឆ្លៀតបន្តវាយប្រហារទៅលើតំបន់ហ្កាហ្សាជាបណ្ដើរៗសិន។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកបណ្ដាលឱ្យស្លាប់មនុស្ស១០១នាក់។ កិច្ចព្រមព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលដែលដឹកនាំដោយលោកណឺតាន់យ៉ាហ៊ូ។
ខុទ្ទកាល័យរបស់លោកណឺតាន់យ៉ាហ៊ូថ្លែងថាលទ្ធភាពនៃការអនុម័តកិច្ចព្រមព្រៀងនេះមានភាគរយខ្ពស់មែនទែនសឹងតែ១០០%ទៅហើយបន្ទាប់ពីគណៈរដ្ឋមន្ត្រីកោះប្រជុំកាលពីព្រឹកមិញ ហើយរង់ចាំសំឡេងអនុម័តនៅពេលក្រោយទៀត។ ទោះបីអ៊ីស្រាអែលមិនទាន់បញ្ជាក់ពីការទទួលយកកិច្ចព្រមព្រៀងជាផ្លូវការ ប៉ុន្តែក្រុមហាម៉ាស់ប្រកាសទុកជាមុនថាខ្លួនទទួលយកទាំងស្រុង៕
ចែករំលែកព័តមាននេះ