ប្រធានអាជ្ញាធរមីន ៖ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងពេលបោសសម្អាតមីន
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១…
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់លោក អឿន ចាន់ដារ៉ា ដែលជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោះថ្នាក់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។
សពអ្នកដោះមីន លោក អឿន ចាន់ដារ៉ា ត្រូវបានក្រុមគ្រួសារយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី នៅផ្ទះស្ថិតក្នុងភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរ តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស ។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកការបាត់បង់វីរៈជនដោះមីនរបស់យើង គឺជាការបាត់បង់អ្នកបម្រើដ៏ស្មោះត្រង់ ដែលតែងតែហ៊ានលះបង់គ្រប់បែបយ៉ាង និងធ្វើការប្រកបដោយហានិភ័យ ខ្ពស់ ដើម្បីប្រជាជនខ្មែរដូចគ្នា ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនអ្នកដោះមីនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតមីន ។
ចាប់ពីឆ្នាំ១៩៩៧ មានបុគ្គលិកដោះមីន ចំនួន ១៥៨នាក់ រងឧបទ្ទវហេតុគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ក្នុងនោះ ស្លាប់ចំនួន ៣៣នាក់ និងរបួស ពិការ ចំនួន ១២៥នាក់ ៕
ចែករំលែកព័តមាននេះ