សហរដ្ឋអាមេរិក ៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីសប្តាហ៍មុន កំពុងជាប្រធានបទដ៏ក្តៅបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក។ ដំណឹងពីគ្រោះមហន្តរាយនេះ កំពុងរីកសាយភាយយ៉ាងឆាប់រហ័សពីមួយថ្ងៃមួយថ្ងៃមកទល់នឹងពេលនេះ ហើយព័ត៌មាន រូបភាព និងវីដេអូមិនពិតជាច្រើនបង្កើត AI ក៏កំពុងពង្រីកភាពភ័យខ្លាចរបស់អ្នកតាមដានផងដែរ។
ព័ត៌មាន រូបភាព និងវីដេអូមិនពិតបង្កើតដោយបញ្ញាសិប្បនិម្មិត AI កំពុងតែពុះកញ្ជ្រោលខ្លាំងឡើងៗលើបណ្តាញទំនាក់ទំនងសង្គមដូចជា X និង TikTok ជាដើម។ តួយ៉ាង រូបភាពមិនពិតអះអាងថា និមិត្តសញ្ញាហូលីវូដ (Hollywood) ដែលជានិមិត្តសញ្ញាល្បីបំផុតរបស់ទីក្រុង LA អណ្តែងខ្លួនអស់រយៈពេលជាង១០០ឆ្នាំ ត្រូវអណ្តាតភ្លើងលេបត្របាក់នោះ កំពុងត្រូវបានចែកចាយច្រើនបំផុតក្នុងចំណោមព័ត៌មាន រូបភាព និងវីដេអូមិនពិតជាច្រើនផ្សេងទៀត។ លោក Jeff Zarrinnam ប្រធានក្រុមហ៊ុន Hollywood Sign Trust បានចេញមកបដិសេធដោយផ្ទាល់ថា និមិត្តសញ្ញាហូលីវូដមិនដែលត្រូវភ្លើងឆេះនោះទេ។
បើទោះជាមានព័ត៌មាន រូបភាព និងវីដេអូស្តីពីគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នៅទីក្រុង LA កំពុងតែលងបន្លាច និងបោកបញ្ឆោតអ្នកតាមដានព័ត៌មានយ៉ាងណាក៏ដោយ ក៏អ្នកជំនាញមួយចំនួនអះអាងថា រូបភាព និងវីដេអូមិនពិតមើលទៅដូចពិតមួយចំនួនមានកំហុសឆ្គង នៅពេលយើងពិនិត្យឱ្យបានច្បាស់លាស់។ ទោះយ៉ាងណា អ្នកជំនាញមិនបដិសេធទេថា ព័ត៌មាន រូបភាព និងវីដេអូមិនពិត ពិតជាបង្កគ្រោះថ្នាក់ប្រាកដមែន ដោយផ្តើមចេញពីការបោកបញ្ឆោតដ៏សាមញ្ញមួយ ឬការព្យាយាមលេងសើចណាមួយ រហូតឈានដល់ការបោកប្រាស់ស្វែងរកការបរិច្ចាគ និងព័ត៌មានមិនពិតអះអាងអំពីការឧបត្ថម្ភដោយរដ្ឋផងដែរ។
ព័ត៌មានមិនពិតខ្លះថែមទាំងបានអះអាងពីទីតាំងឆេះក្លែងក្លាយនៅកន្លែងណាមួយ ដែលសកម្មភាពនេះ បង្កភាពច្របូកច្របល់ និងការរំខានខ្លាំងដល់នាយកដ្ឋានពន្លត់អគ្គិភ័យ។ រូបភាព និងវីដេអូមិនពិតខ្លះ អាចធ្វើឱ្យមនុស្សប្រឈមនឹងហានិភ័យ ធ្វើឱ្យអ្នកភៀសខ្លួនបែងចែកមិនដាច់ថា កន្លែងដែលត្រូវទៅដល់ជាកន្លែងសុវត្ថិភាពដែរឬអត់? ព័ត៌មាន រូបភាព និងវីដេអូក្លែងក្លាយក៏អាចធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើស្ថាប័នមានសមត្ថកិច្ចមូលដ្ឋាន ដោយរាប់ចាប់ពីរដ្ឋាភិបាលដល់បណ្តាញព័ត៌មាន។
ដើម្បីជៀសវាងការទទួលបានព័ត៌មាន រូបភាព វីដេអូមិនពិតនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង LA ឬព្រឹត្តិការណ៍ផ្សេងៗនៅទូទាំងពិភពលោកនោះ បណ្តាអ្នកជំនាញបានផ្តល់ដំបូន្មានថា ត្រូវពឹងផ្អែកលើស្ថាប័នព័ត៌មានធំៗ ដែលទទួលស្គាល់ជាពិភពលោកតែម្តង មិនមែនជាប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Jeff Zarrinnam ប្រធានក្រុមហ៊ុន Hollywood Sign Trust ក៏បានគូសបញ្ជាក់ថា «អ្នកមិនចាំបាច់ក្លាយជាអ្នកស៊ើបអង្កេត ឬអ្នកវិភាគកោសល្យវិច្ច័យណាមួយទេ។ អ្នកគ្រាន់តែចេញឆ្ងាយពីបណ្តាញសង្គមជាការស្រេច ហើយអ្នកនឹងអរគុណខ្ញុំ។ ខ្ញុំធានាថា អ្នកនឹងមានសុខភាពផ្លូវចិត្តល្អប្រសើរ សុខភាពរាងកាយក៏កាន់តែប្រសើរ ហើយ IQ អ្នកនឹងលោតឡើងមួយកម្រិតទៀត»។
យោងតាមប្រភពពីសារព័ត៌មាន CBS News, NBC News, Reuters និង BBC នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គីភ័យទូទាំងតំបន់នៃទីក្រុង LA បានសម្លាប់មនុស្សយ៉ាងហោចណាស់២៧នាក់ បំផ្លាញសំណង់អគារជាង ១២,០០០ខ្នង ស្របពេលភ្លើងឆេះព្រៃតំបន់ Palisades និង Eaton នៅតែបន្តឆេះ។ ទោះយ៉ាងណាខ្យល់បក់ខ្លាំងបំផុតបានចុះខ្សោយមកវិញ ដែលផ្តល់ផលវិជ្ជមានសម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យ ក៏ដូចជាបន្ធូរបន្ថយការគំរាមកំហែងមួយចំនួន។
យ៉ាងណាមិញ សេវាអាកាសធាតុជាតិអាមេរិកបានលើកឡើងថា លក្ខខណ្ឌគ្រោះថ្នាក់ត្រូវបានរំពឹងទុកដល់សប្តាហ៍ក្រោយ។ ក្រុមមន្ត្រីក៏បានអះអាងថា មនុស្សរាប់ម៉ឺននាក់នៅក្នុងតំបន់រងគ្រោះនៃទីក្រុង LA នៅតែស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញ ខណៈបម្រាមគោចរនៅតែជាធរមានសម្រាប់តំបន់ Palisades និង Eaton ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក៕ ដកស្រង់ ៖ NPR, CBS News, NBC News, Reuters និង BBC
ចែករំលែកព័តមាននេះ