ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ៖ ការ​ដំណោះស្រាយ​ពិតប្រាកដ គឺ​ការ​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​រោង​ម៉ាស៊ីន ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ ដែល​បាន​ចំណេញ​ទាំងអស់​គ្នា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​ពិតប្រាកដ គឺ​ការ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​រោង​ម៉ាស៊ីន ទិញ​ស្រូវ​ពី​កសិករ ក្នុង​តម្លៃ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​ពិតប្រាកដ គឺ​ការ​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​រោង​ម៉ាស៊ីន ទិញ​ស្រូវ​ពី​កសិករ ក្នុង​តម្លៃ ដែល​បាន​ចំណេញ​ទាំងអស់​គ្នា ។

ការ​លើក​ឡើង​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឆ្លើយ​តប​ទៅ​កាន់​អ្នក ដែល​ធ្វើ​ប្រជាភិថុតិ ដែល​លើក​ឡើង​ចង់​រាជរដ្ឋាភិបាល បញ្ចេញ​លុយ​ធានា​ទិញ​ស្រូវ​របស់​កសិករ ក្នុង​ពេល​ធ្លាក់​ថ្លៃ​។ ឯកឧត្តម បាន​បញ្ជាក់​ថា មិន​អាច​ទៅ​រួច​ឡើយ ការ​ធ្វើ​បែប​នេះ គឺជា​ការ​បង្ខូច​ថ្លៃ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ទៅ​វិញ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ស្ថានភាព​ថ្លៃ​ស្រូវ និង​ការ​ប្រមូល​ផល​ស្រូវប្រាំង នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឌិ​ត ទីណា បាន​លើក​ឡើង​ថា ការ​បង្ខំ​ឱ្យ​រដ្ឋ​បញ្ចេញ​លុយ​ទិញ​ស្រូវ ក្នុង​តម្លៃ​ខ្ពស់​ជា​ការ​ធ្វើ​ប្រជាភិថុតិ តែ​ផ្ទុយ​ទៅ​វិញ​ការ ដែល​រដ្ឋ​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​រោង​ម៉ាស៊ីន ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​កិន​កែ​ច្នៃ​សម្រាប់​នាំ​ចេញ គឺជា​ដំណោះស្រាយ​ល្អ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​វា​មិន​អាច​ទៅ​រួច​ទេ បើ​យើង​ជា​រដ្ឋ យក​ថវិកា​ទៅ​ទិញ​ហើយ​អត់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទទួល​ស្តុក​ទុក​នោះ​ទេ គឺ​ស្មើនឹង​យក​ទៅ​បោះចោល ហើយ​អត់​មាន​និរន្តរភាព​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​លើក​ឡើង​ថា ទោះបី​មិន​និយាយ​ចំ​ឈ្មោះ តែ​គេ​ដឹង​ថា​ចង់​សំដៅ​ទៅ​ក្រុមប្រឆាំង ដែល​ពូកែ​ធ្វើ​ប្រជាភិថុតិ ឯកឧត្តម​រដ្ឋមន្ត្រី បញ្ជាក់​ថា អ្នក​ប្រជាភិថុតិ​មួយ​ចំនួន​មិន​ចេះ​សេដ្ឋកិច្ច​ទេ មិនមែន​អាច​បោះពុម្ព​លុយ​បាន ចេះ​តែ​បោះ​លុយ​ទិញ​នោះ​ទេ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា បន្ទោស​គ្នា​ក៏​មិនមែន​ជា​ដោះស្រាយ​នោះ​ទេ អ្វី​គួរ​ធ្វើ​ត្រូវ​រួម​គ្នា​រក​ដំណោះស្រាយ​ទើប​ជា​ការ​ប្រសើរ​ឡើយ ។

ទាក់ទិន​នឹង​បញ្ហា​ស្រូវ​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​ចូល​ក្នុង​សហគមន៍​កសិកម្ម​ទំនើប មាន​ផលប្រយោជន៍ ៣ ដូច​ជា ការ​កាត់​បន្ថយ​ថ្លៃដើម​ផលិត ការ​ផលិត​ស្រូវ​មានគុណ​ភាព​ត្រូវ​ស្តង់ដារ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ត្រៀម ចូលរួម ផង​ដែរ ដើម្បី​ជួយ​ផ្នែក​ឥណទាន ។

ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សហគមន៍​កសិកម្ម​ទំនើប ល្អ​យ៉ាងម៉េច ? ទី​១-​កាត់​បន្ថយ​ថ្លៃដើម គ្រប់គ្រង​បរិមាណ គ្រប់គ្រង​ថ្លៃ​តាម​រយៈ​ផលិតកម្ម​តាម​កិច្ចសន្យា ទី​២-​ស្រូវ​មានគុណ​ភាព ដោយសារ​របៀប​ដាក់​ជី និង​ថ្នាំ មាន​សណ្ឋាន​តែ​មួយ​» ។​

ឯកឧត្តម​បាន​បន្ត​ថា ឥឡូវនេះ ទើបតែ​មាន​សហគមន៍​កសិកម្ម​ទំនើប​តិច​ណាស់ ព្រោះ​នៅ​ពេល ដែល​ស្រូវ​បាន​ថ្លៃ ប្រជាពលរដ្ឋ​សប្បាយចិត្ត និង​ធ្វើ​តាម​ទម្លាប់ ហើយ​ពេល​ហៅ​គាត់​ទៅ​ចូលរួម គាត់​បដិសេធ ប៉ុន្តែ​ឥឡូវ​ស្ថានភាព​វា​ខុស​គ្នា​។ សព្វ​ថ្ងៃនេះ កម្ពុជា​ឈាន​ដល់​វិបត្តិ​តម្លៃ​ស្រូវ បន្ទាប់​ពី​ឥណ្ឌា​បាន​បញ្ចេញ​ស្រូវ​ទៅ​លើ​ទីផ្សារ ខណៈ​ពេល​ឥណ្ឌូ​នេ​ស៊ី ក៏​កាត់​បន្ថយ​ការ​នាំ​ចូល ដោយសារ​ឥណ្ឌូ​នេ​ស៊ី ក៏​ជំរុញ​ការ​ផលិត​របស់​ខ្លួន​។ បញ្ហា​នេះ ទាំង​កម្ពុជា ទាំង​វៀតណាម និង​ថៃ សុទ្ធតែ​ចាល់​ស្រូវ​ដូច​គ្នា ។

សូម​ជម្រាប​ថា សហគមន៍​កសិកម្ម​ទំនើប គឺ​ប្រៀប​ដូច​ជា​ការ​រួម​គ្នា ប្រែក្លាយ​ការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា ពី​លក្ខណៈ​គ្រួសារ ទៅ​ជា​ទម្រង់​សហគ្រាស​សេដ្ឋកិច្ច​រឹង​មាំ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ ទាំង​លើ​ផ្នែក​ថ្លៃដើម បរិមាណ និង​គុណភាព ។

ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ថ្លៃដើម​ផលិត​ទាប ការ​គាំទ្រ​ជា​ប្រចាំ​ខាង​ផ្នែក​បច្ចេកទេស និង​ការ​ធានា​ទីផ្សារ​ទុកជា​មុន​តាម​រយៈ​កិច្ចសន្យា​កសិកម្ម ជា​ពិសេស​ការ​ទទួល​បាន​ទុន​កម្ចី​ការ ប្រាក់​ទាប សហគមន៍​កសិកម្ម​ទំនើប​ផ្តល់​ភាព​ច្បាស់លាស់​មួយ នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ដែល​នឹង​ចូលរួម​ដោយ​ផ្ទាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា នា​ពេល​អនាគត ។

រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​ដាក់​ចេញ​កម្មវិធី​គោលនយោបាយ ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប ដែល​ជា​ចក្ខុវិស័យ​នៃ​ការ
អនុវត្ត​ផលិតកម្ម​កសិកម្ម​រួម​គ្នា ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ ក្នុង​វិស័យ​កសិកម្ម និង​មាន​គោលបំណង​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា ពី​លក្ខណៈ​គ្រួសារ​ឱ្យ ទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹង​មាំ មាន​សមាហរណកម្ម​ខ្ពស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព ។

កម្មវិធី​គោលនយោបាយ​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជា​កសិករ ក៏​ដូច​ជា​នឹង​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ប្រកបដោយ​ភាតរ​បរិស្ថាន និង​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ