ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​ស្នើ​ឱ្យ​អាជ្ញា​ធរ​ពង្រឹង​សន្តិ​សុខ​សម្រាប់​អ្នក​ទេស​ចរ​ចិន

15 ម៉ោង មុន

ទី​ក្រុង​បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ស្រី​ផែ​ថង​ថាន​ នឹង​ធានា​ប្រាប់​ក្រុម​អ្នក​ទេស​ចរ​ចិន​ថា​ប្រទេស​ថៃ​មាន​សន្តិ​សុខ​ល្អ​បរិបូរ​សម្រាប់​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នា​ចុង​ខែ​មករា​ ហើយ​ក៏​ធ្វើ​ឡើង​នៅ​ពេល​ជន​ជាតិ​ចិន​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ចាប់​ផ្ដើម​ខ្លាច​រអា​ក្រោយ​​ការ​បាត់​ខ្លួន​តា​រា​ចិន និង​នារី​ចិន​សរុប​បី​នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ក្រោយ​មក​ តារា​សម្ដែង​ឈ្មោះ​វ៉ាង​ស៊ីង និង​នារី​វ័យ​ក្មេង​ឈ្មោះ​អ៊ូ​ជា​ជី​ត្រូវ​សមត្ថ​កិច្ច​ថៃ​រក​ឃើញ​វិញ​…

ទី​ក្រុង​បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ស្រី​ផែ​ថង​ថាន​ នឹង​ធានា​ប្រាប់​ក្រុម​អ្នក​ទេស​ចរ​ចិន​ថា​ប្រទេស​ថៃ​មាន​សន្តិ​សុខ​ល្អ​បរិបូរ​សម្រាប់​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ថៃ​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នា​ចុង​ខែ​មករា​ ហើយ​ក៏​ធ្វើ​ឡើង​នៅ​ពេល​ជន​ជាតិ​ចិន​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ចាប់​ផ្ដើម​ខ្លាច​រអា​ក្រោយ​​ការ​បាត់​ខ្លួន​តា​រា​ចិន និង​នារី​ចិន​សរុប​បី​នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​។

ប៉ុន្តែ​ក្រោយ​មក​ តារា​សម្ដែង​ឈ្មោះ​វ៉ាង​ស៊ីង និង​នារី​វ័យ​ក្មេង​ឈ្មោះ​អ៊ូ​ជា​ជី​ត្រូវ​សមត្ថ​កិច្ច​ថៃ​រក​ឃើញ​វិញ​ ហើយ​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​មាតុភូមិ​ដោយ​សុវត្ថិ​ភាព​។ ទោះ​ជា​យ៉ាង​ណា​ក្ដី សំណុំ​រឿង​បាត់​ខ្លួន​ គួប​ផ្សំ​នឹង​ការ​ល្បី​ត​គ្នា​ថា​នៅ​ព្រំ​ដែន​ថៃ​-​ភូមា​ជា​សម្បុក​ក្រុម​ឆ​បោក​តាម​អន​ឡាញ​នោះ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ចំណោម​អ្នក​លេង​បណ្ដាញ​សង្គម​ចិន​។

ដូច​នេះ ​អាជ្ញាធរ​​ថៃ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​។ ពួក​គេ​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​​​ដើ​​ស្ដារ​មុខ​មាត់​ជាតិ​ឡើង​វិញ និង​ដើម្បី​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​ចំណោម​អ្នក​ទេស​ចរ​ជន​ជាតិ​ចិន​។ ខាង​លើ​​នេះ​ជា​អ្វី​ដែល​លោក​ស្រី​ផែ​ថង​ថាន​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​។ ​ទេស​ចរណ៍​ជា​វិស័យ​សំខាន់​របស់​ថៃ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​រាប់​សិប​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​។ កាល​ពី​ឆ្នាំ​២០២៤ ថៃ​អាច​ទាក់​ទាញ​អ្នក​ទេស​ចរ​ជាង​៣៥​លាន​នាក់​។

លោក​ស្រី​ថ្លែង​ថា​វិស័យ​ទេស​ចរណ៍​ជា​មុខ​ព្រួញ​សំខាន់​នៃ​ប្រាក់​ចំណូល​របស់​យើង​។ ដូច្នេះ​លោក​ស្រី​មិន​ចង់​ឃើញ​វិស័យ​នេះ​រង​ផល​ប៉ះ​ពាល់​នោះ​ទេ​។ លោក​ស្រី​បាន​ណែនាំ​ទៅ​​ស្ថាប័ន​ដែល​ទទួល​រ៉ាប់​រង​ផ្នែក​​សន្តិ​សុខ​សូម​ពង្រឹង​វិស័យ​នេះ​ឱ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​អ្នក​ទេស​ចរ​ទាំង​អស់​។ លោក​ស្រី​នឹង​ផ្ញើ​ពាក្យ​ពេចន៍​ផ្ដាំ​ផ្ញើ​​​​ទៅ​ជន​ជាតិ​ចិន​​​ដើម្បី​ធានា​ថា​ថៃ​នៅ​តែ​មាន​សុវត្ថិ​ភាព និង​សន្តិ​សុខ​ល្អ​។​

កាល​ពី​ឆ្នាំ​២០២៤ អ្នក​ទេស​ចរ​​​ចិន៦,៧​លាន​នាក់​ធ្វើ​ដំណើ​រកម្សាន្ត​នៅ​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​តួលេខ​ដែល​កត់​ត្រា​ដោយ​អាជ្ញា​ទេស​ចរណ៍​ថៃ​។ ប៉ុន្តែ​ចំណោទ​សួរ​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​​​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ពេល​​លោក​វ៉ាង​ស៊ីង​​បាត់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​នៅតំបន់​ព្រំ​ដែន​ថៃ​-​ភូមា​។ អាជ្ញា​ធរ​ថៃ​សង្ស័យ​ថា​គាត់​ជា​ជន​រង​គ្រោះ​នៃ​ការ​រត់​ពន្ធ​​មនុស្ស​។

លោក​ស្រី​ផែ​ថង​ថាន​ទទួល​​ស្គាល់​ថា​ចាប់​តាំង​ពី​ផ្ទុះ​រឿង​បាត់​ខ្លួន​នេះ​មក​ អ្នក​ទេស​ចរ​ជន​ជាតិ​ចិន​ដែល​បាន​កក់​សំបុត្រ​យន្ត​ហោះ​រួច​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​បាន​សម្រេច​ចិត្ត​លុប​ចោល​គម្រោង​នេះ​វិញ​។ ប៉ុន្តែ​លោក​ស្រី​​អះ​អាង​ថា​ចំនួន​នេះ​មិន​ច្រើន​ពេក​ទេ​។ ជាក់​ស្ដែង​ បរិមាណ​ភ្ញៀវ​ទេស​ចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​តែ​មិន​ថយ​ចុះ​នោះ​​ឡើយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ