ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី​ ៖ ​សម្តេច​តេ​ជោ គឺជា​រដ្ឋបុរស​ដ៏​ល្បីល្បាញ ​ដែល​ថ្នាក់ដឹកនាំ​នៅ​លើ​ពិភពលោក​គួរ​យក​គំរូ​តាម

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី​ បាន​គូសបញ្ជាក់​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​រដ្ឋបុរស​ដ៏​ល្បីល្បាញ (Legend)…

រាជធានី​ភ្នំពេញ ​៖ ​ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី​ បាន​គូសបញ្ជាក់​ថា ស​ម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺជា​រដ្ឋបុរស​ដ៏​ល្បីល្បាញ (Legend) ដែល​ថ្នាក់ដឹកនាំ​នៅ​លើ​ពិភពលោក​ គួរ​យក​គំរូ​តាម ​។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ស​ម្តេច​តេ​ជោ ហ៊ុន សែន​​ នាព្រឹក​ថ្ងៃ​ទី​១៦ ​ខែមករា ឆ្នាំ២០២៥ ​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ​ឯកឧត្តម Tan Sri Dato Johari bin Abdul បាន​លើក​ឡើង​នា​ឱកាស​ជំនួប​នេះថា ឯកឧត្តម​ប្រធានរដ្ឋសភា​ម៉ា​ឡេ​ស៊ី បាន​សម្តែង​ នូវ​ក្តី​សោមនស្ស​រីករាយ និងថ្លែងអំណរគុណសម្តេច​តេ​ជោ ដែល​បាន​ទទួល​ជួប​ឯកឧត្តម និង​គណៈប្រតិភូ ។ ឯកឧត្តមបាន​លើក​ឡើង​ទៀតថា នេះ​គឺជា​ជំនួប​ដែល​ឯកឧត្តម រំពឹង​យូរហើយ​ សម្តេច​តេ​ជោ គឺជា​រដ្ឋបុរស​ដ៏​ល្បីល្បាញ (Legend) ដែល​ថ្នាក់ដឹកនាំ​នៅ​លើ​ពិភពលោក​គួរ​យក​គំរូ​តាម ​។

លោកប្រធានរដ្ឋសភា ​ថា ស​ម្តេច​តេ​ជោ បាន​បូជាលះបង់​យ៉ាង​ធំធេង និង​ជា​មគ្គទ្ទេសក៍​ឆ្នើម ក្នុង​បុព្វហេតុ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​ ជា​ធ្លុង​មួយ នាំ​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​រហូត​មក​ដល់​បច្ចុប្បន្ន ​។

ធៀប​នឹង​ឆ្នាំ​២០០០ ដែល​ឯកឧត្តម ​បាន​មក​កម្ពុជា ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​នូវ​ភាព​ស្ងប់​ស្ងែ​ង អំពី​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ដែល​សមិទ្ធផល​ទាំងនេះ ​មិន​អាច​កើត​មាន​ឡើយ ប្រសិនបើ​គ្មាន​គំនិត​ផ្តួចផ្តើម និង​មគ្គទ្ទេសក៍​ដ៏​ឆ្លើ​ម​របស់​សម្តេច​តេ​ជោ​ ។

ឯកឧត្តម ចង់ឱ្យ​ថ្នាក់ដឹកនាំ និង​យុវជន​អាស៊ាន​ជំនាន់​ក្រោយ ធ្វើការ​សិក្សា ​និង​ឈ្វេងយល់​អំពី​គំរូ​វីរភាព និង​ស្នាដៃ​របស់​សម្តេច​តេ​ជោ ដែល​ជា​ថ្នាក់ដឹកនាំ​គំរូ និង​គួរ​ឱ្យ​គោរព​នៅ​អាស៊ី​អាគ្នេយ៍​ ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អ្នក​បន្តវេន ​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។ តាម​រយៈ​ជំនួប​កាលពី​ឆ្នាំ​មុន ឯកឧត្តម ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ថា ​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​វ័យក្មេង​ ប្រកបដោយ​ភាព​រស់​រវើក សមត្ថភាព ចក្ខុវិស័យ និង​ថាមពល ​។

ឯកឧត្តម បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន ម៉ា​ឡេ​ស៊ី ចង់​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ធនាគារ ជា​ពិសេស ការ​ផ្លាស់​ប្តូរ មិន​ត្រឹមតែ​កម្រិត​សមាជិក​-​សមាជិកា​សភា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​និស្សិត​ផង​ដែរ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ម៉ា​ឡេ​ស៊ី​ ។

ឯកឧត្តម​ប្រធានរដ្ឋសភា បាន​លើក​ឡើង​បន្ថែម​ថា អាស៊ាន​គួរតែ​រីក​ចម្រើ​ន​ជាមួយ​គ្នា ព្រោះ​អាស៊ាន មាន​ទាំង​ប្រជាជន ថវិកា ទ្រព្យ និង​ការ​យោគយល់​អា​ធ្យា​ស្រ័យ​គ្នា ​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​ក្រុម (block) ប្រជាជាតិ​តែ​មួយ និង​តម្រូវ​ឱ្យ​យើង​កសាង​នូវ​ទំនុកចិត្ត សាមគ្គី​គ្នា​ធ្លុង​មួយ ក្នុង​ការ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន ​ជាមួយ​គ្នា ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ​ ។

ឯកឧត្តម​ប្រធានរដ្ឋសភា បាន​បន្ត​ថា តាង​នាម​ឱ្យ​រដ្ឋសភា​ម៉ា​ឡេ​ស៊ី ឯកឧត្តម ទន្ទឹងរង់ចាំ​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ពង្រឹង​សន្ទុះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទំនាក់ទំនង​អាស៊ាន​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ​។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានរដ្ឋសភា ចំពោះ​ការ​លើក​ឡើង​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​វឌ្ឍនភាព​ក្នុង​អាស៊ាន ជា​ពិសេស ការ​វាយតម្លៃ​ខ្ពស់​លើ​តួនាទី​របស់សម្តេច​ ។

សម្តេច​តេ​ជោ ក៏​បាន​ចែករំលែក​ពី​ការ​លំបាក​ពី​អតីត​កាល ដែល​កម្ពុជា​បាន​ឆ្លងកាត់ និង​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច កម្ពុជា​អាច​សម្រេច​បាន​នូវ​ការ​ឯកភាព​គ្នា សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៥០០​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ឆ្លៀតឱកាស​នេះ សម្តេច​តេ​ជោ បាន​សម្តែង ​នូវ​ការ​ចូលរួម​អបអរសាទរ ដែល​ម៉ា​ឡេ​ស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី៤៦ និង​៤៧ និង​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម Dato Seri Anwar bin Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដែល​បាន​តែងតាំងសម្តេច​តេ​ជោ ជាទី​ប្រឹក្សា​លើ​កិច្ចការ​អាស៊ាន ដែល​នេះ ​គឺ​កិត្តិយស​ដ៏​ធំធេង​សម្រាប់​សម្តេច ​។

សម្តេច​តេ​ជោ ក៏​បាន​រំឭក​អំពី​ទំនាក់ទំនង​ល្អ​រវាង​សម្តេច និង ឯកឧត្តម Dato Seri Anwar bin Ibrahim តាំងពី​ឆ្នាំ​១៩៩៥​។ នា​ឆ្នាំ​២០២៣ ឯកឧត្តម Dato Seri Anwar bin Ibrahim បាន​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​សុ​ខុ​ដុម​នី​យ​កម្ម​រវាង​សាសនា​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ