រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រើវិធានការរដ្ឋបាលចុះរុះរើកាត់សំយាប និងប៉ាណូរោងតូបលក់ដូរ ដែលបានសាងសង់រំលោ.ភយកចិញ្ចឹមផ្លូវធ្វើអាជីវកម្មលក់ដូរ នៅតាមបណ្ដោយផ្លូវបេតុង(ផ្លូវQMI) ដែលតែងតែបង្កអោយកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។
ការប្រើវិធានការរដ្ឋបាលនេះធ្វើឡើង កាលពីវេលាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវបេតុងដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតទៅដល់រោងចក្រQMI ដែលស្ថិតនៅក្នុងភូមិជម្ពូវ័នទី២,ភូមិព្រៃព្រីងខាងជើង២ និងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការចូលរួមពីគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ ៣ផងដែរ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍ដែនជ័យបានឲ្យដឹងថា ការប្រើវិធានការរដ្ឋបាលនេះធ្វើឡើង តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សក់ ច័ន្ទ កញ្ញារិទ្ធអភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបើកផ្លូវឲ្យធំទូលាយ ដើម្បីរំដោះចរាចរណ៍ដែលតែងតែកក់ស្ទះ ។
ម្យ៉ាងទៀតជាការចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង ។ លោកប៉ាង លីដា បានឱ្យដឹងទៀតថា មុនការប្រើវិធានការរដ្ឋបាលអាជ្ញាធរខណ្ឌ សង្កាត់ចោមចៅ ទី៣បានចុះទៅវាស់វែងកំណត់ចិញ្ចើមផ្លូវ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលសាងសង់រោង តូបលក់ដូរនៅតាមដងផ្លូវឲ្យរុះរើដោយខ្លួនឯង តែអាជីវករមួយចំនួនមិនបានស្ដាប់តាមការណែនាំឡើយ ទើបអាជ្ញាធរប្រើវិធានការរដ្ឋាបាលចុះមករុះរើកាត់ចេញតែម្ដង ។
គួរបញ្ជាក់ថា កំណាតផ្លូវនេះ ជាផ្លូវធំសម្រាប់រំដោះចរាចរណ៍ដែលមានទទឹងប្រវែង១៨ម៉ែត្រ ហើយត្រូវបានជាពលរដ្ឋរស់នៅតាមដងផ្លូវសាងសង់សំយាបតូបលក់ដូររំលោ.ភយកចិញ្ចឹមផ្លូវធ្វើអាជីវកម្មធ្វើអោយផ្លូវមានលក្ខណៈទៅចង្អៀត តែងតែបង្កអោយមានការកកស្ទះចរាចររាល់ថ្ងៃ ទាំងនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសពេលម៉ោងដែលកម្មកររោងចក្រចេញពីធ្វើការតែម្ដង ។
ទន្ទឹមនឹងការប្រើវិធានការរដ្ឋបាលរបស់អាជ្ញាធរប្រជាពលរដ្ឋដែល និងអបអរសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ។ ទោះបីជាយ៉ាងណាប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ចំណុចដែលកកស្ទះខ្លាំងជាងគេ គឺនៅចំណុចផ្សារត្រពាំងពោធិ៍ហៅផ្សារ QMI ដែលត្រូវបានប្រជាពលរដ្ឋរស់នៅសងខាងផ្លូវយកដងផ្លូវធ្វើជាតូប រោង លក់ រឿងខ្លះទៀតធ្វើជាផ្ទះជួលទៅឲ្យអាជីវករ ។ លក់ដូររំលោ.ភចិញ្ចើម និងដងផ្លូវរហូតដល់កន្លែងខ្លះនៅសល់ប្រមាណតែ៤ម៉ែត្រប៉ុណ្ណោះ ជាហេតុធ្វើឲ្យយានយន្តជាពិសេសរថយន្តដឹកសំរាមធ្វើដំណើរឆ្លងកាត់មានការពិបាក និងកកស្ទះចរាចរណ៍ជាប្រចាំ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក៏ទទូចស្នើសុំដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តចុះរៀបចំសណ្តាប់ធ្នាប់ រុះរើកាត់តូបលក់ដូរ និងតូបជួលដែលសង់រំលោ.ភលើដងផ្លូវនៅចំណុចផ្សារត្រពាំងពោធិ៍នោះផងដើម្បីឲ្យដងផ្លូវធំមួយនេះបានធ្វើដំណើរចេញចូលបានស្រួលប្រសើរឡើងវិញ ៕
ចែករំលែកព័តមាននេះ