រាជធានីភ្នំពេញ ៖ រថយន្តគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដែលត្រូវបានគេឃាត់ទុកអស់រយៈពេល ១១ថ្ងៃ បន្ទាប់ពីអាជ្ញាធរចុះទៅដកហូតគ្រឿងសំណង់នៅការដ្ឋានសាងសង់ឃ្លាំងមួយអត់ច្បាប់ ត្រូវបានអាជ្ញាធរចុះទៅយកមកវិញហើយ កាលពីព្រឹកថ្ងៃទី១៧ មករា នេះ បន្ទាប់ពីមានការសុំទោសជាសាធារណៈពីសំណាក់ម្ចាស់ការដ្ឋាន ។
ការដ្ឋានដែលឃាត់រថយន្តអាជ្ញាធរនោះ គឺស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ឈួន គីមស្រៀង ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅនៅភូមិតាផេនសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា អាជ្ញាធរខណ្ឌបានធ្វើការសម្របសម្រួល បន្ទាប់ពីម្ចាស់ការដ្ឋានបានធ្វើលិខិតសុំទោសជាសាធារណៈ ដោយទទួលកំហុសដោយខ្លួនយល់ច្រឡំថា ពាក្យស្នើសុំអនុញ្ញាតសាងសង់គឺជាច្បាប់ ហើយថែមទាំងមានការរារាំងអាជ្ញាធរដោយឃាត់រថយន្តទុក បន្ទាប់ពីអាជ្ញាធរបានចុះទៅដកហូតសម្ភារសំណង់ដែលសាងសង់អត់ច្បាប់ ។
នៅចំពោះមុខអាជ្ញាធរ ស្ត្រីឈ្មោះឈួន គឹមស្រៀង បានឱ្យដឹងថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ពេលដែលអាជ្ញាធរខណ្ឌកំបូលបានចុះដកហូតគ្រឿងសំណង់ គាត់មានការយល់ច្រឡំថា សំណង់របស់គាត់មានច្បាប់អនុញ្ញាតសាងសង់ចេញពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ហើយធ្វើការតវ៉ាបានប្រើពាក្យមិនសមរម្យមកលើអាជ្ញាធរថែមទាំងឃាត់រថយន្តគណៈបញ្ជាការឯកភាពខណ្ឌទុក ។
លោកស្រីម្ចាស់ការដ្ឋានក៏បានសុំទោសលោកអភិបាល លោកអភិបាលរង ខណ្ឌកំបូល និងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌកំបូលជាសាធារណៈចំពោះកំហុសឆ្គងដោយអចេតនារបស់នាងខ្ញុំនិងសង្ឃឹមថា លោកអភិបាលខណ្ឌមិនប្រកាន់ចំពោះកំហុសឆ្លងដែលគាត់ពុំបានយល់ដឹងពីច្បាប់ និងសុំសាធារណៈជនកុំមានការយល់ច្រឡំចំពោះការបំពេញតួនាទីនិងភារកិច្ចរបស់អាជ្ញាធរខណ្ឌកំបូលឡើយ។
គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌកំបូលបានចុះឃាត់សំណង់និងដកហូតយកសម្ភារមួយចំនួន បន្ទាប់ពីអាជ្ញាធរបានធ្វើការហាមឃាត់និងណែនាំដល់ម្ចាស់ការដ្ឋានសាងសងឃ្លាំងចំនួន២លើក អោយសុំច្បាប់អោយបានត្រឹមត្រូវ ។
ខណៈនោះ ម្ចាស់ការដ្ឋានបានបិទផ្លួវ និងធ្វើការរារាំងឃាត់រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌកំបូលទុក ហើយរហូតមកដល់ថ្ងៃទី១៦ ខែមករា ម្ចាស់ការដ្ឋានក៏បានទៅសម្របសម្រួលនិងសុំទោសដល់អាជ្ញាធរមូលដ្ឋានហើយអាជ្ញាធរនិងសមត្ថកិច្ចក៏បានចុះមកយករថយន្តនោះត្រឡប់ទៅវិញ៕
ចែករំលែកព័តមាននេះ