រាជធានីភ្នំពេញ ៖ អាជ្ញាធរបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលលួចលាក់បង្កប់ឆ្នោតវៀតណាម និងឡូតូ ហើយឃាត់ខ្លួនមនុស្សស្រី ០៣នាក់ កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអោយដឹងថា ក្រោយពីទទួលបាននូវព័ត៌មានពីប្រជាពលរដ្ឋ ថា មានទីតាំងផ្ទះមួយកន្លែង បង្កប់បើកលេងល្បែងស៊ីសង ប្រភេទឡូតូ និងកត់ឆ្នោតវៀតណាម។ ភ្លាមៗលោកបានបញ្ជាទៅលោក ឌី សុខខែម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជារខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងឡូតូ និងឆ្នោតវៀតណាមតែម្តង ។
ជាលទ្ធផល កម្លាំងបានធ្វើការដកហូតសម្ភារៈមួយចំនួន ដូចជា៖ រួមមានទូរសព្ទដៃ ០៣គ្រឿង, ម៉ាស៊ីនកត់កន្ទុយលេខ ០១គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, កុំព្យូទ័រលើតុ ១គ្រឿង និងបានឃាត់ខ្លួនមនុស្សស្រី ចំនួន០៣នាក់ នាំទៅកាន់សាលាខណ្ឌមានជ័យ ហើយបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឲ្យបញ្ឈប់បើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្នុងករណីនៅបន្តជួលបើកល្បែងស៊ីសងខុសច្បាប់ទៀត អាជ្ញាធរនឹងអនុវត្តន៍តាមផ្លូវច្បាប់។ ចំណែកមនុស្សស្រីចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពន់ទី០១ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ