រាជធានីភ្នំពេញ ៖ ម៉ូតូប្រមាណជិត២០គ្រឿងបានរអិលដួលជាបន្តបន្ទាប់ បណ្ដាអោយរងរបួសជាច្រើននាក់ ដោយសាររអិលប្រេងម៉ាស៊ីនដែលកំពប់នៅលើដងផ្លូវ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវបេតុងចូលទៅរោងចក្រ QMI មុខវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលសិស្ស និងអ្នកដំណើរបានធ្វើដំណើរចាកចេញពីលំនៅដ្ឋានទៅសាលារៀន និងទៅធ្វើការប្រកបមុខរបររកស៊ី នៅពេលធ្វើដំណើរតាមផ្លូវបេតុងជិតដល់ផ្លូវជាតិលេខ៤ មុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ក៏បានជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារតែរអិលប្រេងម៉ាស៊ីន ដែលហូរធ្លាក់ពេញផ្លូវ ។
តាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឲ្យដឹងថា នៅវេលាព្រឹកនោះមានរថយន្តមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានហូរប្រេងងចេញពីម៉ាស៊ីនធ្លាក់ពេញផ្លូវ ។
ស្របពេលនោះ អ្នកដំណើរមកពីក្រោយបានមកដល់ ហើយរអិលដួលជាបន្តបន្ទាប់ ។ ម៉ូតូប្រមាណជិត២០គ្រឿងបានដួល និងរងរបួសជាបន្តបន្ទាន់ ភាគច្រើនជាអ្នកជិះម៉ូតូអាណាព្យាបាលជូនសិស្សទៅសាលារៀន និងម៉ូតូកូនសិស្សដែលធ្វើដំណើរទៅរៀន ។
តាមអាណាព្យាបាលសិស្សម្នាក់បានឲ្យដឹងថា នៅព្រឹកនោះស្ថានភាពចរាចរណ៍នៅលើដងផ្លូវមានលក្ខណៈចង្អៀត ហើយគាត់ក៏បានធ្វើចរាចរណ៍យឺតៗហើយបានជាន់ហ្វ្រាំងក៏រអិលដួលតែម្ដង បណ្ដាលឱ្យរងរបួសជើង និងដៃ ហើយកូនស្រីបានរងរបួសរលត់ជើងផងដែរ ។
ទន្ទឹមនឹងនោះ អ្នកដំណើរ និងសិស្សផ្សេងៗទៀតមកពីក្រោយក៏បានជួបគ្រោះថ្នាក់ដួលម៉ូតូ៣គ្រឿងជាបន្តបន្ទាប់គ្នាដែរ ។ បន្ទាប់ពីមានគ្រោះថ្នាក់ជាបន្តបន្ទាប់ប្រជាការពារសង្កាត់ចោមចៅទី៣ ម្នាក់ដែលតែងតែធ្វើចរាចរណ៍នៅមុខផ្សារឯករាជ្យ២ ក៏បានយកធុងមកដាក់ធ្វើជាផ្លាក សញ្ញាឲ្យមានការប្រុងប្រយ័ត្ន និងយកទុយោទឹកពីអ្នកជិតខាងមកបាញ់លាងផ្លូវ ដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ ។
ប្រជាពលរដ្ឋក៏បានសំណូមពរផងដែរដល់អាជ្ញាធរ និងសមត្ថកិច្ចជួយមានវិធានការចំពោះយានយន្ត ឬក៏អ្នកធ្វើដំណើរដែលធ្វើឲ្យកំពប់ប្រេងម៉ាស៊ីនធ្លាក់លើដងផ្លូវបង្កគ្រោះថ្នាក់ហើយទៅបាត់ដោយមិនទទួលខុសត្រូវ ។ កន្លងមក ប្រេងម៉ាស៊ីនដែលកំពប់នេះតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ៕
ចែករំលែកព័តមាននេះ