រាជធានីភ្នំពេញ ៖ ខ្សែទឹកទន្លេទាំងពីរទន្លេមេគង្គ និងទន្លេសាប បានរំលេចចេញជាពីរពណ៌ផ្សេងគ្នា និងមិនរលាយចូលគ្នាដែលបានបង្កើតជាផ្ទាំងទស្សនីយភាពក៏ដូចជា ទិដ្ឋភាពដ៏ប្លែកបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមអាជ្ញាធរបឹងទន្លេសាប ។
អាជ្ញាធរបឹងទន្លេសាប នៅថ្ងៃទី១៤ មករា ឆ្នាំ២០២៥ បានលើកឡើងតាមបណ្តាញសង្គម នៅថ្ងៃទី១៤ មករា ឆ្នាំ២០២៤ថា ទិដ្ឋភាពប្លែកទឹកទន្លេពណ៌ពីរផ្សេងគ្នាបង្កើតការចាប់អារម្មណ៍នៃការប្រសព្វខ្សែទឹកទន្លេមេគង្គ និងទន្លេសាប ។
ប្រភពបន្តថា បើតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ទឹកទន្លេ គឺមានធាតុផ្សំ និងមានសារធាតុរលាយខុសៗគ្នា ។ មូលហេតុ ដែលទឹកទន្លេមិនរលាយចូលគ្នានេះ គឺបណ្តាលមកពី : ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា, ដង់ស៊ីតេនៃទន្លេទាំងពីរខុសគ្នា, ទឹកទន្លេមានលំហូរបញ្ច្រាសទិសគ្នា និងល្បឿនលំហូរទឹកមានលក្ខណៈលឿន ឬយឺតជាងគ្នា ។
អាជ្ញាធរបឹងទន្លេរសាបបានលើកឡើងថា លំហូរទឹកពីទន្លេមេគង្គនៃផ្ទៃអាងខាងលើ ត្រូវបានបង្វែរយ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុ ដែលកើតឡើងក្នុងរយៈពេលរដូវខ្យល់មូសុងប្រាំង និងវស្សា ។ ជាទូទៅកម្រិតទឹកទន្លេមេគង្គ មានការប្រែប្រួលចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ដែលកម្រិតកម្ពស់ទឹកទាបកើតឡើងពីខែកុម្ភៈ ដល់ខែមីនា និងរដូវទឹកជំនន់កើតឡើងចាប់ពីខែមិថុនា ដល់ខែធ្នូ ប្រមាណ ៨៥-៩៥% នៃធារទឹកសរុបប្រចាំឆ្នាំ ។
ទឹកជំនន់ប្រចាំឆ្នាំតែងតែជន់លិចផ្ទៃដីធំនៃភាគខាងត្បូងប្រទេសកម្ពុជា និងវៀតណាម នៃផ្ទៃអាងខាងក្រោមបឹងទន្លេសាប និងចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាបនៅរាជធានីភ្នំពេញ ។ នៅរដូវវស្សា (ឧសភា-តុលា) បរិមាណទឹកទន្លេមេគង្គមានការកើនឡើងខ្លាំងដោយសារភ្លៀងធ្លាក់ និងទឹកកកររលាយពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ដែលបណ្ដាលឱ្យល្បឿនលំហូរទឹកលឿន និងខ្លាំងនាំយកកករមកតិច ទាំងសារធាតុសរីរាង្គ និងអសរីរាង្គ បើប្រៀបធៀបទៅនឹងទន្លេសាប ដែលធ្វើឱ្យទឹកទន្លេមេគង្គមានពណ៌ថ្លាជាង និងខៀវជាង ។
ប្រភពបន្តថា ស្របគ្នានេះដែរ លំហូរទឹកទន្លេសាប ហូរបញ្ច្រាសដោយសារកម្ពស់ទឹកទន្លេមេគង្គខ្ពស់ ដែលនាំមកនូវកករច្រើនពីតំបន់ទំនាបលិចទឹកចូលក្នុងទន្លេសាប បង្កអោយទឹកទន្លេសាបមានសភាពល្អក់ និងមានពណ៌ត្នោត ។ ភាពខុសគ្នានេះបង្កើតព្រំដែនធម្មជាតិដែលធ្វើឱ្យខ្សែទឹកទន្លេទាំងពីរមិនងាយរលាយជាមួយគ្នា។ ទន្លេសាប និងបឹងទន្លេសាប ដើរតួនាទីជានិយ័តករធម្មជាតិ នៃទឹកជំនន់របស់អាងទន្លេមេគង្គខាងក្រោម ដោយបន្ថយកម្រិតអតិបរមានៃទឹកជំនន់នៅដើមរដូវទឹកជំនន់ និងដោយបង្កើនការហូរនៅរដូវប្រាំង ។
នៅរដូវទឹកជំនន់ការហូរខ្លាំងនៃទឹកនៅក្នុងទន្លេមេគង្គ បណ្តាលអោយមានការហូរច្រាសទៅបឹងទន្លេសាប ធ្វើឱ្យទឹកនៅបឹងទន្លេសាបកើនយ៉ាងខ្លាំង និងជន់លិចព្រៃលិចទឹក ដែលនៅជុំវិញបឹងទន្លេសាប ។ នៅរដូវប្រាំងទឹកបឹងទន្លេសាប បានហូរចេញតាមរយៈទន្លេសាប រួចហូរចូលទៅទន្លេមេគង្គ និងបន្ថយការហូរទៅក្នុងទន្លេមេគង្គប្រមាណ ១៦% ។
សូមជម្រាបផងដែរថា ទិដ្ឋភាពកើតឡើងនៅប្រទេសកម្ពុជា ក៏មានកើតឡើងនៅប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ ដែលធ្វើអោយទឹកទន្លេមានពណ៌ខុសគ្នា និងមិនអាចរលាយចូលគ្នាបាន ដូចជា ៖ – ទន្លេ Rio Negro និង Solimoes (ប្រទេសប្រស៊ីល) – ទន្លេ Thompson និង Fraser (ប្រទេសកាណាដា) – ទន្លេ Bhagirathi និង Alaknanda (ប្រទេសឥណ្ឌា) – ទន្លេ Danube និង Inn (ប្រទេសអាល្លឺម៉ង់) – ទន្លេ Rhone និង Arve (ប្រទេសស្វីស) – ទន្លេ Green និង Colorado (សហរដ្ឋអាមេរិក)៕
ចែករំលែកព័តមាននេះ