ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​បា.ញ់​មីស៊ីល

16 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​អះ​អាង​ថា​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ដែល​បាញ់​កាល​ពី​ព្រឹក​មិញ​នោះបាន​ធ្លាក់​​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច​មុខ​របស់​ជប៉ុន​។ ដូច្នេះ​ គ្មាន​បញ្ហា​ចោទ​​ខ្លាំង​ពេក​ចំពោះ​​​អធិបតេយ្យ​ភាព​ជាតិ និង​សន្តិ​សុខ​ជាតិ​របស់​ជប៉ុន​ទេ​។ អ្នក​នាំ​ពាក្យ​ជប៉ុន​ លោក​ហាយ៉ា​ស៊ី ថ្លែង​ថា​យើង​មិន​បាន​ឃើញ​គ្រាប់​មីស៊ីល​នោះ​ធ្លាក់​ទៅ​លើ​តំបន់​ត្រួត​ត្រា​របស់​ជប៉ុន​ទេ​ ហើយ​ក៏​គ្មាន​ការ​ការ​ខូច​ខាត​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​ជប៉ុន​នោះ​ដែរ​។ ប៉ុន្តែ​លោក​យល់​ថា​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ពង្រឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។…

ទី​ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​អះ​អាង​ថា​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ដែល​បាញ់​កាល​ពី​ព្រឹក​មិញ​នោះបាន​ធ្លាក់​​នៅ​ខាង​ក្រៅ​តំបន់​សេដ្ឋ​កិច្ច​ផ្ដាច​មុខ​របស់​ជប៉ុន​។ ដូច្នេះ​ គ្មាន​បញ្ហា​ចោទ​​ខ្លាំង​ពេក​ចំពោះ​​​អធិបតេយ្យ​ភាព​ជាតិ និង​សន្តិ​សុខ​ជាតិ​របស់​ជប៉ុន​ទេ​។ អ្នក​នាំ​ពាក្យ​ជប៉ុន​ លោក​ហាយ៉ា​ស៊ី ថ្លែង​ថា​យើង​មិន​បាន​ឃើញ​គ្រាប់​មីស៊ីល​នោះ​ធ្លាក់​ទៅ​លើ​តំបន់​ត្រួត​ត្រា​របស់​ជប៉ុន​ទេ​ ហើយ​ក៏​គ្មាន​ការ​ការ​ខូច​ខាត​ចំពោះ​ផល​ប្រយោជន៍​ជាតិ​របស់​ជប៉ុន​នោះ​ដែរ​។

ប៉ុន្តែ​លោក​យល់​ថា​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ពង្រឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​។ ពួក​គេ​​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​​ជា​ញឹក​ញាប់​​​បែប​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​ភាព​ និង​សន្តិ​សុខ​របស់​ជប៉ុន​ក៏​ដូច​ជា​នៅ​​ក្នុង​តំបន់​ និង​សហ​គមន៍​អន្តរជាតិ​។ គួរ​កត់​សម្គាល់​ថា​​​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​ចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​។

ដូច្នេះ​ហាក់​ដូច​ជា​ចង់​ធ្វើ​តេស្ត​ភាព​អត់​ធ្មត់​របស់​អាមេរិក​ ឬ​យ៉ាង​ណា​ក៏​គ្មាន​នរណា​អាច​ទស្សន៍​ទាយ​ដឹង​បាន​ឡើយ​។ ​យោង​តាម​ក្រុម​អ្នក​ស៊ើប​ការណ៍​កូរ៉េ​ខាង​ត្បូង គ្រាប់​មីស៊ីល​ទាំង​នោះហោះ​បាន​ចម្ងាយ​២៥០​គីឡូ​ម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ម៉ោង​៩:០​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ អគ្គ​សេនាធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​គ្រាប់​មីស៊ីល​ទាំង​នោះ​ធ្លាក់​ក្បែរ​ព្រំ​ដែន​ប្រទេស​ចិន​។

ទោះ​បី​ជប៉ុន​មិន​សូវ​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ក្លា​ចំពោះ​ការ​បាញ់​មីស៊ីល​​​នេះ ​ប៉ុន្តែ​កូរ៉េ​ខាង​ត្បូង​​​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​។ ប្រធានា​ធិប​តី​ស្ដីទី​កូរ៉េ​ខាង​ត្បូង លោក​ឆយ​សាង​ម៉ុក ចាត់​ទុក​ថា​នេះ​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ​ណាស់​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ លោក​ប្ដេជ្ញា​ថា​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ដ៏​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ទង្វើ​ដែល​លោក​ហៅ​ថា​ជា​ការ​បង្ក​ហេតុ​របស់​ទី​ក្រុង​ព្យុង​យ៉ាង​។ កូរ៉េ​ខាង​ត្បូង​នឹង​បន្តសហ​ការ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ដើម្បី​រក​វិធី​ទប់​ទល់​។

ក្រុម​អ្នក​ជំនាញ​ការ​នយោបាយ​ និង​សន្តិ​សុខ​ជាតិ​យល់​ថា​ការ​ដែល​របប​ក្រុង​ព្យុង​យ៉ាង​បាញ់​មីស៊ីល​ថ្មី​ៗ​នេះ​អាច​ជា​​ចេត​នា​ផ្ញើ​សារ​នយោបាយ​ទៅ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​។ កូរ៉េ​ខាង​ជើង​ទំនង​ជា​ចង់​ដាក់​សម្ពាធ​មុន​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ​នៅ​អាណត្តិ​ទី​២​។ នេះ​បើ​យោង​តាម​លោក​យ៉ាង​មូ​ជីន​ (Yang Moo-jin) ជា​ប្រធាន​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​បញ្ហា​​កូរ៉េ​ខាង​ជើង​នៅ​ទី​ក្រុង​សេអ៊ូល​។​

​លោក​អាញ់​ចាន់​អ៊ីល (Ahn Chan-il) ជា​អ្នក​ផ្ដាច់​ខ្លួន​ពីរបប​ក្រុង​ព្យុង​យ៉ាង​​​ ហើយ​បច្ចុប្បន្ន​​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​។ លោក​យល់​ថា​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង ​កូរ៉េ​ខាង​ជើង​ចង់​​ក្រើន​រំលឹក​ទៅ​ពិភព​លោក​ថា​​​ខ្លួន​ជា​អ្នក​មាន​មុខ​​ម្នាក់​នៅ​ក្នុង​ឆាក​នយោបាយ​អន្តរ​ជាតិ​​។ ម៉្យាង​ទៀត​ ទី​ក្រុង​ព្យុង​យ៉ាង​​ក៏​​​ចង់​ក្រឡុក​ស្ថាន​ការណ៍​នៅ​​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​នៅ​ពេល​ប្រទេស​នេះ​​កំពុង​មាន​អស្ថិរ​ភាព​នយោបាយ​ដោយ​សារ​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​របស់​លោក​យូន​ស៊ុក​យូល​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ