ប្រទេសចិន ៖ អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុតជាកំណត់ត្រាក្នុងតម្លៃជិត ១ទី្រលានដុល្លារអាមេរិក ពោលមុនពេលការឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
យោងតាមប្រភពពីសារព័ត៌មាន Bloomberg កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា រដ្ឋបាលគយរបស់ប្រទេសចិនកាលពីថ្ងៃច័ន្ទបានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ចិនបានកើនឡើងដល់កំណត់ត្រាក្នុងតម្លៃ ៩៩២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ជាមួយការនាំចេញក្នុងកម្រិតខ្ពស់បំផុត។
បណ្តាក្រុមហ៊ុនចិនប្រញាប់ប្រញាល់នាំចេញទំនិញរបស់ពួកគេ មុនពេលការវិលត្រឡប់ទៅកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបានសន្យាថានឹងដំឡើងពន្ធខ្ពស់លើទំនិញនាំចូលមកសហរដ្ឋអាមេរិក នៅពេលដែលលោកកាន់អំណាច។
តម្លៃនៃការនាំចេញបានកើនឡើងស្ទើរតែរៀងរាល់ខែកាលពីឆ្នាំមុន ជំរុញឱ្យវាលើសពីកម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២២ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ តម្រូវការខ្លាំងពីបរទេសបានជួយផ្តល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ដែលជួបការលំបាកដោយសារតែវិបត្តិអចលនទ្រព្យ និងការប្រើប្រាស់ធ្លាក់ចុះរយៈពេលជាច្រើនឆ្នាំ។
លោក Kelvin Lam សេដ្ឋវិទូជាន់ខ្ពស់របស់ចិននៅក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវសេដ្ឋកិច្ច Pantheon Macroeconomics បានលើកឡើងថា «ជាមួយនឹងការកើនឡើងនូវភាពមិនច្បាស់លាស់ពីខាងក្រៅលើគោលនយោបាយពាណិជ្ជកម្មនៃរដ្ឋបាលលោក ត្រាំ កំណើននៃការនាំចេញរបស់ប្រទេសចិនទំនងជានឹងប្រឈមមុខនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ។ ហើយការផ្តោតទាំងអស់គឺនៅថ្ងៃទី២០ ខែមករា ដែលជាថ្ងៃដំបូងរបស់លោក ត្រាំ ក្នុងតំណែងជាប្រធានាធិបតីអាមេរិកទី៤៧ ដើម្បីមើលថា តើលោកនឹងធ្វើតាមវោហាសាស្ត្រកន្លងមក និងដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន នៅថ្ងៃការងារដំបូងដែរឬទេ?»។
ការគំរាមកំហែងពន្ធពីលោក ត្រាំ គឺជាផ្នែកមួយធ្វើឱ្យការនាំចេញរបស់ចិនកើនឡើង។ ស្របពេលការព្យាយាមដើម្បីទទួលបានអត្ថប្រយោជន៍មុនការគិតអត្រាពន្ធថ្មី ក្រុមហ៊ុននានានៅសហរដ្ឋអាមេរិក ក៏កំពុងបញ្ជាទិញបន្ថែមទៀតពីប្រទេសចិនច្រើនជាមុន។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំក្នុងខែធ្នូ ដោយឈានដល់ជិត ៤៩ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យចំនួនសរុបសម្រាប់ឆ្នាំ ២០២៤ កើនដល់ ៥២៥ពាន់លានដុល្លារ។
ទោះបីជាមានបរិមាណដឹកជញ្ជូនច្រើនក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុមនាំចេញរបស់ចិនទទួលបានប្រាក់តិចជាងសម្រាប់ផលិតផលពួកគេ ដោយតម្លៃនាំចេញបានធ្លាក់ចុះអស់រយៈពេលជាងមួយឆ្នាំ ដោយសារបរិត្តផរណានៅក្នុងប្រទេសចិនកាន់តែអាក្រក់ និងជំរុញឱ្យតម្លៃទំនិញធ្លាក់ចុះ៕ ដកស្រង់ ៖ Bloomberg, Business Times និង India Times
ចែករំលែកព័តមាននេះ