ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​មួយ​ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៤១៤ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់…

រាជធានី​ភ្នំពេញ ៖ នៅ​រយៈពេល​មួយ​ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៤១៤ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ មក​រា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​ចំនួន​៤១៤ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​ប្រចាំឆ្នាំ​តាម​រយៈ​ការ​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៤១៤​គម្រោង ក្នុង​នោះ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៣៨៧​គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​២៧​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៦,៩​ពាន់​លាន​ដុល្លារ អាម​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជិត​៣២​ម៉ឺន​កន្លែង ។ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​៤១៤ គម្រោង គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​២៦៤​គម្រោង និង​គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១៥០​គម្រោង ។

ប្រភព​បញ្ជាក់​ថា ជា​រួម​ក្នុង​ឆ្នាំ​២០២៤ ការ​អនុម័ត​គម្រោង​វិនិយោគ​មានការ​កើនឡើង​ចំនួន​១៤៦​គម្រោង ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​ប្រមាណ​ជិត​៤០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ហើយ​ក្នុង​នោះ​គម្រោង​ពង្រីក​ផលិតកម្ម​បាន​កើន​ពី​២១​គម្រោង​ឡើង​មក​២៧​គម្រោង ។

ជាមួយ​គ្នា​នោះ​ដែរ CDC បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០២៤ វិស័យ​ឧស្សាហកម្ម នៅ​តែ​បន្ត​ជា​វិស័យ​លេចធ្លោ​ជាងគេ​ដោយ​បាន​ស្រូប​ទាញ​គម្រោង​វិនិយោគ ចំនួន​៣៩៤​គម្រោង​ស្មើនឹង​ប្រមាណ​៩៥% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប ខណៈ​ទុន​វិនិយោគ ក្នុង​វិស័យ​នេះ​មាន​ប្រមាណ​៤,៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចូលរួម​ចំណែក​៦៩% នៃ​ទុន​វិនិយោគ សរុប និង​មាន​កំណើន​ដល់​ទៅ​ប្រមាណ​១១០% ធៀប​នឹង​ឆ្នាំ​២០២៣ ។

ទន្ទឹម​នេះ វិស័យ​កសិកម្ម និង​ក​សិ​- ឧស្សាហកម្ម មាន​ចំនួន​៨​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ជាង ១២១​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​២%, វិស័យ​ទេសចរណ៍ មាន​ចំនួន​៤​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៧៣៨​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​១១%, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេង​ៗ មាន​គម្រោង​វិនិយោគ​ចំនួន ៨​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប ប្រមាណ​ជាង ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​ប្រមាណ ១៨% នៃ​ទុន​វិនិយោគ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ