រាជធានីភ្នំពេញ ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គ្រោងនឹងធ្វើឡើងនាខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា ។
ដើម្បីត្រៀមកន្លែងរៀបចំ ព្រះរាជពិធីនេះ នារសៀលថ្ងៃទី១៣ ខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ ទីតាំងព្រះ រាជពិធី ដែលមានទីតាំងនៅលើកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងឱកាសនោះ ក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា នៅជាប់ខាងត្បូង ឈាងខាងកើតស្ពានកោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងទំហំដីនេះ សម្តេចមហាមន្ត្រី គុយ សុផល ក៏ដូចជាលោក ឃួង ស្រេង បានណែនាំឱ្យផ្នែកជំនាញ រុះរើរោង និងតង់លក់អាហារចេញ និងណែនាំអោយដាំស្មៅក្នុងទីតាំងនេះ អោយបានស្រស់ស្អាតផងដែរ ។
គួរបញ្ជាក់ថា ព្រះរាជពិធី ច្រត់ព្រះនង្គ័លកម្ពុជា គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាមប្រតិទិនព្រះពុទ្ធសាសនា តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់ នៃឆ្នាំចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះ ត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និងរៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែ ដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម ៕
ចែករំលែកព័តមាននេះ