ទីក្រុងកៀវ៖ លោកហ្សេឡិនស្គីថ្លែងថាលោកចង់យកទាហានកូរ៉េខាងជើងដែលអ៊ុយក្រែនទើបតែចាប់បានកាលពីពេលថ្មីៗនេះដូរគ្នាជាមួយឈ្លើយសឹកជនជាតិអ៊ុយក្រែនដែលត្រូវរុស្ស៊ីចាប់បាន។ លោកចង់ប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យលោកគីមជុងអ៊ុនដោយផ្ទាល់តែម្ដងបើសិនលោកអាចនិយាយបញ្ចុះបញ្ចូលជាមួយរុស្ស៊ីបាន។
លោកហ្សេឡិនស្គីថ្លែងនៅលើបណ្ដាញអ៊ិចថាបន្ទាប់ពីចាប់បានទាហានកូរ៉េខាងជើងជាលើកដំបូង អ៊ុយក្រែនគង់តែចាប់បានពួកគេបន្ថែមទៀតជាមិនខានឡើយ។ យូរឬឆាប់គង់តែចាប់បានទៀត។ កាលពីថ្ងៃសៅរ៍ លោកថ្លែងថាអ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង២នាក់នៅតំបន់ខឺសដែលជាករណីចាប់បានទាំងរស់ជាលើកដំបូង។ កាលពីមុននេះ អ៊ុយក្រែនក៏ធ្លាប់ចាប់បានផងដែរ។ ប៉ុន្តែទាហានកូរ៉េខាងជើងទាំងនោះរងរបួសធ្ងន់ធ្ងរពេក ម៉្លោះហើយពួកគេបានស្លាប់បាត់ទៅ។
អ៊ុយក្រែន និងក្រុមបស្ចិមប្រទេសប៉ាន់ស្មានថាទាហានកូរ៉េខាងជើងដែលបញ្ជូនទៅរុស្ស៊ីមានប្រហែល១១០០០នាក់ដើម្បីចូលរួមវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់ពីតំបន់ខឺសមុនពេលលោកត្រាំស្បថចូលកាន់តំណែង។ រុស្ស៊ីមិនបដិសេធ ហើយក៏មិនទទួលស្គាល់ថាមានទាហានកូរ៉េខាងជើងនៅលើទឹកដីរបស់ខ្លួនទេ។ គ្រាន់តែថាអ្នកនាំពាក្យវិមានក្រឹមឡាំង និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីធ្លាប់ព្រលយពាក្យថាបើទុកជារុស្ស៊ី និងកូរ៉េខាងជើងពង្រីកកិច្ចសហការដល់កម្រិតណាក៏ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរតែប៉ុណ្ណោះ។
លោកហ្សេឡិនស្គីអះអាងថារុស្ស៊ី និងកូរ៉េខាងជើងបានបាត់បង់កម្លាំងប្រយុទ្ធអស់ច្រើនណាស់ខ្ទង់ម៉ឺននាក់ឯណោះគិតទាំងស្លាប់ និងរបួស។ យោងតាមលោកហ្សេឡិនស្គី រុស្ស៊ីបាត់បង់កម្លាំងប្រយុទ្ធយ៉ាងតិច៣៨០០០នាក់ ចំណែកកូរ៉េខាងជើងបាត់បង់កម្លាំងប្រយុទ្ធជាង៣០០០នាក់។
លោកថ្លែងថាអ៊ុយក្រែនត្រៀមខ្លួនរួចហើយដើម្បីប្រគល់ឈ្លើយសឹកជនជាតិកូរ៉េខាងជើងទៅឱ្យលោកគីមជុងអ៊ុនបើសិនគាត់ (គីមជុងអ៊ុន) អាចរៀបចំឱ្យរុស្ស៊ីប្រគល់ឈ្លើយសឹកជនជាតិអ៊ុយក្រែនត្រឡប់មកវិញ។ លោកបានបង្ហោះរូបវីឌីអូឃ្លីបសួរចម្លើយបុរស២នាក់ដែលអ៊ុយក្រែនអះអាងថាជាឈ្លើយសឹកកូរ៉េខាងជើង។ បុរសម្នាក់ដេកនៅលើគ្រែដោយមានរុំរបួសនៅដៃ រីឯបុរសម្នាក់ទៀតអង្គុយស្ងៀមដោយមានរុំរបួសនៅថ្គាម។
ឈ្លើយសឹកម្នាក់ប្រាប់ថាគាត់មិនបានដឹងថាគេបញ្ជូនគាត់ទៅច្បាំងជាមួយអ៊ុយក្រែនទេ។ គេប្រាប់គាត់ថាបញ្ជូនទៅតំបន់ខឺសដើម្បីទទួលការហ្វឹកហ្វឺនយោធា។ គាត់ប្រាប់ថាមុនពេលចាប់ខ្លួននោះ គាត់សម្ងំលាក់ខ្លួននៅក្នុងទីជម្រកមួយកន្លែង។ រំលងបាន២ថ្ងៃ ទាហានអ៊ុយក្រែនក៏បានរកឃើញគាត់ និងចាប់គាត់តែម្ដង។ គាត់ប្រាប់ថាបើគេបញ្ជូនគាត់ត្រឡប់ទៅកូរ៉េខាងជើងវិញគាត់សុខចិត្តទៅ។ ប៉ុន្តែគាត់ក៏ចងរស់នៅលើទឹកដីអ៊ុយក្រែនផងដែរបើអ៊ុយក្រែនទទួលយកគាត់ឱ្យស្នាក់នៅ។
លោកហ្សេឡិនស្គីថ្លែងថាចំពោះឈ្លើយសឹកកូរ៉េខាងជើងដែលត្រូវអ៊ុយក្រែនចាប់បាន ហើយមិនចង់វិលត្រឡប់ទៅមាតុភូមិវិញ ពួកគេអាចមានជម្រើសផ្សេងទៀត។ អ្នកដែលចង់ផ្សព្វផ្សាយការពិតអំពីសង្គ្រាមជាភាសាកូរ៉េដើម្បីកុំឱ្យយុទ្ធមិត្តរបស់ខ្លួនមកផ្សងព្រេងនៅក្នុងសមរភូមិដ៏បង្ហូរឈាមនេះតទៅទៀត ពួកគេនឹងទទួលបានសិទ្ធិពិសេសអាចស្នាក់នៅអ៊ុយក្រែនបាន៕
ចែករំលែកព័តមាននេះ