ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​និង​សិក្សា​ពី​ស្ថានភាព​ផ្លូវ​៦០​ម៉ែត្រ ដើម្បី​រក​មធ្យោបាយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរា​ចរណ៍

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២៥ ឯកឧត្ដម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២៥ ឯកឧត្ដម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ផ្លូវ​៦០​ម៉ែត្រ ដើម្បី​រក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្លូវ​នេះ កាត់​បន្ថយ​បាន​នូវ​ការ​គ្រោះថ្នាក់​ចរាចរណ៍ ។

ក្រោយ​ពី​ត្រួតពិនិត្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​គ្នា​មួយ ដោយ​បាន​សម្រេច​បង្កើន​កម្លាំង​ប៉ូលិស ជាមួយនឹង​ការ​រឹត​បណ្តឹង​ការ​ផាកពិន័យ​ចំពោះ អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​លើស​ល្បឿន​កំណត់ នៅ​លើ​កំណត់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​និង​ខណ្ឌដង្កោ ។

ពាក់ព័ន្ធ​ការងារ​ខាងលើ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ ដដែល​ថា ក្នុង​ឱកាស​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នៅ​លើ​ដងផ្លូវ​៦០​ម៉ែត្រ ហៅ​ផ្លូវ​សម្ដេច​តេ​ជោ ហ៊ុន សែន ខាងលើ​នេះ ឯកឧត្ដម​ប៉េង ពោធិ​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន ក្នុង​នោះ រួម​មាន នៅ​លើ​កំណត់​ផ្លូវ​៦០​ម៉ែត្រ ត្រូវ​បង្កើន​កម្លាំងប៉ូលិស ដើម្បី​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការ​ផាកពិន័យ​ចំពោះ​អ្នកបើកបរ​លើស​ល្បឿន​កំណត់ ពោល​គឺ​កម្លាំង​ត្រូវ​អនុវត្ត​ការងារ​ដោយ​ភាព​ទទួលខុសត្រូវ និង​តឹង​រឹង​ជាង​មុន ។

ត្រូវ​គូស​គំនូស​សញ្ញា​ចរាចរណ៍​ជា​ថ្មី និង​ដាក់​ភ្លើងស្តុប​ថ្មី​បន្ថែម​ទៀត ហើយ​ក៏​នឹង​បន្ថែម​ចំណាំងផ្លាត​លើ​ផ្លូវ​នេះ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ពេល​យប់​ទាំង​ថ្ងៃ​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព ដាក់​ផ្លា​ក​សញ្ញា​កំណត់​ល្បឿន ដោយ​ចាប់ពី​ភ្លើងស្តុប​មែក​សឺ​ដែ​ស​ដល់​ស្ពាន​អាកាស «​មរតក​តេ​ជោ​»​អាច​បើកបរ​ក្នុង​ល្បឿន ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ចាប់ពី​ផ្លូវជាតិ​លេខ​២ មក​ដល់​ភ្លើងស្តុប​មែក​សឺ​ដែ​ស​កំណត់​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី និង​ឯកឧត្ដម អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចែក​មួក​សុវត្ថិ​ភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លើយ​សំណួរ​បាន​ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍ ជាមួយនឹង​ការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​គ្រប់​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ឲ្យ​បាន​នៅ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នេះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ