ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំស្វាយយាចំនួន៨០គ្រួសារ ប្រកបមុខរបរសិប្បកម្មតម្បាញក្រមាខ្វះអ្នកជួយធ្វើទីផ្សារធ្វើឲ្យខ្វះអ្នកបញ្ជាទិញ ដូច្នេះ សូមឱ្យអាជ្ញាធរជួយផ្សព្វផ្សាយរកទីផ្សារឲ្យបានទូលំទូលាយ ដើម្បីសហគមន៍អ្នកផលិតក្រមារក្សាបាននូវនិរន្តរភាពគោលនយោបាយភូមិមួយផលិតផលមួយ ជាពិសេស ថែរក្សាការតម្បាញក្រមារប្រពៃណីពីដូនតាខ្មែរឲ្យមាននិរន្តភាព ។
ការលើកឡើងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ មករា ២០២៥ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំស្វាយយាស្រុកស្វាយជ្រំ ។ បើតាមស្ត្រីឈ្មោះម៉ៅ ផេ អាយុ៧២ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា បានឲ្យដឹងថា គាត់បានប្រកបមុខរបរតម្បាញក្រមានេះតពីម្តាយរបស់គាត់ ហើយក្រោយថ្ងៃរំដោះ០៧ មករា១៩៧៩ គាត់ក៏បន្តប្រកបមុខរបរតម្បាញក្រមាប្រើប្រាស់កីបែបប្រពៃណីបុរាណ គឺក្រមាលក់ដូរដាច់គួរសម ក្រៅពីការងារធ្វើស្រែចម្ការ ។
ស្ត្រីវ័យ៧២ឆ្នាំរូបនេះបន្តថា មកដល់ឆ្នាំ២០០៣ កីតម្បាញក្រមាបានអភិវឌ្ឍន៍ពីកីតម្បាញបុរាណមកធ្វើជាសិប្បកម្មទំនើបគឺផលិតកីតម្បាញពាក់កណ្តាលស្វាយប្រវត្តិ រហូតមកជាកីតម្បាញស្វាយប្រវត្តិ ប្រើដោយម៉ាស៊ីន ផលិតក្រមារបានច្រើន មានទីផ្សារល្អប្រសើរ ម៉ូយមកប្រមូលទិញដល់ផ្ទះតែម្តង ដោយតម្រូវការក្រមារ និងឈ្នូតច្រើន អ្នកភូមិដំណាក់កន្ទួត ក៏ដូចជាប្រជាពលរដ្ឋឃុំស្វាយយាបង្កើតសិប្បកម្ម តម្បាញក្រមារស្ទើរគ្រប់ផ្ទះ ដោយធ្វើកីពាក់កណ្តាលស្វាយប្រវត្តិ និងកីតម្បាញស្វាយប្រវត្តិប្រកបមុខរបររហូតសព្វថ្ងៃ ។
លោកយាយបន្តទៀតថា ក៏ប៉ុន្តែទីផ្សារក្រមាបានធ្លាក់ចុះចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ គឺគ្មានទីផ្សាររហូតមកដល់ឆ្នាំ២០២២ ទើបមានទីផ្សាររើបៗបន្តិចបន្តួចឡើងវិញ រហូតបច្ចុប្បន្នគឺមិនទាន់មានទីផ្សារទូលំទូលាយនៅឡើយទេ ធ្វើឲ្យគ្រួសារមួយចំនួនបោះបង់មុខរបរត្បាញក្រមានេះទាំងស្រុងតែម្តង ។
ទាក់ទិនករណីនេះដែរ លោកសុខ សំអន មេឃុំស្វាយយា បានប្រាប់កោះសន្តិភាពថា ទីផ្សារក្រមាគឺមិនទូលាយទេ បច្ចុប្បន្ននេះ ធ្វើឲ្យអ្នកប្រកបមុខរបរតម្បាញក្រមាមួយចំនួនធំបានបោះបង់មុខរបរតម្បាញក្រមារនេះទាំងស្រុងតែម្តង ។
លោកមេឃុំបន្តថា ឃុំស្វាយយាមានចំនួន១៥ភូមិ ប្រជាពលរដ្ឋប្រកបមុខរបរសិប្បកម្មតម្បាញក្រមាចំនួន៤៦២គ្រួសារ ស្មើ៤៦៨កីតម្បាញ ដោយតម្រូវការក្រមាឈ្នួតខ្ពស់ ។ ហើយការបាត់បង់ទីផ្សារក្រមានេះដោយសារការផ្ទុះជំងឺកូវីដ-១៩ ។
បើកាលពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៩ ក្នុងឃុំស្វាយយា ១៥ភូមិមានអ្នកប្រកបមុខរបរតម្បាញក្រមា៤៦៨កី ពេលផ្ទុះជំងឺកូវីដ-១៩បាត់បង់ទីផ្សារក្រមាទាំងស្រុងមកដល់ឆ្នាំ២០២១ ប្រជាពលរដ្ឋមួយចំនួនចាប់ប្រកបមុខរបរតម្បាញក្រមាឡើងវិញ ក៏ប៉ុន្តែដោយមិនសូវមានម៉ូយមកបញ្ជាទិញធ្វើឲ្យសិប្បកម្មតម្បាញក្រមាមួយចំនួនធំត្រូវបោះបង់មុខរបរតម្បាញក្រមារទាំងស្រុង ទៅធ្វើការងាររោងចក្រ ។
បច្ចុប្បន្ន សិប្បកម្មតម្បាញក្រមាក្នុងឃុំស្វាយយានៅសល់តែ៨០គ្រួសារប៉ុណ្ណោះ ដោយតម្រូវការក្រមារ និងឈ្នួតនៅមានកម្រិត ។ លោកសុខ សំអន មេឃុំស្វាយយាបានមានប្រសាសន៍ថា កាលបីថ្ងៃទី១១មករា ២០២៥ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភាបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឈ្វេងយល់ការធ្វើសិប្បកម្ម តម្បាញក្រមារបស់ប្រជាពលរដ្ឋ រស់នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំផងដែរ។
នៅឱកាសនោះ លោកបណ្ឌិត សម តារា បានថ្លែងថា ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញ ដែលដូនតាខ្មែរ បានបន្សល់ទុកសម្រាប់ជាកេរ្តិ៍តំណែលតកូនចៅជាច្រើនជំនាន់មកហើយ ពីព្រោះជាផលិតផលសិប្បកម្មតម្បាញ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។
លោកបណ្ឌិតសម តារា បានផ្តល់សារសំខាន់ទៅលើគោលនយោបាយអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានសិប្បកម្មតម្បាញក្រមា ជាគោលនយោបាយមួយផ្នែកមានចក្ខុវិស័យមុតស្រួចចូលរួមថែរក្សាអភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាកេរ្ត៍តំណែលបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយៗ ដែលកើតឡើងដោយភាពអំណត់ព្យាយាមរបស់បុព្វបុរសខ្មែរ ហើយមកដល់ពេលនេះបានផ្សព្វផ្សាយក្រមាខ្មែរយ៉ាងទូលំទូលាយទាំងលើឆាកជាតិ និងអន្តរជាតិ។
បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានកោតសរសើរ និងអរគុណអាជ្ញាធរដែនដី នៅក្នុងមូលដ្ឋានស្រុកស្រុកស្វាយជ្រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬបក្ខពួកក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។
លោកបណ្ឌិត សម តារា បានអំពាវនាវប្រជាពលរដ្ឋជាពិសេសក្មេងៗ និងមនុស្សចាស់ដែលមានអាយុច្រើនត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងារ ដែលអាកាសធាតុចុះត្រជាក់ខ្លាំង ធ្វើឲ្យមានបញ្ហាសុខភាពដូចជាផ្តាសាយ និងជំងឺផ្លូវដង្ហើម ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតម្បាញក្រមា នៅស្រុកស្វាយជ្រំ លោកបណ្ឌិត សម តារា បានឧបត្ថម្ភថវិកាដល់ក្រុមការងារ ឃុំ ភូមិ និងប្រជាពលរដ្ឋម្ចាស់សិប្បកម្ម ដោយចំណាយថវិកាសរុបចំនួន ២ ,២០០ ០០០រៀល ផងដែរ៕
ចែករំលែកព័តមាននេះ