រាជធានីភ្នំពេញ ៖ ករណីមេការសំណង់ម្នាក់ ធ្លាក់ពីការដ្ឋានជាន់ទី៤២ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចខុនដូកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ៣០៦ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។
ស.ពរងគ្រោះឈ្មោះ ZHANG XIAN អាយុ ៦៣ឆ្នាំ ជាជនជាតិចិន មុខរបរជាមេការសំណង់ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកម្មករសំណង់ បានអោយដឹងថា មុនកើតហេតុ គេឃើញបុរសជាមេការខាងលើ បានឡើងពីក្រោមអគារខុនដូកំពុងសាងសង់តាមជណ្តើរយន្ត ដើម្បីត្រួតពិនិត្យការសាងសង់របស់កម្មករ លុះពេលឡើងមកដល់ជាន់ទី៤២ បុរសជាមេការបានដើរចេញពីជណ្តើរយន្តបានបន្តិច ក៏ដើរត្រឡប់ទៅក្រោយវិញ សង្ស័យភ្លេចរបស់របរនៅក្រោម ស្របពេលនោះរអិលជើងធ្លាក់ចុះមកក្រោម បណ្តាលសាកស.ពបែកជាបំណែក បង្កអោយផ្អើលកម្មករ រួមទាំងពលរដ្ឋ និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ភ្លាមៗ តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបន្តទាក់ទងទៅជំនាញចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកត្រួតពិនិត្យសពនៅទីតាំងកើតហេតុ ។ បន្ទាប់ពីត្រួតពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់អោយខាងស្ថានទូតចិន ជួយបន្តទាក់ទងរកគ្រួសារស.ព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ